រដ្ឋមន្ត្រី៖ ការបង្កើតផ្សារនៅព្រំដែនកម្ពុជា-វៀតណាម​ជួយជីវភាពពលរដ្ឋប្រទេសទាំងពីរ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាថ្លៃងថា ការបង្កើតផ្សារគំរូនៅព្រំដែនកម្ពុជា-វៀតណាម នឹងជួយបង្កើនទំហំពាណិជ្ជកម្ម និងលើកកម្ពស់ជីវភាពពលរដ្ឋនៃប្រទេសទាំងពីរឲ្យបានប្រសើរឡើង។​

នៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់​នៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ថ្លែងថា ផ្សារគំរូបដែលឡើងលើកដំបូងនេះ វានឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងការដាក់លក់ទំនិញនៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាដែលរារាំងដល់ការដោះដូរទំនិញនៅពេលកន្លងមក។ ​នេះបើតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។​

លោកចាត់ទុកការបង្កើតផ្សារនៅព្រំដែនកម្ពុជា-វៀតណាមនេះ ជាចំណុចថ្មីបន្ថែមទៀតក្នុងការពង្រឹងទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យឈានដល់​៥០០០លានដុល្លារ តាមគម្រោងរបស់រដ្ឋាភិបាលទាំងពីរ។​

សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចលោក គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ការបង្កើតផ្សារនៅព្រំដែ​នវាផ្ដល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋប្រទេសទាំងពីរក្នុងការទៅទិញទំនិញ ហើយដើម្បីបង្ហាញពីខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណម និងការរួម ចំណែកក្នុងអភិវឌ្ឍន៍នៅតាមជនបទផងដែរ ។​ប៉ុន្តែលោកថា ប្រសិនបើការបង្កើតផ្សារនេះ ដើម្បីនាំទំនិញពីវៀតណាមមកកម្ពុជា នោះ វានឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងស្រុក។

លោកថា៖ «បើយើងមើលអ្នកផលិតនៅក្នុងស្រុក អ្នកនៅស្រុកយើងអត់មានអ្នកណាចិញ្ចឹមសត្វអត់មានអ្នកណាដាំបន្លែទេ នៅក្នុង ខេត្តត្បូងឃ្មុំភាគច្រើន ដាំដំណាំកសិឧស្សាហកម្ម​​។ អញ្ចឹងកាលណាគេនិយាយពីសេដ្ឋកិច្ចតាមច្រកព្រំដែន ដែលគេហៅថា ជាច្រកតំបន់នេះគឺមិនមានផលប៉ះពាល់ទេ ប៉ុន្តែបើទំនិញនោះហូរមកដល់ក្នុងស្រុកវាអាចប៉ះពាល់ទៅនឹងប្រជាពលរដ្ឋខ្មែរដទៃទៀត បើសិនជាវាច្រកសម្រាប់បង្ហូរចូលមក នៅក្នុងប្រទេសទាំងមូល តែបើសិនជាច្រក សម្រាប់ប្រើប្រាស់នៅតំបន់ក្នុង ស្រុកគឺមិនមានផលប៉ះពាល់ទេ តែវាជួយឲ្យកំណើនសេដ្ឋកិច្ចក្នុងស្រុកបានប្រសើរវិញ»។

ផ្សារគំរូនេះ សង់លើផ្ទៃដីប្រហែល ២ ហិកតា មានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានចម្ងាយពី ១ គីឡូម៉ែត្រ ពីព្រំដែនវៀតណាម​ជាប់ខេត្តតៃនិញ។ ទុនវិនិយោគសាងសង់ផ្សារនេះសរុបប្រមាណ ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។ ផ្សារគំរូ កម្ពុជា-វៀតណាម ចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៨នេះ ហើយបញ្ចប់នៅឆ្នាំ២០១៩ ខាងមុខ។

គិតត្រឹមរយ:ពេល​១១ខែ ក្នុងឆ្នាំ២០១៧កន្លងមក  កម្ពុជា-វៀតណាម  បានសម្រេចទំហំពាណិជ្ជកម្ម ៣ ៤៣៨លានដុល្លារ ពោលគឺបានកើនឡើង ៣១,៥% បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ ២ ៩២៦ លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ