ពលរដ្ឋប្រមាណ១៣០នាក់ ទទួលបានការពិនិត្យជំងឺដោយមិនគិតថ្លៃ

ប្រជាពលរដ្ឋរស់នៅក្នុងភូមិសែនសិរីមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ទាំងបុរស
ស្រ្តី និងកុមារប្រមាណ១៣០នាក់ បានទទួលការពិនិត្យជំងឺនិងទទួលថ្នាំដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យរបស់
អង្គការ លីកាដូ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៧។

លោក ប៊ឹម មឿន មានអាយុ៧៦ឆ្នាំ ដែលបានមកពិនិត្យសុខភាពមានប្រសាសន៍ថា លោករីករាយណាស់ដែលបានអង្គការមកពិនិត្យជំងឺនិងចែកថ្នាំ ដោយថារាល់ថ្ងៃគាត់មានការលំបាកដោយមានជំងឺលើសសម្ពាធឈាម ពុំមានប្រាក់ក្នុងការទៅពេទ្យ ម្យ៉ាងពេទ្យនៅឆ្ងាយផង។

ប្រជាពលរដ្ឋម្នាក់ទៀតគឺលោក សំ យ៉ុន អាយុ៦៥ឆ្នាំ ដែលបានមកពិនិត្យជំងឺបានឲ្យដឹងថា៖ «ពលរដ្ឋនៅក្នុងភូមិភាគច្រើនមានជីវភាពក្រីក្រ ពុំមានលទ្ធភាពព្យាបាលជំងឺ ហើយអាជ្ញាធរពុំដែលចុះ​ពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋទេ»។

លោក ញ៉ូង សាមឿន មន្ត្រីសម្របសម្រួល អង្គការ លីកាដូ ប្រចាំខេត្តកំពង់ធំ មានប្រសាសន៍ថា ពលរដ្ឋនៅទីនេះ មានជីវភាពក្រីក្រខ្លាំង ពុំមានលទ្ធភាពទៅរកសេវាសុខភាពដូចពលរដ្ឋដទៃ ហើយម្យ៉ាងជាតំបន់ដាច់ស្រយាល ដែលពួក​គាត់ជួប​ការ​លំបាកក្នុការទៅទទួលសេវាសុខភាព។

លោកវេជ្ជបណ្ឌិត ញាណ សារិន ដែលបានពិនិត្យជំងឺជូនពលរដ្ឋមានប្រសាសន៍ថា ពលរដ្ឋគ្រប់គ្នាសុទ្ធតែមានមានជំងឺ ហើយខ្លះមានជំងឺរលាកក្រពះ និងជំងឺពោះវៀនគឺភាគច្រើន និងមួយចំនួនទៀត លើសសម្ពាធឈាម ហើយអ្នកជំងឺមួយចំនួនទាមទារឲ្យមានការពិនិត្យព្យាបាលបន្ត៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ុន​ ឌីម៉ូ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។