កសិករម៉ាឡេស៊ីផ្ទុះការតវ៉ាករណី​​អឺរ៉ុបឈប់ទិញដូងប្រេង

កសិករដាំដូងប្រេងប្រមាណ​២០០០នាក់ បានផ្ទុះការតវ៉ាកាលពីថ្ងៃអង្គារម្សិលមិញ ប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប ដែលកំពុងរៀបចំផ្លូវច្បាប់ក្នុងការឈប់ទិញដូងប្រេងពីប្រទេសនេះ ដោយថា ពាក់ព័ន្ធដាំដូងប្រេងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។​

ក្រុមអ្នកតវ៉ាបាននាំគ្នាប្រមូលផ្តុំនៅមុខស្ថានទូតអឺរ៉ុប និង ទូតប្រទេសសមាជិកអឺរ៉ុបនៅក្នុងទីក្រុងកូឡាឡាំពួរ ហើយនាំគ្នាលើកបដាដែលសរសេរថា លុបចោលគម្រោងឈប់ដូងប្រេងទៅ! ដំណាំដូងប្រេងផ្តល់អាហារដល់គ្រួសារយើង។ ទន្ទឹមនឹងការលើកបដា​ពួកគេក៏បានដាក់ញត្តិទៅកាន់ស្ថាប័នទាំងនោះដែរ។​ នេះបើតាមសារព័ត៌មាន Channel news Asia​។​

កសិករតវ៉ាផ្ទុះឡើងនេះ ស្របពេលដែល​សភាសហភាពអឺរ៉ុបកំពុងរៀបចំអនុម័តច្បាប់ក្នុងការផ្អាកការទិញដូងប្រេងពីប្រទេសម៉ាឡេស៊ី។​

មូលហេតុដែលអឺរ៉ុបសម្រេចឈប់ទិញដូងប្រេងពីប្រទេសម៉ាឡេស៊ីនេះ បន្ទាប់ពីរកឃើញថា ដំណាំដូងប្រេងក្នុងប្រទេសនេះ កំពុងតែធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រព័ន្ធជីវៈចម្រុះ ដែលអនុវត្តខុសពីកិច្ចព្រមព្រៀងរវាងម៉ាឡេស៊ី និង អឺរ៉ុប។​ ប៉ុន្តែការចោទប្រកាន់ពីអឺរ៉ុបនេះ​ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីច្រានចោលជាបន្តបន្ទាប់គឺបញ្ជាក់ថា ដំណាំដូងប្រេងនៅក្នុងប្រទេសនេះ​មិនប៉ះពាល់ដល់ បរិស្ថាននោះទេ។​

ការផ្អាកទិញដូងប្រេងនេះនឹងអាចប៉ះពាល់ដល់​សហគមន៍ដូងប្រេងចំនួន​៦៥០ ០០០សហគមន៍ ហើយប៉ះពាល់ដល់កសិករដែលរស់នៅពឹងផ្អែកលើដូងប្រេងប្រមាណ​៣លាន២សែននាក់។​

រដ្ឋមន្ត្រីកសិឧស្សាហកម្ម និង​ផលិតកម្ម​ម៉ាឡេស៊ីលោក Mah Siew Keong ថ្លែងថា លោក​បញ្ជាក់ជាញឹកញាប់ ហើយពេលនេះលោកបញ្ជាក់ម្តងទៀតថា ដំណើរការផលិតដូងប្រេងនៅម៉ាឡេស៊ីមានលក្ខណៈល្អប្រសើរបំផុត ធានាការពារបរិស្ថាន រក្សាព្រៃឈើដើម្បីទាក់ទាញទឹកភ្លៀងដោយមិនមានការប៉ះពាល់អ្វីនោះទេ។​លោក​បញ្ចាក់ដែរថា ទំនិញជាច្រើនប្រភេទនាំចូលពីសហភាពអឺរ៉ុបចូលក្នុងប្រទេសម៉ាឡេស៊ី ហើយថា បើសិនករណីនេះមិនអាចដោះស្រាយបាននោះទេ​ ម៉ាឡេស៊ីអាចនឹងពិចារណាក្នុងការរឹតបន្តឹងការនាំទំនិញពីបណ្តាប្រទេសសមាជិកអឺរ៉ុបវិញជាការសងសឹក។​

បច្ចុប្បន្នប៉ាឡេស៊ី និង ឥណ្ឌូនេស៊ីគឺជាប្រទេស ដែលផលិតដូងប្រេងបានជាង៨០%នៃផលិតផលដូងប្រេងសរុបនៅលើពិភពលោក​។ ប្រទេសម៉ាឡេស៊ីតែម្នាក់ឯងផលិតបានប្រមាណ​៣៩%នៃផលដូងប្រេងកែច្នៃហើយ និង​ ៤៤%នៃផលិតផលដូងប្រេងមិនទាន់កែច្នៃហើយនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ