ក្រុម​អតីតតំណាង​រាស្ត្របក្សប្រឆំាងស្នើជាថ្មីទៀតសុំចូលសួរសុខទុក្ខលោក កឹម សុខា

មេដឹកនាំ​អតីត​បក្សប្រឆាំង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

ក្រុមអតីតតំណាង​រាស្ត្រគណបក្សប្រឆំាង ​បានដាក់លិខិតមួយស្នើទៅតុលាការជាថ្មីទៀត​ ដោយថា​ដើម្បី​សួរ​សុខ​​ទុក្ខ​​លោក កឹម សុខា នៅ​ពន្ធ​នា​​គារ​​ត្រពាំងផ្លុង និងរាយការណ៍ពីការវិវត្តនយោបាយនៅកម្ពុជា​។

ក្នុង​លិខិតរបស់ក្រុមអតីតតំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ នៅ​មណ្ឌលខេត្តកំពង់ចាម ដែលដឹកនាំដោយលោក ម៉ៅ មុនីវណ្ណ​ ដាក់​​ទៅ​សាលាដំបូងរាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៦ខែ​មករាម្សិល​មិញនេះ បានឲ្យដឹងថា អតីតតំណាង​រាស្ត្រ៥រូប និង​សហការី​១០នាក់​​ផ្សេ​ងទៀត បាន​ស្នើទៅចៅក្រម​ស៊ើបសួរ​លោក គី ឬទ្ធី ដើម្បីចូលសួរសុខទុក្ខលោក កឹម សុខា នៅពន្ធនាគារ នាថ្ងៃទី១៩ ខែ​មករា វេលាម៉ោង៩ព្រឹក ខណៈតុលាការមិនទាន់មានការឆ្លើយតបនៅឡើយ​។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ម៉ៅ មុនីវណ្ណ មានប្រសាសន៍បន្ថែមលើខ្លឹមសារលិខិតនោះថា ដើមចមដែលនាំឲ្យ​ក្រុម​​តំណាង​​រាស្ត្រ និងសហការីមួយចំនួនទៀត ចង់ទៅសួរសុខទុក្ខលោក កឹម សុខា  ដោយសារពួក​គេចង់​ដឹង​ពីសុខភាព ស្ថាន​ភាព​​នៃ​ការរស់នៅក្នុងពន្ធនាគារ​ និងរាយការណ៍ពីការវិវត្តនយោបាយនៅកម្ពុជា​ផង​ដែរ។

លោកមានប្រសាសន៍ថា«ធម្មតាសួរសុខទុក្ខគាត់​[លោក កឹម សុខា]តើសុខភាពគាត់យ៉ាងម៉េច​ ទឹកចិត្តគាត់យ៉ាងម៉េច ជំហរ​នយោ បាយ​គាត់យ៉ាងម៉េច ដើម្បីយើង​រាយការណ៍ពី​ស្ថានភាពនយោបាយ​មួយចំនួនផងទៅជូនគាត់ ដើម្បីឲ្យគាត់ដឹង​»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លី សុផាណា បានអះអាងតាម​សារតេឡេក្រាមនៅថ្ងៃនេះថា តុលាការបាន​បញ្ជូន​លិខិត​ស្នើ​សុំ​របស់អតីតតំណាង​រាស្ត្របក្សប្រឆាំង ទៅចៅក្រមស៊ើបសួរ លោក គី ឬទ្ធី រួចហើយ ប៉ុន្តែលោកថា មិនទាន់​មានការ​ឆ្លើយតបថា យល់​ព្រម ឬមិនព្រមនៅឡើយ​។

អ្នកនាំពាក្យរូប​នោះ បានបញ្ជាក់ថា បើតាមនីតិវិធីច្បាប់ នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមិនបានកំណត់រយៈ​ពេលប៉ុន្មានថ្ងៃ ដើម្បី ឆ្លើយ​​តបទៅនឹងការស្នើសុំ​សួរសុខទុក្ខអ្នកជាប់ឃុំនោះទេ ខណៈសំណុំរឿងនេះកំពុង​ស្ថិតនៅក្នុងដំណាក់ការស៊ើបសួរនៅឡើយ។

អ្វីដែលគួរឲ្យកត់សំគាល់ ចាប់ពីចាប់ខ្លួនអតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា កាលពីដើមខែកញ្ញាឆ្នាំមុន រហូតដល់​ថ្ងៃទី១៧​ខែមករា ឆ្នាំ២០១៨នេះ ក្រុមអតីតតំណាង​រាស្ត្របក្សប្រឆំាងបានដាក់លិខិតទៅតុលាការច្រើនដងមកហើយ ប៉ុន្តែ​តុលាការ​មិន​អនុញាតឲ្យ​ក្រុម​អតីតតំណាងរាស្ត្របក្សប្រឆំាងចូលសួរសុខទុក្ខលោក កឹម សុខា នោះទេ ដោយអនុញាត​ឲ្យតែមេធាវីកា​រពារ​ក្តីចូលជួប​តែ​ប៉ុណ្ណោះ។

លោកមេធាវី សុក សំអឿន បានពន្យល់ថា នៅក្នុង​ច្បាប់​មិនបានកំណត់ មិនឲ្យអ្នកដទៃទៅសួរសុខទុក្ខអ្នកជាប់ឃុំនោះទេ ទោះជា​ក្នុង​ដំណាក់​កាលចៅក្រមស៊ើបសួរក៏ដោយ។ ប៉ុន្តែលោកថា បើតុលាការហាមមិនឲ្យក្រុមអតីតតំណាង​រាស្ត្របក្ស​ប្រឆំាងចូលសួរ​សុខទុក្ខ​លោក​ កឹម សុខា នឹងបង្ហាញពីការរិតត្បិតសិទ្ធិសេរីភាព។

លោកពន្យល់ថា«អត់មានច្បាប់ចែង ហាមក៏មិនហាម ឃាត់ក៏មិនឃាត់ ដ៏អត់មានច្បាប់ចែង​ តុលាការ ពន្ធនាគារធ្វើចឹ​ងវា​ទៅ​ជាបិទសិទ្ធិសេរីភាពវិញ វាទៅមើលឃើញរដ្ឋាភិបាលអាក្រក់…អាក្រក់វាអត់មានច្បាប់ អ្នកផ្សេងទៀត​គេចូលមើលបាន​ ចូលជួបបាន​ដ៏មនុស្សម្នាក់[លោក កឹម សុខា]ហ្នឹង ម៉េច​ក៏រើសអើងម៉្លេះ​…បើវាមានច្បាប់ចែងថា អ្នកទោសនយោបាយ​ អ្នកទោសធ្ងន់ត្រូវ​អីចឹងទៅ…បានប៉ូលីសពន្ធនាគារ តុលាការធ្វើចឹងទៅវាសម​»។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» និង «ឃុបឃិត​»ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល៣​លាន​សំឡេង ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នៅ​ឆ្នាំ​២០១៧​កន្លង​មក​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​​មុន ខណៈ​ដែល​ក្បាល​ម៉ាស៊ីន​ដឹកនាំ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ។

ទោះជាយ៉ាងណា វិធានការ​ទៅ​លើ​បក្ស​ប្រឆាំង​ បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ថ្កោល​ទោស​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​​បក្ស​កាន់​អំណាច ដោយ​ចាត់​ទុក​ជា​ការ​ដើរ​ឃ្លាត​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ