សង្គមស៊ីវិល​ថាការ​អនុវត្តច្បាប់ខ្វះចន្លោះធ្វើ​ឲ្យ​បទល្មើសគ្រឿងញៀនកើនឡើង

មន្ត្រីអង្គការសង្គមស៊ីវិល​លើកឡើង​ថា ករណីជួញដូរនិង​ប្រើប្រាស់​គ្រឿង​ញៀន​កើន​ឡើង​ជិត៣០ភាគរយ ដោយសារសមត្ថកិច្ច​អនុវត្តច្បាប់លើអ្នកប្រព្រឹត្តបទល្មើស​មិនចំគោលដៅ រវាងអ្នកមានអំណាចនិ​ង​អ្នក​ក្រី​​ក្រ​។

បើតាមរបាយការណ៍រដ្ឋាភិបាល​ អ្នកញៀនគ្រឿងញៀននៅកម្ពុជាមានជិត២ម៉ឺននាក់​ (១៨ ៥៥៤ នាក់)កើនឡើង២៩.៦៣ភាគរយ បើប្រៀបធៀប​រយៈពេល១០ខែ ឆ្នាំ២០១៥និងឆ្នាំ២០១៦នេះ​ ខណៈអ្នកប្រើប្រាស់មានអាយុចាប់ពី១៨ដល់៣៥ឆ្នាំ។

ការកើនឡើងនៃអ្នកប្រើប្រាស់គ្រឿងញៀននេះ ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍និង​សន្តិភាពលោក យង់ គិមអេង មានប្រសាសន៍ថា មកពីសមត្ថកិច្ច​អនុវត្តច្បាប់មានភាពខ្វះចន្លោះ រវាងអ្នកមាននិងអ្នកក្រ ដោយថាអ្នកប្រព្រឹត្តបទល្មើសជួញដូរធំៗភាគច្រើន​ដែល​មានលុយ​និង​អំណាច ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​នោះ​ទេ​ ពោល​ចាប់តែអ្នកតូចតាចតែប៉ុណ្ណោះ​៖ «ការកើនឡើងនេះ ដោយសារថាកន្លង​មក​ អាជ្ញាធរយើង​មិន​បាន​ចាត់វិធានការឲ្យ​មានប្រសិទ្ធ​ភាព ហើយឲ្យចំគោលដៅ​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​ពិតប្រាកដ ហើយ​យើង(អាជ្ញាធរ)ចាប់បាន​តែអ្នក​តូ​ចតាច ដែល​ធ្វើ​ឲ្យ​មាន​វិសាល​ភាព​នៃការ​ពង្រីក​ទីផ្សារ​គ្រឿង​ញៀន​​របស់ឈ្មួ​ញជួញដូរគ្រឿងញៀននៅ​កម្ពុជា ​វាមាន​ល​ទ្ធ​ភាព​ពង្រីក​គ្រឿង​ញៀនបាន»។

យ៉ាងណាក៏ដោយនៅក្នុងផែនការយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនលើកទី១ ចាប់ពីដើមឆ្នាំ២០១៧ខាងមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់តាំងលោក ស ខេង និងលោក កែ គឹមយ៉ាន ជាអ្នកទទួលខុសត្រូវលើការប្រឆាំងគ្រឿងញៀន។ ក្នុងយុទ្ធសាស្ត្រនោះ រដ្ឋាភិបាលថានឹងបង្កើនការអប់រំនៅតាមសាលារៀនប្រឆាំងគ្រឿងញៀន ការបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងបង្កើនកិច្ចសហការអន្តរជាតិប្រឆាំងគ្រឿងញៀន។

ផែនការរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងស្របពេល​​ប្រធា​ធិប​តីហ្វីលីពីន លោក ឌូទើតេ ដែល​គេស្គាល់​ថា ជា​ស្តេចប្រឆំាងបទល្មើសគ្រឿងញៀន​ បាន​មក​ទស្សន​កិច្ចផ្លូវការនៅកម្ពុជា​នា​​ពាក់​​កណ្តាល​ខែធ្នូនេះ​។

នាយក​ប្រតិបត្តិ​កម្ម​វិធី​អភិវឌ្ឍន៍​ធន​ធាន​យុវជន​លោក ជាង សុខា សង្កេតឃើញថា ជាក់ស្តែងបទល្មើសគ្រឿងញៀនអាចមានការកើន​ឡើងច្រើនជាង​ការលើក​ឡើ​របស់​រដ្ឋាភិបាល​ ដោយ​ថា​បទល្មើសគ្រឿងញៀនបានកើតឡើងនៅទូទំាង២៥រាជធានីខេត្ត ជាពិសេស​នៅ​តំ​បន់ដា​ច់​ស្រយាល​។

លោក ជាង សុខា បញ្ជាក់ថា បើសមត្ថកិច្ចមិនចុះស្រាវជ្រាវទប់ស្កាត់បទល្មើសនេះឲ្យទាន់ពេលទេ លោកថាអ្នកគ្រោះថ្នាក់គឺកុមារ យុវជន នឹងធ្វើឲ្យប្រទេសជាតិជួបបញ្ហាប្រឈមនៅថ្ងៃខាងមុខ​៖ «ប្រសិន​បើ​ពល​រដ្ឋនៅក្នុង​ប្រទេសមួយដែល​ភាគច្រើនជាកុមារ និងយុវជនរហូតមានដល់ជិត៧០%នៃ ចំនួនប្រជា​ពល​រដ្ឋសរុប​ជិត១៥លាននាក់​ វាប្រឈមជាមួយទិដ្ឋភាព និងស្ថានភាពនៃគ្រឿងញៀន នោះ​ប្រទេស​កម្ពុជា​​នឹងមានហានិភ័យ អំពីគុណភាពនៃពលរដ្ឋរបស់ខ្លួនទាក់ទងនិងស្មារតី បញ្ញា សុខភាព ហើយ​នឹង​ប៉ះ​ពាល់​ទៅដល់គ្រប់វិស័យសង្គមទំាងអស់ក្នុងការអភិវឌ្ឍ»។

លើសពីនេះទៀត លោក ជាង សុខា ឲ្យដឹងទៀត​ថា បើ​តុលាការមិនអនុវត្តច្បាប់ ឈរ​លើ​គោលការណ៍ឯករាជ្យ ចំពោះអ្នកមានអំណាចឬមានលុយ ដែល​ជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀនទេ ទោះជារដ្ឋាភិបាលដាក់វិធានការទប់ស្កាត់ច្រើនយ៉ាងណា ក៏មិនមានប្រសិទ្ធភាពនោះទេ។

អ្នកប្រឹក្សាឯករាជ្យផ្នែកអភិបាលកិច្ច លោក សួន​ ប៊ុនស័ក្តិ ផ្តល់ជាយោបល់ទៅរដ្ឋាភិបាល​ឲ្យមានវិធានការអប់រំជាសាធារណៈដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ពីគ្រោះថ្នាក់នៃ​ការប្រើ​ប្រាស់​គ្រឿ​​ង​​ញៀនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ធនធានមនុស្ស និងដាក់ទណ្ឌកម្មលើអ្នកជួញដូរឲ្យធ្ងន់ធ្ងរ។

ផ្ទុយទៅវិញ លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ទៀតថា បើរដ្ឋាភិបាលមិន​ដាក់វិធានការអប់រំ និង​អនុវត្តច្បាប់​ឲ្យ​មានតម្លាភាពទេ លោកថា អាចនឹងប៉ះពាល់ដល់មុខមានរដ្ឋា​ភិបាល​៖​ «បើសិនជាការជួញ​ដូរគ្រឿងញៀន​នៅតែបន្ត​ ចំណុចនេះអាចប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិបាលទំាងមូល ត្រង់ថារដ្ឋាភិបាល​បានបណ្តែតបណ្តោយឲ្យមានការជួញដូរគ្រឿងញៀន ដែលប៉ះពាល់ដល់សង្គមកម្ពុជាជាទូទៅ»។

អ្វីដែលគួរឲ្យគត់សំគាល់ជាងនេះទៀត មន្ត្រីអង្គការសង្គមស៊ីវិល​ រកឃើញថា អ្នកទោស ដែល​ប្រើប្រាស់​និង​អ្នក​ជួញ​ដូរគ្រឿងញៀន​មួយចំនួន បានទូរសព្ទទៅសាច់​ញាតិឲ្យ​យកទៅលក់និងចែកចាយបន្ត ខណៈពួកគេ​កំពុង​ជាប់ក្នុង​ពន្ធនាគារ ផងដែរ។

មាត្រា៣២.២ថ្មី និងមាត្រា៣៣ នៃច្បាប់​ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​មានខ្លឹមសារថា ជនណានាំ​ចេញ នាំចូលសារធាតុញៀន ការលក់ ការទិញ ការដឹកជញ្ជូន ឬការប្រើប្រាស់​ គ្រឿងញៀន​បណ្តាល​​ឲ្យ​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរ និង​ប្រព្រឹត្ត​បទ​ល្មើស​ច្រើនដង ត្រូវ​ផ្តន្ទាទោសចន្លោះពី២ទៅ១០ឆ្នាំ​ និងពិន័យ​ជាប្រាក់ពី៤​លាន​រៀលទៅ២០​លានរៀល​។

​កាលពី​ខែធ្នូ ឆ្នាំ​២០១៥ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួងយុត្តិធម៌ពិនិត្យឡើងវិញនូវការស្នើ​ឈ្មោះទណ្ឌិត​​​ដែលជាប់ទោស​ដោយ​សារប្លន់និ​ងគ្រឿងញៀនមួយចំនួន ​សម្រាប់​ការ​លើកលែងទោស ដោយ​លោក​​ថា ករណី​ពាក់ព័ន្ធ​នឹងការប្លន់ ​គឺ​ជា​មុខសញ្ញា​​នៃ​ទណ្ឌិត​ដែលទើបចេញ​ពីពន្ធនាគារ។​ ប៉ុន្តែមន្ត្រីស​ង្គម​​ស៊ីវិលនៅតែរកឃើញថា បទល្មើសគ្រឿងញៀននៅតែបន្តកើនឡើងដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ