អ្នកគ្រូ នាង ផល្លា នៃអង្គការ គ្រួសារថ្មីទទួលបានគ្រឿង ឥស្សរិយយសពីប្រទេស​​បារាំង

ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ បំពាក់គ្រឿងឥស្សរិយយសដល់អ្នកគ្រូ នាង ផល្លា (រូប​ផ្ដល់​ដោយ​ស្ថានទូត​បារាំង​)

[:kh]អ្នកគ្រូ នាង ផល្លា ដែលមានកេរិ៍ឈ្មោះល្បីដោយសារតែការងារបង្រៀនកុមារពិការភ្នែក និងគ ថ្លង់ ទទួលបានគ្រឿងឥស្សរិយយសអប់រំ (Orde des Palmes Académiques) ពីប្រទេសបារាំង ដោយប្រទេសនេះលើកឡើងថាទង្វើរបស់អ្នកគ្រូជាការងារគំរូ“ដ៏គួរឲ្យកត់សម្គាល់”។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃនេះ ស្ថានទូតបារាំងប្រចាំកម្ពុជាឲ្យដឹងថា នៅថ្ងៃពុធនេះឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំប្រទេសកម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ បានបំពាក់គ្រឿងឥស្សរិយយសដល់អ្នកគ្រូ នាង ផល្លា ដែលកំពុងបម្រើការនៅអង្គការគ្រូសារថ្មី និងជាអ្នកសម្របសម្រួលកម្មវិធីជាតិនៃ “ការអប់រំសម្រាប់កុមារពិការភ្នែក និងគ ថ្លង់”

សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា ពិធីបំពាក់គ្រឿងឥស្សរិយយសនេះរៀបចំឡើងក្នុងឱកាសខួបលើកទី២៥របស់អង្គការគ្រួសារថ្មី ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី វត្តមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងប្រធានស្ថាបនិកអង្គការគ្រួសារថ្មី លោក Benoît Duchâteau-Arminjon។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ស្ថានទូតសាធារណរដ្ឋបារាំងប្រចាំប្រទេសកម្ពុជាបានលើកពីស្នាដៃរបស់អ្នកគ្រូ នាង ផល្លា ថា អ្នកគ្រូ បានជួយបង្ហាត់បង្រៀនកុមារពិការភ្នែក និងគ ថ្លង់ តាំងពីឆ្នាំ១៩៩១។ សេចក្តីប្រកាសព័ត៌មានបន្តថា អ្នកគ្រូក៏បានក្លាយជាគ្រូបង្រៀនអក្សរប្រាយ(អក្សរសម្រាប់ជនពិការភ្នែក)ដំបូងគេនៅកម្ពុជា និងបានចូលរួមកង្កើតអក្សរសម្រាប់កុមារពិការភ្នែកនេះជាភាសាខ្មែរផដែរ។

សេចក្តីប្រកាសព័ត៌មានសរសេរទៀតថា៖ “ដោយសារតែប្រវត្តិការងារគំរូនេះហើយទើបប្រទេសបារាំងសម្រេចបំពាក់គ្រឿងឥស្សរិយយសអប់រំ ជូនដល់លោកស្រី នាង ផល្លា ហើយកាយវិកានេះក៏ជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់ និងលើកទឹកចិត្តរបស់បារាំងចំពោះលោកស្រី ដែលជាគ្រូបង្រៀននិងជាស្រ្តីមួយរូបមានដំណើរជីវិតនឹងប្រវត្តិការងារដ៏គួរអោយកត់សម្គាល់”

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ អ្នកគ្រូ នាង ផល្លា បានបានជាប់ជាបេក្ខជន១០រូបចុងក្រោយសម្រាប់ដណ្តើមយកពានរង្វាន់គ្រូបង្រៀនឆ្នើមពិភពលោក (Global Teacher Prize) ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានផ្តល់ថវិកាជាប្រាក់រង្វាន់ និងផ្តល់ជូនគ្រឿងឥស្សរិយយសមួយផងដែរ។

បើតាមស្ថានទូតបារាំង មេដាយអប់រំដែលស្ថានទូតទើបផ្ដល់ឲ្យអ្នកគ្រូ នាង ផល្លា គឺជាគ្រឿងឥស្សរិយយសដ៏ចំណាស់មួយរបស់សាធារណរដ្ឋបារាំងដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨០៨ដោយព្រះចៅណាប៉ូឡេអុងទី១ ដើម្បីផ្តល់ជូនសាស្រ្តាចារ្យ និងលោកគ្រូអ្នកគ្រូ។ ចាប់ពីឆ្នាំ១៨៦៦មក គ្រឿងឥស្សរិយយសនេះក៏ត្រូវបានបំពាក់ផងដែរដល់បុគ្គលមិនមែនជាគ្រូបង្រៀនតែមានស្នាដៃឧត្តុង្គឧត្តមក្នុងវិស័យអប់រំ៕[:]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ