ពលរដ្ឋខ្មែរនៅអាមេរិកសុំឲ្យក្រុមហ៊ុនប្រេង Chevron បង្ហាញវីដេអូឃាតកម្មលោក កែម ឡី

បុរស ដែលសមត្ថកិច្ចចាប់បាននិងថាជាខ្មាន់កំាភ្លើងបាញ់សម្លាប់លោក កែម ឡី​

ពលរដ្ឋខ្មែររស់នៅអាមេរិកបានដាក់ពាក្យបណ្ដឹងទៅតុលាការសហរដ្ឋអាមេរិកដោយសុំឲ្យក្រុមហ៊ុនប្រេង Chevron បញ្ចេញវីដេអូ ករណីឃាតកម្មលើអ្នកវិភាគបញ្ហាសង្គម លោក កែម ឡី។

យោងតាមហ្វេសប៊ុកលោក សម រង្ស៊ី ចេញផ្សាយថ្ងៃសុក្រនេះ ឲ្យដឹងថា ពលរដ្ឋខ្មែរនៅអាមេរិកបានដាក់ពាក្យបណ្ដឹងនៅតុលាការក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ដោយស្នើក្រុមហ៊ុនប្រេង Chevron ដែលមានទីស្នាក់ការនៅទីក្រុង San Ramon (រដ្ឋ California) និងជាម្ចាស់ក្រុមហ៊ុនប្រេងកាល់តិច ឲ្យបញ្ចេញវីឌីអូ ពីកាមេរ៉ាសុវត្ថិភាព ពេលមានករណីឃាតកម្មលើលោក លោក កែម ឡី។ ពួកគេក៏បានទាមទារឲ្យបង្ហាញវីឌីអូទាំងមុន និងក្រោយការបាញ់សម្លាប់នេះ ព្រមទាំងការឆ្លើយឆ្លងគ្នារវាងមន្ដ្រីរដ្ឋាភិបាលកម្ពុជា និងបុគ្គលិកក្រុមហ៊ុនប្រេង Chevron និងក្រុមហ៊ុនកាល់តិចថែមទៀតផង។

ពលរដ្ឋដែលដាក់ពាក្យបណ្ដឹងនេះ គឺជាក្រុមអ្នកដែលបានដាក់ពាក្យប្រឆាំងរដ្ឋាភិបាលកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្ដរជាតិ (ICC) កាលពីពេលកន្លងទៅ ពាក់ព័ន្ធរឿងរំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញលើសកម្មជនប្រឆាំងផ្សេងទៀត។

អស់រយៈពេល៥ខែមកហើយដែលលោក កែម ឡី អ្នកបញ្ហាសង្គមដ៏ល្បីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាតក្បែរស្ដុបបូកគោកណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០១៦។ មានជនជាប់ចោទមួយរូបប៉ុណ្ណោះ ដែលមានឈ្មោះ អឿត អាង ឬហៅ ជួប សំលាប់ ត្រូវបានឃុំខ្លួនបន្តការស៊ើបអង្កេតដោយតុលាការក្រុងភ្នំពេញ។

បើតាមហ្វេសប៊ុកលោក សម រង្ស៊ី ឲ្យដឹងទៀតថា មកទល់នឹងពេលនេះ ក្រុមហ៊ុនប្រេង Chevron មិនព្រមផ្ដល់ភស្ដុតាងអ្វីទាល់តែសោះតាមការស្នើសុំនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ