ស្ថានទូតខ្មែរនៅម៉ាឡេស៊ីនិងវៀតណាម​សង្គ្រោះពលករបានចំនួន​២៩នាក់

ស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ី និងប្រទេសវៀតណាម​ បានអន្ដរាគមន៍ជួយសង្គ្រោះពលករខ្មែរ២៩នាក់ ដោយថា អ្នកខ្លះមិ​ន​​​អាច​​ស៊ូទ្រាំនឹងការងារនៅទីនោះ និងខ្លះទៀតលួចឆ្លងដែនទៅប្រទេសទំាងនោះដោយខុសច្បាប់​។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានដកស្រង់សម្តីរបស់​អ្នកនាំ​ពាក្យក្រសួង​ការ​បរ​ទេស​ក​ម្ពុជា លោក ជុំ សុន្ទរី ឲ្យដឹងថា ស្ថានទូតខ្មែរនៅប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរម៉ាឡេស៊ីសង្គ្រោះ​ពលករ​ខ្មែរ​២២នាក់ ដោយក្នុងនោះ១១នាក់ ចាញ់បោកមេខ្យល់​នំាទៅធ្វើការនៅលើទូកនេសាទ កាលពីឆ្នាំ២០១៥ និង១១​នាក់ទៀត នាំគ្នាទៅ​ធ្វើការ​ដោយខុសច្បាប់នៅប្រទេសនោះ។

​សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថា ដោយឡែក ពលករខ្មែរ៧នាក់(ស្ត្រី​)ផ្សេងទៀត ដែលធ្វើដំណើរតាមម៉ូតូពីកម្ពុជា​តាម​ខេត្តតា​​កែវ រួច​បន្តឆ្លងកាត់ខេត្តអានយ៉ាង  រ​ហូត​ដល់​ទីក្រុងហូជីមីញ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ ដោយពុំមាន​លិខិត​ឆ្លង​ដែន បម្រុង​ឡើងរថយន្តប​ន្តដំណើរ​ទៅព្រំដែន​វៀត​ណាម-ចិននោះ ត្រូវ​បាន​សមត្ថកិច្ចក្រុងហាណូយ ឃាត់ខ្លួន​សាកសួរ និង​បញ្ជូន​​ត្រឡប់មកស្ថាន​ទូតកម្ពុជាប្រចំា​ប្រទេស​នេះ ដើម្បីធ្វើបែបបទបញ្ជូនត្រឡប់​មក​កម្ពុជា​វិញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០​១៨​នេះ​​ផង​ដែរ​​។

ក្រសួងការបរទេសបានឲ្យដឹងកាលពីខែកញ្ញា ឆ្នាំ២០១៧ ថា ក្រសួង​នេះ​ បានជួយពលករខ្មែរពីប្រទេស​ម៉ាឡេងស៊ីចំនួន១៦នាក់​បន្ទាប់​ពី​ពួកគេ​ថា មិនអាចស៊ូ​ទ្រាំនឹង​ការងារ​​នៅទីនោះ។

តាមរបាយការណ៍របស់ក្រសួងការបទេសកម្ពុជា រយៈពេល៦ខែដើមឆ្នាំ២០១៧ អាជ្ញាធរកម្ពុជា​បានជួយ​សង្គ្រោះ​និងធ្វើ​មាតុ​ភូមិ​និវត្តន៍​ ពលករខ្មែរចំនួន ៤៥០នាក់។ ក្នុងនោះ បញ្ជូនមកពីប្រទេសថៃ មានចំនួន១៧៨នាក់ ម៉ាឡេស៊ី ចំនួន​១៣៤នាក់ វៀត​ណាម ចំនួ​ន​៦៨នាក់ មកពីឡាវ ចំនួន២៤នាក់ និង ចំនួន ២២នាក់ផ្សេងទៀត បញ្ជូនមកពីប្រទេសចិន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ