វិភាគ៖ សំណុំ​រឿង​លោក ឌិន ពុទ្ធី ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដូចម្ដេច​អំពី​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា?

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)

កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ ឆ្នាំ​មុន សកម្មជន​គណបក្ស​ប្រឆាំង​ប្រចាំ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក ឌិន ពុទ្ធី ត្រូវ​បាន​អាជ្ញាធរ​នៅ​ខេត្ត​នេះចាប់​ខ្លួន ដោយ​ចោទ​ថាបាន​បើក​រថយន្ត​បុក​មន្ត្រី​នគរបាល​ព្រំដែន លោក ឈាន ពិសិដ្ឋ ខណៈដែល​ប្រជា​ពលរដ្ឋ​បាន​ឃើញនិង​ថត​វីដេអូ​នូវ​ហេតុការណ៍​នោះ បាន​អះ​អាង​ថាសកម្មជន​បក្ស​ប្រឆាំង​រូប​នេះ មិន​បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

ករណី​ដ៏​ចម្រូង​ចម្រាស់​មួយ​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​រិះ​គន់​ព្រោង​ព្រាត​ពី​សំណាក់​មហា​ជន​កម្ពុជា និង​ថែម​ទាំង​ត្រូវ​បាន​សារព័ត៌មាន​បរទេស​ចុះ​ផ្សាយ​ផង​ដែរ។ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក មហា​ជន​កម្ពុជា ចាប់​ពី​ក្មេងតូចៗ រហូត​ដល់​មនុស្ស​ធំ​ពេញ​វ័យ បាន​បង្កើត​វីដេអូ​ត្រាប់​តាម ឬ​ហៅ​ថា Troll ដែល​បាន​ក្លាយ​ទៅ​ជា​អាវុធ​គ្មាន​គ្រាប់​គ្មាន​ផ្សែង បាញ់​ទៅ​លើ​ទង្វើ​ចោទ​ប្រកាន់​របស់​មន្ត្រី​នគរបាល​ព្រំដែន លោក ឈាន ពិសិដ្ឋ ព្រម​ទាំង​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត ករណី​នេះ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​តវ៉ា​ពី​សំណាក់​ប្រជា​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ផង​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​កន្លង​មក ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក ឌិន ពុទ្ធី​ ឲ្យ​មាន​សេរីភាព​ឡើងវិញ បើ​មិន​ដូច្នោះ​ទេ ពលរដ្ឋ​ទាំង​នោះ ព្រមាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ទៀត​ផង។

ក្រៅ​ពីមេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ មេដឹកនាំ​បក្ស​នយោបាយ​ដទៃ​ទៀត ដូចជា មេ​បក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ លោក ខឹម វាសនា និង​មេបក្ស​អំណាច​ពលរដ្ឋ លោក សួន សេរីរដ្ឋា ក៏​ថ្លែង​ចំអក​ដល់​ទង្វើ​របស់​លោក ឈាន ពិសិដ្ឋ​ ផង​ដែរ។

ប៉ុន្តែ តុលាការខេត្ត​បន្ទាយមានជ័យ បាន​ការ​ពារ​ចំណាត់​ការ​របស់​ខ្លួន​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​រូប​នោះ ដោយ​នៅ​តែ​រក្សា​ជំហរ​ចោទ​ប្រកាន់​ទៅ​លើ​លោក ឌិន ពុទ្ធី ហើយ​ការពារ​មន្ត្រី​នគរបាល​ព្រំដែន​រូប​នោះ​ដដែល។ មួយ​ថ្ងៃ​ក្រោយ​មក ក្រសួង​មហាផ្ទៃ​​បាន​បន្ទរ​ទៅ​លើ​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ និង​បាន​អំពាវ​នាវ​ទៅ​កាន់​ប្រជា​ពលរដ្ឋ ឲ្យរង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​​របស់់​តុលាការ​ខេត្ត​មួយ​នេះ។

ទោះជាយ៉ាង​ណា ទីបំផុត​ទៅ លោក ឌិន ពុទ្ធី ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ហើយ​រូប​លោក ឌិន ពុទ្ធី ផ្ទាល់ បាន​ចាក​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា។

សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស់​មួយ​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​ថា តើ​វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដូចម្ដេច​អំពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា?

ដោយ​ងាក​ទៅ​អាន​របាយការណ៍​នានា​ដែល​វាយ​តម្លៃ​អំពី​ស្ថានភាព​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ គេ​បាន​រក​ឃើញ​ថា វា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត​ បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេសក្នុង​តំបន់ ព្រម​ទាំង​ពិភព​លោក។

របាយការណ៍​​មួយ​ដែល​ចេញ​ដោយ​គម្រោង​យុត្តិធម៌​ពិភព​​លោក កាល​ពី​ឆ្នាំ​២០១៦​កន្លង​ បាន​បង្ហាញ​ថា កម្ពុជា​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​ខាង​ផ្នែក​នីតិ​រដ្ឋ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១១៣ ដែល​សិក្សា​ដោយ​អង្គការ​អន្តរជាតិ​មួយ​នេះ។

នៅ​ក្នុង​ការ​វាយ​តម្លៃ និង​ដាក់​ពិន្ទុ​លើ​សន្ទស្សន៍​នីតិរដ្ឋ​នៅ​តាម​ប្រទេស​នីមួយៗ អង្គការ​គម្រោង​យុត្តិធម៌​ពិភព បាន​​សិក្សា​ទៅ​លើ​និន្នាការ​នៃ​កត្តា​ចំនួន ៨ ក្នុង​នោះ​មាន​ទាំង​វិស័យ​យុត្តិធម៌​ស៊ីវិល និង​វិស័យ​យុត្តិធម៌​ព្រហ្មទណ្ឌ​ផង​ដែរ ពោល​គឺ​ទាក់​ទង​ទៅ​នឹង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ទាំង​មូល។

នៅ​ក្នុង​តារាង​សន្ទស្សន៍​នោះ ប្រទេស​កម្ពុជា​មាន​ចំណាត់​ថ្នាក់​ទី​​ ១១២ ពោល​គឺ​ប្រសើរ​​ជាង​ប្រទេស​វេណេហ្ស៊ូអេឡា​តែ​មួយ​ប៉ុណ្ណោះ ហើយ​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុងតំបន់​អាស៊ាន​វិញ យើង​ឃើញ​ថា កម្ពុជា​យើង​មាន​ចំណាត់​ថ្នាក់​អន់​ជាង​ប្រទេស​ភូមា​ទៅ​ទៀត ខណៈ​ដែល​ភូមា​ទើប​តែ​ចាក​ចេញ​ពី​របប​យោធា​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ ផ្អែក​លើ​សន្ទស្សន៍​នោះ វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា វិស័យ​នីតិរដ្ឋ​នៅ​កម្ពុជា​មិន​មែន​វិវត្ត​ទៅ​រក​ភាព​ល្អ​ប្រសើរ​ទេ ប៉ុន្តែ វា​បាន​ធាក់​ថយ​ទៅ​វិញ។

សន្ទស្សន៍​នីតិរដ្ឋ​ល្អ ឬ​អាក្រក់ គឺ​អាស្រ័យ​ទៅ​លើ​កត្តា​ចំនួន ៨​ចំណុច ក្នុង​នោះ​ មាន​ទាំង​វិស័យ​យុត្តិធម៌ផង​ដែរ ប៉ុន្តែ របាយការណ៍​មួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ បាន​កត់​សម្គាល់​ឃើញ​ថា វិស័យ​យុត្តិធម៌​នេះ បាន​រង​គ្រោះ​ព្រោះ​តែ​អំពើ​ពុក​រលួយ​ដ៏​រីក​រាល​ដាល​នៅ​តាម​ស្ថាប័ន​តុលាការ។

ដោយ​ផ្អែក​ទៅ​លើ​របាយការណ៍មួយ​ចេញ​ដោយ​​មជ្ឈ​មណ្ឌល​ផ្ដល់​ប្រឹក្សា​ច្បាប់ និង​តស៊ូ​មតិ​ នាយក​ប្រតិបត្តិ​​អង្គការ​តម្លាភាព​អន្តរជាតិ លោក ព្រាប កុល បាន​ប្រាប់​ថា ក្នុង​ចំណោម​ស្ថាប័ន​រដ្ឋ វិស័យ​តុលាការ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​អំពើ​ពុក​រលួយ​ខ្ពស់​ជាង​គេ បើ​ធៀប​ទៅ​នឹង​វិស័យ​ផ្សេង​ទៀត។ បន្ទាប់​មក​គឺ​វិស័យ​នគរបាល ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​អំពើ​ពុក​រលួយ​ខ្លាំង​ផង​ដែរ។

លោក ព្រាប កុល បញ្ជាក់​ថា​៖ “នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​យើង​ធ្វើ​កន្លង​មក នៅ​ឆ្នាំ​២០១៤ យើង​បាន​រក​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​យើង មាន​ចំណុច​ខ្សោយ ប្រព័ន្ធ​ការពារ​អំពើ​ពុក​រលួយ​ វា​នៅ​ខ្សោយ ឬ​ក៏​យើង​អាច​និយាយ​បាន​ថា ប្រព័ន្ធ​យុត្តិធម៌​ងាយ​រង​គ្រោះដោយសារ​អំពើ​ពុក​រលួយ។ អីចឹង​ក្នុង​ចំណោម​ស្ថាប័ន​ទាំង​អស់ ​ដែល​យើង​រក​ឃើញ​ថា សុទ្ធ​តែ​អាច​មាន​អំពើ​ពុក​រលួយ​កើត​ឡើង​បាន ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង គឺ​ធ្ងន់ធ្ងរ​ជាង​គេ បើ​យើង​ប្រៀប​ធៀប​ទៅ”។​

នៅ​ក្នុង​របាយការណ៍​ដដែល​នោះ អង្គការ​តម្លាភាព​កម្ពុជា បាន​ជំរុញ​ទៅ​រដ្ឋាភិបាល ឲ្យ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​ធានា​ឲ្យ​បាន​ឯករាជ្យភាព​របស់​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​បង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​មនុស្ស​ទាំង​អស់។

លោក ព្រាប កុល បន្ថែម​ថា៖ “ដូច្នេះ យើង​បានលើក​ជា​អនុសាសន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​ធានា​បាន​នូវ​ឯករា្យ​ភាព ឯករាជ្យ​ភាព​របស់​ចៅ​ក្រម របស់​ព្រះ​រាជ​អាជ្ញា របស់​មេធាវី នៅ​ក្នុង​ការ​ធ្វើការ​ងារ​កាត់​ក្ដី ដើម្បី​ធានា​បាន​ថា ឲ្យ​គាត់​ធ្វើ​ការងារ​ប្រកប​ដោយ​វិជ្ជា​ជីវៈ មិន​រង​ឥទ្ធិពល​នយោបាយ មិន​ទទួល​ប្រាក់​សំណូក ហើយ​កាត់​ក្ដី​ដោយមិន​លម្អៀង​ព្រោះ​តែ​កត្តា​ពុក​រលួយ ឬ​កត្តា​នយោបាយ​ណា​មួយ​នោះ”។

ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ ហើយ​រឿង​ក្ដី​ពាក់​ព័ន្ធ​នឹង​នយោបាយ​ជាច្រើន ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​ងាយ​នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ​ បើ​ទោះបី​ជា​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ជា​ញឹក​ញយ​ថា ខ្លួន​មិន​បាន​លូក​លាន់​ចូល​ក្នុង​កិច្ចការ​តុលាការ​ក៏​ដោយ។

អ្នក​សម្រប​សម្រួល​គម្រោង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ហ៊ុន ស៊ាងហាក់ បានប្រាប់​ថា រឿង​ក្ដី​ពាក់​ព័ន្ធ​នឹង​នយោបាយ និង​អ្នក​មាន​ឥទ្ធិពល គឺ​ជា​រឿង​ដ៏​ស្មុគ​ស្មាញ ដែល​ជន​រង​គ្រោះ​មិន​​ងាយ​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ។

លោក ហ៊ុន ស៊ាងហាក់ បញ្ជាក់​ថា​៖ “អ្វី​ដែល​ជា​ការ​បារម្ភ​ខ្លាំង​នោះ គឺ​រឿង​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​អ្នក​មាន​ឥទ្ធិពល មាន​អំណាច ឬ​ហៅ​ថា រឿង​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ជា​រឿង​មួយ​ដែល​ស្មុគ​ស្មាញ ដែល​យុត្តិធម៌​ត្រូវ​បាន​ពន្យា​ពេល និង​ត្រូវ​បាន​រង់ចាំ​រហូ​ត​សម្រាប់​ជន​រង​គ្រោះ។ ជា​មួយ​អ្នក​មាន​ឥទ្ធិពល អ្នក​មាន​អំណាច ឬ​រឿង​ពាក់​ព័ន្ធ​នឹង​នយោបាយមួយ​ចំនួន នេះ​ហើយ​ដែល​ជា​រឿង​ពិបាកទទួល​បាន​យុត្តិធម៌​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​យើង”។

បញ្ហាឥទ្ធិពល​នយោបាយ​គ្រប​ដណ្ដប់​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌ ក៏​ត្រូវ​បាន​គេ​ឃើញ​​ផង​ដែរ តាម​រយៈ​ភាព​ប្រឡូក​ប្រឡាក់​របស់​ក្រុម​មន្ត្រី​តុលាការ​កម្ពុជា នៅ​ក្នុង​គណបក្ស​កាន់​អំណាច។ ​លិខិត​មួយ​ច្បាប់​ដែល​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ ផ្ញើ​ទៅ​​កាន់​ក្រុម​ការងារ​ពង្រឹងបក្ស​​នៅ​តាម​បណ្ដា​ខេត្ត និង​រាជ​ធានី កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤​កន្លង​មក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា ត្រូវ​បាន​​គណបក្ស​កាន់​អំណាច​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ការងារ​ចុះ​ជួយ​ពង្រឹង​មូលដ្ឋាន​នានា នៅ​ទូទាំង​ប្រទេស។ ផ្អែក​តាម​លិខិត​មួយ​ច្បាប់​នេះ ក្រុម​មន្ត្រី​តុលាការ​កម្ពុជា បាន​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​រំលោភ​លើ​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា។ ប៉ុន្តែ លោក សាយ ឈុំ បាន​ណែនាំ​ទៅ​ប្រធាន​ក្រុម​ការងារ​បក្ស​ទាំង​អស់ ឲ្យ​លុប​ចោល​មន្ត្រី​តុលាការ​ទាំង​នោះ ចេញ​ពី​សមាជិក​ក្រុម​ការងារ​របស់​គណបក្ស។

ជា​ការ​សង្កេត​ លោក ព្រាប កុល បាន​មើល​ឃើញ​ថា សកម្មជន​របស់​គណបក្ស​នយោបាយ បាន​ក្លាយ​ទៅ​ជា​ចំណាប់​ខ្មាំង​នយោបាយ នៅ​ពេល​រឿង​ក្ដី​ពាក់​ព័ន្ធ​នយោបាយ​មួយ​ត្រូវ​បាន​នាំ​ទៅ​តុលាការ។

លោក ព្រាប កុល បញ្ជាក់​ថា​៖ “ករណី​ដែល​យើង​កម្រ​ឃើញ​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ ទី​១​គឺ​ករណីផ្សេងៗ ពាក់​ព័ន្ធ​នឹងរឿង​នយោបាយ។ បើ​កាល​ណា​ករណីមាន​ភាព​ចម្រូង​ចម្រាស់ដែល​យើង​មើល​ឃើញ​ថា អាច​មាន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ គឺ​អ្នក​រង​គ្រោះ​ហ្នឹង​ច្រើន​តែ​ក្លាយ​ជា​អ្នក​រង​គ្រោះ​នៃ​ចំណាប់​ខ្មាំង​នៃ​អ្នក​នយោបាយ”។

លោក ព្រាប កុល បាន​ព្រមាន​​ថា នៅ​ពេល​ប្រជា​ពលរដ្ឋ​កម្ពុជា​កាន់​តែ​​បាត់​បង់​ជំនឿ​ទៅ​​លើ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​នេះ ហើយពួកគេ​នឹង​ជ្រើស​រើស​វិធី​ផ្សេងក្រៅ​ពី​ការ​ដោះ​ស្រាយ​ក្ដី​នៅ​ក្នុង​តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ