ចៅសង្កាត់រងនៃគណបក្សប្រឆាំង២រូបរងបណ្ដឹងលុបឈ្មោះពីបញ្ជីបោះឆ្នោត 

តំណាងរាស្ដ្រគណបក្សប្រឆាំងលើកឡើងថា ចៅសង្កាត់រងចំនួន២នាក់នៃគណបក្ស សម រង្ស៊ី ត្រូវបានគេប្ដឹងសុំឲ្យលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញ។

តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ បានឲ្យ VOD ដឹងនៅថ្ងៃអង្គារនេះថា លោក លី សុគន្ធ ចៅសង្កាត់រងបឹងកក់ទី១ ត្រូវបានមន្ដ្រីក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត​ ដោយចោទថា បានប្រើប្រាស់ឯកសារក្លែងក្លាយ ពេលចុះសង្កេតការបោះឆ្នោត។

លោកបន្ថែមថា ចៅសង្កាត់រងគណបក្សប្រឆាំងម្នាក់ទៀតនៅសង្កាត់បឹងស្រឡាង លោក ទូច ម៉េងស្រៀង ក៏ត្រូវបានគេប្ដឹងសុំឲ្យលុបឈ្មោះដែរ ដោយលោកថា ក្រុមប្រឹក្សាឃុំ-សង្កាត់នឹងសម្រេចនៅម៉ោង៣រសៀលថ្ងៃអង្គារ ទី១៧ មករានេះ។ លោកបន្ដថា បណ្ដឹងលើចៅសង្កាត់រងរូបនេះ ធ្វើឡើងដោយជនជាតិវៀតណាមដែលមានខ្សែធំប្ដឹងបកមកវិញ ខណៈលោក ទូច ម៉េងស្រៀង ព្យាយាមសង្កេតមើលឈ្មោះជនបរទេសដែលមានលក្ខខណ្ឌសញ្ជាតិខុសប្រក្រតី។

លោកថា៖ «គេលុប គេលុបចេញពីបញ្ជី២នាក់។ នៅសង្កាត់បឹងកក់១នោះ សម្រេចលុបហើយ គេចេញសម្រេចហើយ គេធ្វើព្រឹកមិញ អាហ្នឹងនៅបឹងកក់១។ ហើយមួយទៀត សង្កាត់បឹងស្រឡាង គាត់អតីតចៅសង្កាត់នៅនឹងឈ្មោះ ទូច ម៉េងស្រៀង គេកិច្ចប្រជុំលុបឈ្មោះល្ងាចហ្នឹងម៉ោង៣ ទាំងអស់ហ្នឹងសុទ្ធតែជាប់បណ្ដឹង ប៉ុន្ដែបណ្ដឹងមិនទាន់សាលក្រមស្ថាពរទេ ហើយក៏មិនទាន់មានទោសអ្វីដែរ។ មិនមែននៅក្នុងពន្ធនាគារទេ ដូច្នេះគាត់អត់មានទោសអី អត់មានហេតុផលអីទៅលុបឈ្មោះគាត់ទេ ជាការរារាំងការបោះឆ្នោតែម្ដង»។

ចៅសង្កាត់រងបឹងកក់ទី១ លោក លី សុគន្ធ បានសំដែងការខកចិត្ត ដោយលោកថា នៅថ្ងៃចុះឈ្មោះនោះ មន្ដ្រីឃុំ-សង្កាត់បានចុះហត្ថលេខាទទួលស្គាល់ហើយ ដោយថា ចុងក្រោយ បែរជាគេចោទលោកថា ក្លែងបន្លំឯកសារទៅវិញ។

លោកថា៖ «ក្នុងនាមខ្ញុំជាចៅសង្កាត់រងនៅហ្នឹង ខ្ញុំមិនដឹងធ្វើម៉េចតាមដំណើរទៅ ព្រោះស្មៀនជាអ្នកសង្កេតហើយ ស្មៀតជាអ្នកសង្កេតឯកសារអស់ហ្នឹង មុនយកទៅឲ្យចៅសង្កាត់ស៊ីញ៉េ  រួចចៅសង្កាត់អ្នកស៊ីញ៉េ ហើយចៅសង្កាត់ស៊ីញ៉េហើយបានជាខ្ញុំ ហ៊ានយកឲ្យពួកហ្នឹងពាក់ធ្វើការ ស្មៀនអ្នកគ្រីស ហើយទីបំផុតគេចោទដាក់ខ្ញុំរហូត»។

យ៉ាងនេះក្ដី លោក ហូរ វ៉ាន់ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ឲ្យដឹងទៀតថា​ លោកនឹងដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញបន្ដទៀត ប្រសិនបើឈ្មោះសកម្មជនទាំងពីរត្រូវលុបចេញពីបញ្ជីបោះឆ្នោតមែននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ