អ្នក​កាទូត​កូរ៉េ​ខាង​ជើងជា​ច្រើន​ទៀត​រង់ចាំ​ចុះ​ចូល​នឹង​កូរ៉េ​ខាង​ត្បូង

អ្នក​កាទូត​ជាន់​ខ្ពស់​ជាច្រើន​រូប​ទៀត​របស់​កូរ៉េ​ខាង​ជើង គ្រោង​នឹង​បោះ​បង់​តំណែង​ពួកគេ​នៅ​អឺរ៉ុប ដើម្បី​​ចុះ​ចូល​នឹង​កូរ៉េ​ខាង​ត្បូង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ដែល​បាន​ដក​ស្រង់​ព័ត៌មាន​ចុះ​​ផ្សាយ​ដោយ​​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុនហាប់​របស់​កូរ៉េ​ខាង​ត្បូង​។

ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុនហាប់ បាន​ចុះ​ផ្សាយ​ដូច្នេះ ដោយ​ផ្អែក​លើ​ការ​អះ​អាង​របស់​លោក ថេ យ៉ុងហូ អតីត​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​​ប្រចាំ​ទីក្រុង​ឡុងដ៍ ដែល​បាន​បោះបង់​តំណែង​របស់​ខ្លួន​ចោល និង​ចុះ​ចូល​នឹង​កូរ៉េ​ខាង​ត្បូង​កាល​ពី​ខែ​សីហាឆ្នាំ​មុន។ ចាប់​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​មក អតីត​អ្នក​កាទូត​កូរ៉េ​ខាង​ជើង​​រូប​នេះ បាន​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នានា ដោយ​បាន​លើក​ឡើង​ពី​ការ​សម្រេច​ចិត្ត​ចុះ​ចូល​នឹង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល និង​ជីវិត​របស់​លោក​នៅ​ពេល​ធ្វើ​ជា​អ្នក​កាទូត​របស់​កូរ៉េ​ខាង​ជើង។

លោក ថេ អាយុ ៥៤​ឆ្នាំ បាន​និយាយ​ជា​សាធារណៈ​ថា ការ​មិន​ពេញ​ចិត្ត​នឹង​មេដឹកនាំ​វ័យ​ក្មេង លោក គីម ជុងអ៊ុន បាន​នាំ​ឲ្យ​លោក​បោះ​បង់​តំណែង​ចោល ប៉ុន្តែ លោក​ក៏​មាន​កូន​ប្រុស​ពីរ​នាក់​ កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​នៅ​ទីក្រុង​ឡុងដ៍ និង​ភរិយា​របស់​លោក ដែល​នឹង​ត្រូវ​ត្រឡប់​ទៅ​កូរ៉េ​ខាង​ជើង​វិញ។

លោក ថេ ​គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​​ដែល​បាន​ចុះ​ចូល​នឹង​កូរ៉េ​ខាង​ត្បូង គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ