អង្គការCCIMដំណើរការកម្មវិធីទូរស័ព្ធសម្រាប់​ឲ្យអ្នកសារព័ត៌មានពលរដ្ឋរាយការណ៍ព័ត៌មាន

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) នៅថ្ងៃព្រហស្បតិ៍នេះ សម្ពោធកម្មវិធីទូរស័ព្ធថ្មីមួយដែលមានឈ្មោះថា News Wire ដែលកម្មវិធីនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋអ្នកសារព័ត៌មានអាចរាយការណ៍ព័ត៌មានដែលខ្លួនបានជួប។

ក្នុងពិធីសម្ពោធកម្មវិធីទូរស័ព្ទថ្មីនេះដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ អ្នកគ្រប់គ្រងគម្រោង News Wire នៃអង្គការCCIM លោកស្រី ហុក ណារិន បានមានប្រសាសន៍ថា កម្មវិធីទូរស័ព្ទថ្មីនេះនឹងជួយសម្រួលដល់ពលរដ្ឋអ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មាន ឬហេតុការណ៍ដែលពួកគេបានឃើញ។ ទោះយ៉ាងណា លោកស្រីបញ្ជាក់ថា កម្មវិធីទូរស័ព្ធ News Wire នេះ ដំណើរការតែលើប្រព័ន្ធ Android ប៉ុណ្ណោះ ហើយពលរដ្ឋអ្នកសារព័ត៌មានត្រូវចុះឈ្មោះជាមុន ដោយត្រូវទាក់ទងទៅអង្គការCCIM ដើម្បីទទួលគណនេយ្យ សម្រាប់អាចរាយការណ៍ និងមើលព័ត៌មានដែលត្រូវបានរាយការណ៍តាមកម្មវិធីទូរស័ព្ទនេះបាន។

លោកស្រី ហុក ណារិន ឲ្យដឹងដែរថា បច្ចុប្បន្ននេះមានពលរដ្ឋអ្នកសារព័ត៌មានចំនួន៨៥ដែលត្រូវបានបណ្តុះបណ្តាល និងជាសមាជិកនៃ News Wire រួមមានទាំងកម្មកររោងចក្រ និងស្ត្រីធ្វើការផ្នែកសេវាកំសាន្ត។ លោកស្រីបន្តថា អ្នកសារព័ត៌មានអាជីពក៏អាចប្រើប្រាស់កម្មវិធីទូរស័ព្ទក៏អាចប្រើប្រាស់កម្មវិធីនេះផងដែរ ដើម្បីទទួលបានព័ត៌មានដែលពលរដ្ឋរាយការណ៍ តែត្រូវចុះឈ្មោះជាមុនដូចគ្នា។

នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលោក ប៉ា ងួនទៀង មានប្រសាសន៍ថា កម្មវិធីទូរស័ព្ទ News Wire នេះជាគម្រោងតូចតែមានន័យវែង ដោយលោកសង្ឃឹមថា ទៅថ្ងៃអនាគត វាអាចជាឃ្លាំងឯកសារមួយសម្រាប់អ្នកសារព័ត៌មាន។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា បច្ចុប្បន្ននេះមានការគាបសង្កត់មួយចំនួនទៅលើប្រព័ន្ធផ្សព្ធផ្សាយ តែលោកថាបច្ចេកវិទ្យាទាំងអស់នេះអាចធ្វើការរំលងការគាបសង្កត់ទាំងនោះបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ