គ.ជ.ប ច្រានចោលបណ្តឹងសុំឲ្យលុបឈ្មោះជនជាតិវៀតណាមពីបញ្ជីបោះឆ្នោត

បណ្តឹងយ៉ាងតិចចំនួន៧ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រ​​​កា​​សច្រានចោល ដោយ​អះអាងថាការដែលដើមបណ្តឹងប្តឹងសុំ​លុបឈ្មោះជន​ជាតិវៀត​ណាម​១៨​១​នា​​​ក់​ចេ​​​ញពីបញ្ជីបោះ​ឆ្នោ​ត​នោះ​​ ថាមិន​មែនជាទម្រង់ច្បាប់សម្រាប់ពិចារណា។

នៅថ្ងៃទី១៦ខែមករានេះ គ.ជ.ប បានបើកសវនាការលើបណ្តឹងទាស់ចំនួន៧របស់គណបក្សសង្គ្រោះជាតិ ក្រោយពីគណបក្សនេះមិនទទួលយកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ដែលមិនព្រមលុ​ប​ឈ្មោះ​​អ្ន​កចុះឈ្មោះបោះឆ្នោតមួយចំនួនដែលគេសង្ស័យថាជាជនជាតិវៀតណាម។

បណ្តឹងដែល គ.ជ.ប លើកយកមកជំនុំជម្រះនៅថ្ងៃដំបូងនេះ មានករណីនៅសង្កាត់ផ្សារថ្មី២និងសង្កាត់​មួយ​ចំនួនក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ករណីនៅឃុំស្វាយជ្រំ ស្រុករលាផ្អៀខេត្តកំពង់ឆ្នាំង​ សង្កាត់​ប៉ៃលិន ខេត្តប៉ៃលិន និងស​ង្កាត់មួយ​ចំនួនក្នុង​ខេ​ត្តព្រះសីហនុ។

ក្នុងសវនាការ មេធាវីការពារឲ្យដើមបណ្តឹង លោក សំ សុគង់ ពន្យល់ដល់ក្រុមប្រឹក្សាជំនុំជម្រះថា ការដែ​លកូនក្តីលោកហ៊ានអះអាងថាអ្នកទាំងនោះជា​ជន​​ជាតិវៀតណាម លោកសំអាងថាអ្នកទាំងនោះនិយា​យ​ភាសាខ្មែរមិនច្បាស់ ហើយប្រើ​ភាសាវៀត​ណាម​ជាប្រចាំក្នុងការទំនា​ក់ទំន​ងក្នុង​គ្រួ​សារនិង​ប្រើប្រាស់​អត្ត​​សញ្ញាណ​ប័ណ្ណ​​សញ្ជាតិ​ខ្មែរទៅចុះ​ឈ្មោះដោយមិនបា​នបំពេ​ញលក្ខខណ្ខ​នៃការចូលសញ្ជាតិ។

លោក សំ សុគង់ ស្នើឲ្យ គ.ជ.ប លុបឈ្មោះអ្នកដែលមានក្នុងពាក្យបណ្តឹងនោះចេញពីបញ្ជីបោះឆ្នោតនិងបើកការ​ស៊ើបអ​ង្កេ​​តរកមូលហេតុដែលជនសង្ស័យទាំងនោះមានអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​ប្រើប្រាស់​ដោយមិន​ឆ្លងកាត់ច្បាប់សញ្ជាតិ។

ក្រោយពីបើកសវនាការសួដេញដោលពេញមួយព្រឹកទៅលើដើមបណ្តឹងនិងចុងចម្លើយរួចមក គ.ជ.ប បាន​ប្រើពេល​ពិភាក្សាក្នុងបន្ទប់បិទជិតប្រមាណជា៤ម៉ោង។

ក្រោយមកសមាជិក គ.ជ.ប និងជាក្រុមប្រឹក្សាជំនុំជម្រះទាំង៩រូប បានបង្ហាញវត្តមាន​នៅក្នុងអង្គ​សវនាកា​រវិ​ញ​នៅម៉ោង​៧យប់។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងជាប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានប្រកាសថាការ​ស្នើសុំរបស់ដើមបណ្តឹងតំណាងឲ្យគណបក្សសង្គ្រោះជាតិ លោកថា គ.ជ.ប មិន​​អាចពិចា​រណាបានទេ ដោ​យ​ថាការស្នើនោះមិនមានគតិយុត្តិផ្លូវច្បាប់សម្រាប់ឲ្យក្រុមប្រឹក្សាជំនុំជម្រះពិចារណាជឿបាន។

លោក ស៊ិក ប៊ុ​នហុ​ក​ បន្តថា គ.ជ.ប សម្រេចថាការដែលក្រុមប្រឹក្សាឃុំ-សង្កាត់រក្សាទុកជន​សង្ស័យ​ទាំងជា​ង១០​០​នា​​​ក់​នោះ​នៅក្នុងបញ្ជីបោះឆ្នោត លោកថាជារឿងត្រឹមត្រូវតាមទម្រង់ច្បាប់។

លោកថា៖ «ការលើកឡើងរបស់លោក សំ សុគង់ ដំណាងឲ្យដើមបណ្តឹងដែលអះអាងថា កូនក្តីខ្លួនស្គាល់គ្រួ​សារអ្នក​ទាំង៤រស់នៅភូមិផងរបងជាមួយគ្នា ហើយនិយាយភាសារខ្មែរមិនច្បាស់ និងលើកឡើងថាក្រុ​មប្រឹក្សាប្រជុំសម្រេចឃុំស្វាយជ្រុំ មិនបានពិចារណាពីមាត្រ១៦ និង១៧នៃច្បាប់សញ្ជាតិ ដែលត្រូវបានផ្ត​ល់សញ្ជាតិតាម​រយៈព្រះរាជ្យក្រិត្រ និងការស្បត់នៅចំពោះមុខតុលាការកំពូលនោះ។ ការលើកឡើងបែបនេះ មិន​មានមូលដ្ឋា​នភ័ស្តុតាងគតិយុទ្ធ ដែល​អាចឲ្យក្រុម​ប្រឹក្សាជំនុំជ​ម្រះធ្វើការពិចា​រណាជឿបានឡើ​យ។ដោ​យ​ហេ​តុថាសញ្ជាតិ របស់បុគ្គលម្នាក់ៗគេអាច​សំគាល់បានតាមរ​យៈលិខិតយថា​ភូមិ​ផ្លូវកា​រ ចេញ​ដោយ​អាជ្ញាធរមានសមត្ថកិច្ច»។

លោក ស៊ិក ប៊ុនហុក បន្តថាការស្នើសុំឲ្យ គ.ជ.ប ស៊ើបអង្កេតទៅលើជនសង្ស័យដែល​មាននៅក្នុងពាក្យ​បណ្តឹង​នោះ លោកថាមិនមែនជាដែនសមត្ថកិច្ចរបស់ គ.ជ.ប ទេ។

ប៉ុន្តែប្រធាន គ.ជ.ប រូបនោះទុកពេលឲ្យ​ដើម​​បណ្តឹងប្តឹងករណីនេះទៅ​ក្រុ​ម​ប្រឹក្សាធម្មនុញ្ញ។

មេធាវីលោក​ សំ សុគង់ ប្រាប់អ្នកសារព័ត៌មានក្រោយបិទសវនាការថា លោកមិនទទួល​យកការស​ម្រេ​ច​នេះ​​ទេ បើទោះបីលោកថាសវនាការនេះ ក្រុមប្រឹក្សាជំនុំជម្រះបានផ្តល់ឱកាសឲ្យភាគីដើមបណ្តឹងនិង​ភាគី​​ចុង​ចម្លើយ បានការពារបណ្តឹងរៀងៗខ្លួនក៏ដោយ ក៏លោកថាជនសង្ស័យមួយចំនួ​នដែលមាន​ឈ្មោះ​ក្នុង​ប​ណ្តឹ​​​​​ងមិនត្រូវបានគេអនុញ្ញាតិឲ្យមកបង្ហាញមុខក្នុងសវនាការពេលនេះទេ។

លោកថា៖ «នៅក្រុងប៉ៃលិនមួយមានចុងចម្លើយដល់ទៅ៣៥រូប បែរជាមកចូលរួមនៅថ្ងៃនេះមានតែ៣នាក់។បាត់ដល់ទៅ៣២រូប។ ហើយអ្នកដែលមក៣នេះ ហាក់ដូចមានលក្ខណៈរៀបចំ។ ប៉ុន្តែខ្ញុំមិនហានចោទថា គ.ជ.ប ទេ ប៉ុន្តែអាចមកពីកំហុសក្នុងការបញ្ជូនលិខិតអញ្ជើញឬក៏ជាកំហុសរប​ស់​ក្រុម​ប្រឹ​ក្សាឃុំ-សង្កាត់ មានចេតនា​មួយមិនប្រគល់លិខិតហ្នឹងទៅចុងចម្លើយផ្សេងៗទៀត ដើម្បីចូល​រួម​សវនា​ការ​នៅពេលនេះឬមួយអាចថាអ្នកទាំង៣២រូបហ្នឹងជាជនជាតិបរទេស បានជាមិ​នហ៊ា​នឲ្យ​មក​ស​វនការនៅថ្ងៃនេះ»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា កាដែលអង្គ​ការលោ​​ក​នៅប​ន្តឃ្លាំមើលពីចំណាត់ការរបស់ គ.ជ.ប នៅឡើយ។ លោក​ថា ដូចនេះការ​វា​យ​តម្លៃថា ការច្រា​នចោ​​ល​បណ្តឹងជំ​ទាស់សុំឲ្យលុបឈ្មោះជនបរទសមួយចំនួនចេញពីបញ្ជីបោះឆ្នោតនោះ អាចប៉ះ​ពាល់​ដ​​​ល់​គុណ​ភា​ពបញ្ជីបោះឆ្នោតថ្មីឬក៏យ៉ាងណា មិនទាន់មាន​​តួលេ​ខសម្រាប់វាយតម្លៃនៅឡើយ។

ប៉ុន្តែលោក គល់ បញ្ញា បញ្ជាក់ថា គ.ជ.ប មានភារកិច្ចមួយសំខាន់ធ្វើឲ្យបញ្ជីបោះឆ្នោតថ្មីនេះមានគុណភាពដែលអាចឲ្យពលរដ្ឋទូទៅជឿបាន។

លោកថា៖ «គ.ជ.ប អាចផ្ទៀងផ្ទាត់ទៅនឹងប្រព័ន្ធទិន្ន័យហ្នឹង​ថា តើពិតជាអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរពិតប្រា​កដឬក៏អត់ ដែលអ្នកកាន់មកចុះឈ្មោះបោះឆ្នោត ដែលគេសង្ស័យថាអ្នកកា​ន់មកចុះឈ្មោះ​បោះ​ឆ្នោតហ្នឹ​ង មិ​នមែន​ជាសញ្ជាតិខ្មែរ។ អញ្ចឹងត្រូវការផ្ទៀងផ្ទាត់ពិនិត្យមើលទៀត ដើម្បីឲ្យច្បាស់លាស់ថា គ.ជ.ប ពិតជាបា​នចុះ​ឈ្មោះ​ឲ្យអ្នកដែលគេសង្ស័យហ្នឹង ប៉ុន្តែពួកគេ​ពិតជាមានអន្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរពិ​តប្រាកដមែន។ ត្រង់​នេះ គ.ជ.ប អាចថារឿងនេះមិនមែនជាបន្ទុករបស់ខ្លួនទៀតទេ ជាបន្ទុករបស់អាជ្ញាធរ របស់រដ្ឋាភិបា​ល អី​អ​ញ្ចឹ​​ងទៅ។ ប៉ុន្តែ[គ.ជ.ប]ឲ្យច្បាប់ថាខ្លួនឯងថា បានទៅផ្ទៀងផ្ទាត់ថាពិតជាអត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែ​រហ្នឹងពិ​តប្រា​ក​ដ​មែ​ន​​​ នេះជាយោបលខ្ញុំ ព្រោះនៅក្នុងច្បាប់ គ.ជ.ប ត្រូវធានា​ដែរលក្ខ​ខណ្ឌចំ​​ពោះអ្នក​មានស​ញ្ជាតិ​សម្រា​​​ប់ចុះ​ឈ្មោះ​បោះឆ្នោតហ្នឹង»។

បើតាម គ.ជ.ប គិតត្រឹមថ្ងៃទី១៦ ខែមករា គឺមានបណ្តឹង១៤១២បានដល់ដៃ គ.ជ.ប ហើយ ក្នុងនោះបណ្តឹងប្តឹង​ជំទា​ស់​​ឲ្យលុបឈ្មោះ​ដែល​​គេ​សង្ស័​យ​ថាមានជនជាតិវៀតណាមបន្លំចុះឈ្មោះបោះឆ្នោតនេះ មាន៧៦១បណ្តឹង ហើយ គ.ជ.ប នឹងបន្ត​សវនាការ​លើបណ្តឹងទាំងនោះរហូតដល់ថ្ងៃទី១៩ ខែមករា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ