សង្គមស៊ីវិល៖ ការជាប់គាំងរកយុត្តិធម៌ជូន លោក កែម ឡី ជាសញ្ញាណរីកធំនៃវប្បធម៌និទណ្ឌភាព​

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

អ្នកវិភាគនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម យល់ប្រហាក់ប្រហែលគ្នាថា ភាពស្ងៀមស្ងាត់ស្វែងរក​​​អ្នក​​​​​នៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី មកផ្តន្ទាទោស ពួកគេថាជា​ស​ញ្ញា​ណ​រី​ក​​ធំ​នៃ​វប្ប​​ធម៌​​និទណ្ឌ​ភាពនៅកម្ពុជា។

អ្នក​ស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ លោក កែម ឡី ត្រូវបាន​ខ្មាន់​​កាំ​​​​​​​​ភ្លើ​ងបាញ់សម្លាប់នៅកណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១​៦។

ក​ន្លែង​បា​ញ់ស​ម្លាប់​​​​លោ​​ក កែម ឡី នោះស្ថិតនៅក្នុងហាងស្តាម៉ាតមួយ ជាប់ស្តុបបូកគោ ដែលបំពាក់​ទៅ​ដោយ​កា​មេរ៉ា​សុត្ថិ​ភាពស្អេកស្កះ។

ប៉ុន្តែគិតត្រឹមថ្ងៃទី១៦ ខែធ្នូនេះ ការបាញ់សម្លាប់លោក កែម ឡី មានរយពេល​ជាង៥ខែមកហើយ ដែ​ល​​​ជនដៃដល់និងអ្នកនៅពីក្រោយឃាតកម្មនេះ មិនត្រូវបានចាប់ខ្លួនទេ ក្រៅ​​​​​​ពី​ជ​​ន​សង្ស័​​យម្នាក់​ឈ្មោះ «ជួ​​ប​សម្លាប់»។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល វិភាគថាការដែល​​អា​ជ្ញាធរ​និងស្ថាប័នយុត្តិធម៌ ខកខានមិនទាន់បានផ្តល់យុត្តិធម៌ជូនលោក កែម ឡី នេះ លោកថាអ្នកពា​ក់ព័​ន្ធ​​ដ​​ទៃទៀត អាចមានទំនាក់ទំនងជាមួយអ្នកនយោបាយ ដែលលោកថាធ្វើឲ្យសំណុំរឿ​ងដ៏រ​​​សើ​ប​មួ​យនេះនៅបន្តជាប់គាំងនៅតុលាការ។

លោកថា៖ «ព្រោះបើមិនមែនជារឿងនយោបាយទេ គឺលឿនណាស់។ យើងមើលរឿងប៉េអឹមម្នាក់​ដែល​សម្លាប់​ស្រីកំណាន់របស់គាត់នៅក្នុងហាងខារ៉ាអូខេ លោកឧត្តមសេនី​យខាង​ផ្នែក​កង​រាជ​អាវុធ​​ហ​ត្ថ​ហ្នឹង​ផ្តល់​​ឲ្យទៅ​អ្នកតាមរកឃាតករហ្នឹងទៅទៀត។ ប៉ុន្តែអត់ឃើញរដ្ឋាភិបាលប្រកាសថា បើអ្នកណា​រកឃើញ​​អ្នក​សម្លាប់លោកបណ្ឌិត កែម ឡី ឲ្យលុយ​មួយម៉ឺ​នដុល្លារ វាអត់មាន។ អញ្ចឹងបានន័យថារឿងនេះ​ជារឿងនយោបាយទី១។ ទី២ទៀត បើរឿងនេះ​មិន​មែន​ជា​រឿងនយោបាយទាំងស្រុងទេ ក៏ឃាតករហ្នឹងទាក់ទងនឹងអ្នក​ដែលមាន​អំ​ណាច អ្នក​ដែលមានលុយ ក្រាស​​ក្រែលហើយ ដែលទាំងអស់នេះអាចបិទភ្នែកចៅក្រមស៊ើបអង្កេត បិទ​ភ្នែក​ប្រព័​ន្ធ​តុលាការ បិទ​ភ្នែក​​រដ្ឋា​ភិបាលដែលមានកាតព្វកិច្ចរកយុត្តិធម៌ជូនលោកបណ្ឌិត កែម​ ឡី។ អានេះ​ជារឿ​ង​​ពី​​រដែល​យើ​ងមើល​ឃើញ​ថារឿងហ្នឹងអាចបំបាត់ឲ្យស្ងាត់»។

លោក ចាន់ វិបុល ឲ្យដឹងដែរថា អយុត្តិធម៌សង្គមបាន​​កើត​ឡើង​ច្រើនករណីរយៈពេលច្រើនឆ្នាំមកនេះ ដែលលោកថារដ្ឋាភិបាលនូវមិនទាន់ធ្វើឲ្យគ្រួសារជនរងគ្រោះជឿបានថា អ្នកនៅពីក្រោយឃាតកម្មនោះត្រូវបានគេវែកមុខមកផ្តន្ទាទោសនៅឡើយទេ។​

ប៉ុន្តែ​បើតាមលោក ចាន់ វិបុល ​បើរ​ដ្ឋា​​​ភិ​​បាលនៅតែមិនបង្ហាញ​ពីឆន្ទៈពិតស្វែងរក​អ្នកពាក់​ព័ន្ធបាញ់​សម្លាប់​លោក កែម ឡី យកមកទទួលខុសត្រូវចំពោះមុខច្បាប់លោកថា ជាសារមួយទៀតបង្ហាញថាវប្ប​ធម៌​នីទ​ណ្ឌ​​ភា​​ព​​​​​​កំ​ពុងរីករាលដាលនៅកម្ពុជា។

លោកថា៖ «កន្លែងនេះហើយដែលបញ្ជាក់ច្បាស់ណាស់ថា នីទណ្ឌភាពនៅកម្ពុជា គឺកើតមានគ្រប់ ដែលមិ​ន​គ្រាន់តែជាពលរដ្ឋសាមញ្ញទេ មិនត្រឹមតែសមាជិកសភាមកពីគណបក្សមកពីមតិភាគតិច កុំថាអ្ន​កត​ស៊ូម​តិ​ផ្សេងៗ សូម្បីតែអ្នកគេល្បីក៏មាន។ រហូ​តដល់ពលរដ្ឋនិងសាធារណមតិរាប់លាននាក់ ដែលឲ្យតម្លៃទៅលើលោកបណ្ឌិត កែម ឡី ហើយ​លោ​កត្រូវគេបាញ់សម្លាប់ ក៏អត់អាចរកយុត្តិធម៌។ អញ្ចឹង​សូម្បីតែមនុស្ស​ជាវីរបុរស​សម្រាប់ជា​តិមួយ​មិនអា​ច​ទទួ​ល​បា​នយុត្តិធម៌។ អញ្ជឹងសង្គមហ្នឹងបានបញ្ជាក់ថានីតិរដ្ឋបានកើតគ្រប់ទីកន្លែង»។

ច្រើនឆ្នាំមកនេះ ឃាតកម្មបានកើតឡើងដូចជាការបាញ់សម្លាប់តារាចម្រៀង ពិសិដ្ឋ ពិលីកា ទូច ស៊ុនិច​ បា​ញ់​​សម្លាប់អ្នកការសែតដែលរិះគន់រដ្ឋាភិបាល បាញ់សម្លាប់ អតី​តប្រធា​ន​​ស​​ហ​ជីព លោក ជា វិជ្ជា និ​ង​​បាញ់​សម្លាប់​អ្នកការពារបរិស្ថាន លោក ឈុត វុទ្ធី ជាដើម។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក កឹម សុខ លើកឡើងថា ការយឺត​យ៉ាវស្វែង​​រក​អ្នក​ពា​ក់​ព័​ន្ធមកផ្តន្ទាទោសនេះ លោកថាលោកមិនហាន​ចោទ​រដ្ឋា​​ភិ​​បា​​លថាជាអ្នកនៅពីក្រោ​យការបា​ញ់​​ស​ម្លាប់​លោក កែម ឡី ទេ។ ប៉ុន្តែលោកវិភាគថា ការជាប់​គាំង​មិន​ទៅមុខពីជំហានឈានទៅចាប់​អ្នកពាក់​ព័ន្ធ ដើម្បី​ផ្តល់​​​យុត្តិធម៌ឲ្យលោក​​ កែម ឡី នេះ លោកថា​អាចមកពីរដ្ឋាភិបាល គ្មាន​ឆ​ន្ទៈពិតលើក​ស្ទួយ​សេ​រី​​​ភាពបញ្ចេញមតិ តាមបែបប្រជាធិបតេយ្យ ។

លោកថា៖ «ភាពស្ងាត់ស្ងៀមនេះ វាហាក់ដូចជាបង្ហាញពីបំណងរបស់រដ្ឋាភិបាលក្នុងការព្យាយាមសម្លាប់សេរីភាពរបស់ប្រជាពលរដ្ឋទាំងមូលដែលហានបញ្ចេញមតិដូចលោកបណ្ឌិត កែម ឡី អញ្ចឹង។ ចំនុចទី២​ ការសម្លាប់លោកបណ្ឌិត កែម ឡី នេះវានៅតែងងឹតឈឹង ហក់ដូចជាឧក្រិដ្ឋកម្មនៃ​កា​រ​គំ​​​​​រាមកម្ពុជា​ទាំង​មូល ក្រោមល្បិចកលនៃការរាំងខ្ទប់នៃចរន្តរបស់ពលរដ្ឋ ដែលចប់បង្ហាញសេរីភាព ហើ​យ​មិ​ន​​​ប​​ម្រើឲ្យពលរដ្ឋ តែវាហាក់ដូចជាទៅបម្រើឲ្យគន្លឺះនៃក្រុមអ្នកនយោបាយបរទេស ដែល​គេ​ចង់ឃើ​ញ​ឲ្យក​ម្ពុជាបែកបាក់និងបាក់ស្បាត នៅក្នុងការបញ្ចេញមតិយោបល់និងការលើក​កម្ពស់នៃ​សេរី​ភាព ដើម្បី​​​ឲ្យ​មានការផ្លាស់ប្តូរប្រទេសជាតិទៅវិញ»។

លោក កឹម សុខ វិភាគដូចនេះទៀតថា៖ «បើករណីនេះវានៅតែបន្ត នោះមានន័យថា លំហូសេរីភាពនៅប្រ​ទេសកម្ពុជា វារិតត្បិតកាន់តែតូចដែលគេថាសេរីភាពបែបអាស៊ី ម្យ៉ាងស្ថិតនៅក្រោមការឃ្លាំ​មើលយ៉ា​ងដិតដ​ល់របស់អ្នកកាន់អំណាច។ មានន័យថាអ្នកណាដែលហ៊ាននិយាយប៉ះពាល់ដល់ដែនអំណាចរបស់គេ អាហ្នឹងគេ​ចាត់វិធាន​ការ​បែប​ណាមួយដើម្បីបំភ័យសម្លុត គំរាមកំហែង។ ហើយបើសិនជាបន្តនៅតែរបៀបហ្នឹង ស្ងប់ស្ងាត់អញ្ចឹង មិន​រកយុត្តិ​ធម៌ជូនគាត់ ផលប៉ះពាល់របស់រដ្ឋាភិបាល នូវតែមានឈ្មោះថាជាប្រទេសដែលមានឥទ្ធិពលធំ ក្រោម​អំពើ​​​នី​ទណ្ឌភាពនៃពួកដែលមានឥទ្ធិពល ប្រើលុយកាក់ អំណាចបែបងងឹតណាមួយ សម្រាប់កាច់ចង្កូត របស់​ប្រទេសជាតិហ្នឹង»។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ហៅព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី នោះ​ថាជាអំពើព្រៃផ្សៃនិងបានផ្ញើសារតាមបណ្តាញសង្គមចូលរួមរំលែកទុក្ខគ្រួសារលោក​ កែម ឡី។

លោក កឹម សុខ ផ្តល់យោបល់ថាមានតែការផ្លាស់ប្តូររបៀបដឹកនាំទេ ទើបមានសង្ឃឹមថាគ្រួសារជន​រង​គ្រោះ​ ដែលត្រូវគេបាញ់សម្លាប់នោះ ទទួលបានយុត្តិធម៌។

ចំ​ណែ​កលោកបណ្ឌិត ចាន់ វិបុល វិញអះអាងថា មានជម្រើស៣ដែល​អាចជំរុញឲ្យ​មានយុ​ត្តិធម៌ដ​ល់​គ្រួ​សារនៃជនរងគ្រោះ គឺការបន្តតស៊ូមតិដោយសន្តិវិធីរបស់មហាជន។ ការជំរុញ​ឲ្យតំណាងរាស្ត្រដែល​មា​​ន​​​អាស​​​នៈ​ក្នុងសភាបន្តកោះហៅមន្ត្រីពាក់ព័ន្ធទៅសួរដេញ​ដោលក្នុងសភារ​កឲ្យឃើ​ញពីមូល​ហេ​តុពិ​តប្រា​​​​កដ ​និងការស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិដែលជាដៃគូពាក់ព័ន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ