រដ្ឋាភិបាល​បង្កើតនាយក​ដ្ឋានគ្រប់​គ្រង​សន្តិសុខឯក​ជន

កងកម្លាំងការពារសន្តិសុខ

​រដ្ឋាភិបាល​កម្ពុជាបានសម្រច​បង្កើតនាយក​ដ្ឋាន​គ្រប់​គ្រង​សន្តិសុខឯក​ជន ដើម្បីត្រួតពិនិត្យ​បែប​​បទស្នើ​សុំ​អាជីវកម្មផ្នែក​សន្តិសុខនិងជ្រើស​រើស​កម្លាំង​ភ្នាក់​ងារឯកជន។

នេះបើតាម​អនុក្រឹត​ចុះ​ថ្ងៃ​ទី២៨ វិច្ឆិកា ដែល​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​ឲ្យ​ក្រសួង​មហា​ផ្ទៃបង្កើត​នាយក​ដ្ឋា​ន​គ្រប់​គ្រង​សន្តិសុខ​ឯក​ជន។

អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ​ លោក ខៀវ សុភ័គ បាន​ឲ្យ​វីអូ​ឌី​ដឹង​ថា ការ​បង្កើត​នាយកដ្ឋាននេះ ដោយ​សារ​​តែ​ចំនួន​សន្តិសុខ​ឯក​ជន​មាន​កាន់​តែ​ច្រើន ដូច​នេះ​​ទា​ម​ទារ​ឲ្យ​មាន​ការ​គ្រប់​គ្រង​បាន​ត្រឹម​ត្រូវ។ ទោះ​ជា​យ៉ាង​ណា​លោកមិន​ទាន់​អាចបញ្ហា​បាន​នៅ​ឡើយ​ទេ​​ថានាយក​ដ្ឋាន​នេះ​នឹង​ត្រួត​ពិនិត្យ​ទៅលើ​​សន្តិ​សុខ​របស់​គណបក្ស​នយោបាយឬ​ក៏​អត់​នោះ​ទេ ដោយ​ថា​​រង់​ចាំ​ឲ្យ​​នាយក​​ដ្ឋាននេះ​កើត​​ចេញ​ជារូប​រាង​សិន។

លោក​មាន​ប្រសាសន៍​ថា៖ «និយាយ​រួមសន្តិ​សុខ​ទាំង​អស់​អី​ក៏​ដោយ គេ​មាន​សិទ្ធិ​បង្កើតបាន។ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌមិន​បំពាក់​អាវុធ​ទេ។ ឧទាហរណ៍​ដូចផ្ទះ​យើង​ចឹង​ យើង​អាច​បង្កើ​ត​​សន្តិសុខ​សម្រាប់​ផ្ទះ​យើង​បាន តែ​អត់​មាន​អាវុធ​ទេ អ្នក​ណាក៏​មាន​សិទ្ធិ​បង្កើត​សន្តិសុខ​ខ្លួន​​ឯង​ដែរ ប៉ុន្តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ច្បាប់​ គឺ​គ្មាន​អាវុធ​»។

កាលពីពេលកន្លងមកនេះ គណបក្សសង្រ្គោះជាតិបានទាមទារឲ្យរដ្ឋាភិបាលលុបចោល​សន្តិ​សុខ​តាមខណ្ឌដោយថាជាសន្តិសុខខុសច្បាប់តែងតែវាយដំពលរដ្ឋនៅពេលសម្តែង​មតិ។

ប៉ុន្តែក្រសួងមហាផ្ទៃបានឆ្លើយតបថា សន្តិសុខទាំងនោះមិនខុសច្បាប់ទេ ដោយសារ​មិនទាន់​ច្បាប់​ណាគ្រប់គ្រង ហើយរាល់ការប្រើហិង្សានោះ ដោយសារតែអ្នកតវ៉ាមិនគោរពច្បាប់។

ទោះ​ជាយ៉ាងលោក​លោក ខៀវ សុភ័គ បញ្ជាក់​ដូច​ជា​មិន​ច្បាស់​ទេ​ថាតើ​​កម្លាំង​សន្តិសុខ​ឯកជនទាំង​នោះ​នឹង​ត្រូវបានរដ្ឋាភិបាលប្រើប្រាស់ដូចជា​សន្តិសុខ​ខណ្ឌ​ក្នុង​ការរក្សាសន្តិសុខ​ពេល​មាន​ការ​តវ៉ាឬ​បាតុកម្ម​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ