រដ្ឋមន្ត្រី​ក្រសួ​ង​មហា​ផ្ទៃរិះគន់ថាផ្លូវថ្នល់មួយចំនួនធ្វើឡើងមិនមានគុណភាព​

សកម្មភាពធ្វើផ្លូវ​ (ដោយ គឹម ហុង)

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃជំរុញឲ្យក្រសួងសាធារណៈការ ពង្រឹងបច្ចេកទេស ក្នុងការកសាងផ្លូវ ដើម្បីរក្សាស្តង់ដារ និង សុវត្ថិភាព ជូនពលរដ្ឋ ខណៈលោកថា កន្លងមកផ្លូវមួយចំនួនកសាងឡើងឆាប់ខូចខាតទៅវិញ។​

ទីភ្នាក់ងារព័ត៌មាន​កម្ពុជាAKPដក​ស្រង់​ប្រសាសន៍​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង ក្នុង​ពិធី​បិទសន្និ​បាត​បូ​ក​សរុ​ប​លទ្ធផល​ការ​ងារ​ប្រចាំ​ឆ្នាំ២០១៧ របស់​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន​កាល​ពី​ថ្ងៃ​១៦​ មករា​ម្សិល​មិញ ដោយ​លោក​ ស ខេង បាន​លើក​ឡើង​ថាកន្លងមក ការសាងសង់ផ្លូវមួយចំនួនអនុវត្ដន៍បានត្រឹមត្រូវ និងមានគុណភាពល្អ តែ​ផ្លូវ​មួយ​ចំនួន​ទៀត​ខ្វះ​គុណភាព។ លោក​បន្តថា ជាក់ស្ដែងផ្លូវជាតិលេខ៨ តភ្ជាប់ពីផ្លូវជាតិលេខ៦អា ទៅកាន់ផ្លូវជាតិលេខ៧ ដែលជាផ្លូវទើបសាងសង់ថ្មី ប៉ុន្ដែរហូត​មក​ដល់​ពេលនេះហាក់ដូចជាមានសភាពទ្រុឌទ្រោមជាងផ្លូវចាស់ពីមុនទៅទៀត។

លោក​បន្ថែម​ថា រហូតមកដល់ពេលនេះ ផ្លូវជាតិលេខ៨ ត្រូវបានជួសជុលជាបន្ដបន្ទាប់ ប៉ុន្ដែនៅតែមិនធានាគុណភាព និងការប្រើប្រាស់មិនបានជាប់ល្អនោះ​ទេ។

លោក​ជំរុញ​ឲ្យ​ក្រសួង​សាធារណៈ​ពិនិត្យ​ឡើង​វិញឲ្យ​បាន​ច្បាស់​ និង​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេសផ្លូវ និង​​ស្នើ​ឲ្យ​កែ​ទម្រង់​​រចនា​សម្ព័ន្ធ​គណៈកម្មាធិការ​ចម្រុះ​ត្រួត​ពិនិត្យ​យានយន្តដឹក​ជញ្ជូន​លើស​ទម្ងន់​ ពង្រឹង​ការ​សហ​ប្រតិបត្តិ​ការណ៍ និង​ពង្រឹងការ​គ្រប់​គ្រង​ការ​កែ​ច្នៃ​យានយន្ត​ដើម្បី​រក្សា​របៀប​រៀប​រយ​ សុវត្ថិភាព និង​រក្សាភាព​មាំ​ទាំ​នៃ​ផ្លូវ​ថ្នល់។

អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការ​លោក វ៉ាស៊ឹម សុរិយា បានទទួល​ស្គាល់​ថា​ផ្លូវ​មួយ​ចំនួ​ន​នៅ​កម្ពុជា​នៅ​មិន​ទាន់​បំពេញ​គុណ​ភាព​នៅ​ឡើយ​ទេ ដោយ​សារ​ស្ថានភាព​ដី និង​ទឹក​នៅ​តំបន់​ទាំង​នោះ។

លោកថា៖ «​​យើង​ពិនិត្យ​មើល​ជា​ទូ​ទៅ​ផ្លូវ​ណា​ថ្មី​ចែស​ហ្មង ងាយ​នឹង​រង​ការ​ខូច​ខាត​ខ្លាំង​ជា​ពិសេស​នៅ​តំបន់​ណា ដែល​មាន​ទឹក​ឬ​ចំ​ទឹក​ព្រោះ​អី​ពេល​ខ្លះ​ដាច់​ទាំង​កង់​ៗ តែ​ម្តង។ គ្រាន់​តែ​ចង់​ជម្រាបអញ្ចេស​ថា ជា​ទូ​ទៅ​អ្នក​ប្រឹក្សា​គាត់​សិក្សា​ ជាពិសេស​ថា​ឥឡូវ​ហ្នឹង​យើង​កំពុង​គិត​មើល​ពី​ទីប្រឹក្សា​បច្ចេក​ទេស​ពេល​ខ្លះ​គាត់​បើ​ក​មាត់​ទឹក​តូច យើង​អត់​មាន​យោ​បល់​ទេ​ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ផ្លូវ​វា​ខូច។ អាហ្នឹង​យើង​ត្រូវ​កែ​លំ​អ ហើយ​គាត់​ទៅ​បាត់​ហើយ»។

លោក​បន្ថែម​ថា​ ​ក្រសួង​បាន​ចាប់​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នោះ​សង​ចំពោះ​ការ​ខូច​ខាត និង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វេស​ប្រហែស​ទាំង​នេះ។​

បច្ចុប្បន្ននេះ ផ្លូវថ្នល់រួមទាំងផ្លូវជាតិ និងផ្លូវខេត្ដមានប្រវែង សរុប១៦ ២៩២គីឡូម៉ែត្រ ក្នុងនោះចាក់កៅស៊ូ និង​បេតុង​ប្រវែង​៨ ៥២៦គីឡូម៉ែត្រ ស្មើនឹងជាង​៥២ភាគរយនៃប្រវែងផ្លូវសរុបនៅទូទាំងប្រទេស។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងថា  រដ្ឋាភិបាលចំណាយលុយជិត២០០លានដុល្លារក្នុង១ឆ្នាំដើម្បីជួសជុល និង ថែទាំផ្លូវ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ