អង្គការ​អន្តរជាតិ​មួយ​​​ដាក់​កម្ពុជា​ជា​ប្រទេស «គ្មានសេរីភាព» ក្រោយ​ការ​បង្ក្រាប​ពីរដ្ឋាភិបាល

(រូបភាពពី Freedomintheworld.org)

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេសកម្ពុជា​ថា «គ្មាន​សេរីភាព» ដោយ​បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត បន្ទាប់​ពី​ប្រទេស​នេះ​បាន​បង្ក្រាប​ទៅ​លើ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អង្គការ​ស៊ីវិល​មួយ​ចំនួន កាល​ពី​ឆ្នាំ​កន្លង​មក​នេះ។

នៅ​ក្នុង​របាយការណ៍​សេរីភាព​ពិភព​លោក​ឆ្នាំ​២០១៨ ដែល​ត្រូវ​បាន​ដាក់​ចំណង​ជើង​ថា «ប្រជាធិបតេយ្យ​ស្ថិត​ក្នុង​វិបត្តិ»​ ចេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ អង្គការ Freedom House បាន​ដាក់​វាយ​តម្លៃ​​កម្ពុជា​ត្រឹម​តែ ៣០​ពិន្ទុ នៅ​ក្នុង​ចំណោម​ពិន្ទុ​សរុប ១០០ សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​សេរីភាព​នៅ​តាម​បណ្ដា​ប្រទេស​នានា​នៅ​ទូទាំង​ពិភព​លោក។

ជាមួយ​កម្រិត​ពិន្ទុ​បែប​នេះ ប្រទេស​កម្ពុជា​ត្រូវ​បាន​អង្គការ​នេះ ចាត់​ចូល​ក្នុង​ចំណោម​ប្រទេស​ «គ្មានសេរីភាព»។ មិន​ត្រឹម​តែ​ស្ថិត​ក្នុង​កម្រិត «គ្មាន​​សេរីភាព»​ នោះ​ទេ ប៉ុន្តែ អង្គការ​នេះ​បាន​វាយ​តម្លៃ​ថា ស្ថានភាព​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត បន្ទាប់​ពី​ការ​បង្ក្រាប​ទៅ​លើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ប្រហែល ៣​លាន​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទៅ​តាម​បណ្ដឹង​ក្រសួង​មហាផ្ទៃ​ ហើយ​អាសនៈ​ជាប់​ឆ្នោត​របស់​បក្ស​នេះ តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ត្រូវ​បាន​ដក​ហូត​ និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង ដែល​មិន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក។

ជាង​នេះ​ទៅ​ទៀត មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញាឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

ក្រៅ​ពី​ចំណាត់​ការ​ទៅ​លើ​បក្ស​ប្រឆាំង អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីងតោន​មួយ​នេះ បាន​និយាយ​ក្នុង​របាយការណ៍​នោះ​​ទៀត​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រង​ផល​ប៉ះពាល់ បន្ទាប់​ពី​អាជ្ញាធរ​ប្រទេស​នេះ បាន​បិទ​កាសែត​ឯករាជ្យ ខេមបូឌា ដេលី ការ​ជំរុញ​ឲ្យ​ស្ថានីយ៍​វិទ្យុ​ជាច្រើន បិទ​ការ​ផ្សាយ និង​ការ​ប្រកាស​របស់​រដ្ឋាភិបាលថា ការ​ចែក​រំលែក​មតិ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម គឺ​ជា​«បទ​ល្មើស»​នោះ។

ទោះជាយ៉ាងណា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី ដូចជា ថៃ ភូមា វៀតណាម និង​ឡាវ និង​ប្រទេស​ជាច្រើន​នៅ​តំបន់​អាហ្វ្រិក ដែល​អង្គការ Freedom House ចាត់​ថ្នាក់​ជា​ប្រទេស «គ្មាន​សេរីភាព»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ