អង្គការមួយធ្វើយុទ្ធនាការឲ្យអ្នកឈរឈ្មោះក្រុមប្រឹក្សាឃុំ/សង្កាត់ប្រកាសទ្រព្យសម្បត្តិ​ដើម្បីតម្លាភាព​

អង្គការមួយ​ធ្វើការ​ផ្នែកជំរុញឲ្យមានតម្លាភាពនិង​ការអភិវឌ្ឍសង្គម​ កំពុងធ្វើយុទ្ធនាការជំរុញឲ្យបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ចូលរួមប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដើម្បី​ធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតកាន់តែមានទំនុកចិត្តនិងធានាបានការអភិវឌ្ឍពិតប្រាកដ។​

ប្រធានអង្គការគណនេយ្យភាពកម្ពុជាលោក គុយ មាសសំណាង ថ្លែងប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមការងារលោក​កំពុងធ្វើសកម្មភាពជំរុញឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់​ ដែលត្រៀមសម្រាប់ការបោះឆ្នោតនៅខែមិថុនាខាងមុខនេះ ចូលរួមប្រកាសទ្រព្យសម្បត្តិ។​ លោកថាយុទ្ធនាការដែលកំពុងធ្វើនោះរួមមានចុះជួបផ្ទាល់ជាមួយបេក្ខជន អ្នកនយោបាយ ស្ថាប័នពាក់ព័ន្ធ និងធ្វើសកម្មភាពតាម​ប្រព័ន្ធអ៊ិនធើណែតមាន ហ្វេសប៊ុក អ៊ីម៉ែលជាដើម។​

លោក គុយ មាសសំណាង មានប្រសាសន៍ថា បើបេក្ខជនទាំងនោះព្រមប្រកាសទ្រព្យសម្បត្តិឲ្យម្ចាស់ឆ្នោតបានដឹងនោះ ជាផ្នែកមួយក្នុងការលើកស្ទួយប្រជាប្រិយភាពខ្លួនឯងនិងធានាបាននូវការបំពេញការងារពិតប្រាកដដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន៖ «កាលណាគាត់ចាប់ផ្តើម​ធ្វើឥឡូវ ផ្តល់ភាពកក់ក្តៅ និងសេចក្តីទុកចិត្តដល់ពលរដ្ឋ​ ចឹងប្រជាពលរដ្ឋគាំទ្រគេបោះឆ្នោតឲ្យហើយ។ កាលណាពលរដ្ឋទុកចិត្ត គេបោះឆ្នោតឲ្យហើយ»។​

សមាជិកក្រុមអ្នកវិភាគវ័យក្មេង យុវជន​ រិទ្ធា មេត្តា មានប្រសាសន៍ថា លោកគាំទ្រឲ្យបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ប្រកាសទ្រព្យសម្បត្តិ​​ ដើម្បីបង្ហាញភាពស្មោះត្រង់និងតម្លាភាពក្នុងការងារ។​ លោក ជំរុញឲ្យបេក្ខជនទាំងអស់នោះ ប្រកាសបើកចំហធនធានដែលកំពុងមានជាសាធារណៈ ដើម្បីជាទំនុកចិត្ត ភាពជាគំរូនិងសេចក្តីថ្លៃថ្នូរទាំងក្នុងពេលកាន់តំណែងនិងពេលចប់តំណែង៖ «បើយើងច្បាស់លាស់ ចង់កសាងមូលដ្ឋាន ចង់ធ្វើជាមេដឹកនាំគំរូ ព្រោះលុយរបស់យើង​ទ្រព្យសម្បត្តិរបស់យើងនៅដដែលអត់មានអ្នកណាយកទេ ហើយយើងចាយប្រាក់ខែរបស់រដ្ឋហ្នឹងបានពីការយកពន្ធពីពលរដ្ឋ ចំណែកលុយគម្រោងយើងយកមកអភិវឌ្ឍន៍ពិតប្រាកដជាក់ស្តែង។ និយាយទៅយើងជាមនុស្សគំរូមិនពុករលួយអត់មានខ្លាចអីទេ»។

របាយការណ៍អង្គការគណនេយ្យភាពកម្ពុជាឲ្យដឹងថា គិតត្រឹមដើមឆ្នាំ​២០១៧នេះ បុគ្គលិកអង្គការសង្គមស៊ីវិល បុគ្គលិកក្រុមហ៊ុន មន្ត្រីរដ្ឋ មន្ត្រីគណបក្សនយោបាយ​ប្រមាណ​៤០នាក់ បាន​ស្ម័គ្រចិត្តប្រកាសទ្រព្យសម្បត្តិខ្លួនជាសាធារណៈក្នុងនោះ​រួមមាន​លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ និងលោក  គិម លឹមយ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ របស់គណបក្សសង្រ្គោះជាតិ។ លោក គុយ មាសសំណាង បញ្ជាក់ថា សាធារណជនពិសេសថ្នាក់ដឹកនាំគណបក្សនយោបាយ​អាចប្រកាសទ្រព្យជាសាធារណៈជាមួយគេហទំព័ររបស់អង្គការគណនេយ្យភាពកម្ពុជាឬអាចប្រកាសលើគេហទំព័រផ្ទាល់ខ្លួនក៏បាន ដើម្បីឲ្យសាធារណជន​បានដឹង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ