អង្គការ២៧ស្នើឲ្យឡាវផ្អាកគម្រោងសង់ទំបន់វារីអគ្គិសនីទីបីលើដងទន្លេមេគង្គ

ក្រុមអង្គការសង្គមស៊ីវិលបានទទូចឲ្យរដ្ឋាភិបាលឡាវផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនី «ប៉ាក់ បេង» នៅលើដងទន្លេគង្គ ដែលជាគម្រោងទី៣ ដោយថានឹងបង្កផលប៉ះពាល់ខ្លាំងដល់ជីវភាពរបស់ពលរដ្ឋ បរិស្ថាន និងជីវចម្រុះ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ អង្គការសង្គមស៊ីវិលចំនួន២៧ បានសំដែងក្ដីព្រួយបារម្ភ ដោយលើកឡើងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនី «ប៉ាក់ បេង» លើតួមេនៃដងទន្លេមេគង្គនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធជីវចម្រុះ ប្រភពទឹក ធនធានជលផល ព្រៃលិចទឹកនៅបឹងទន្លេសាប និងកសិកម្មក្នុងខេត្តមួយចំនួននៅកម្ពុជា ក៏ដូចជាគំរាមកំហែងដល់សហគមន៍នៅប្រទេសថៃ។

យោងតាមសេចក្ដីថ្លែងការណ៍នេះ  ទំនប់វារីអគ្គិសនី «ប៉ាក់ បេង» ជាគម្រោងទី៣ របស់រដ្ឋាភិបាលឡាវ បន្ទាប់ពីគម្រោងទី១ ឈ្មោះ «សាយ៉ាប៊ូរី» កាលពីឆ្នាំ២០១១ និងគម្រោងទី២ «ដន សាហុង» នៅឆ្នាំ២០១៦។ គម្រោងថ្មីនេះ ស្ថិតក្នុងខេត្តឧត្តមសៃ ប៉ែកខាងជើងប្រទេសឡាវ និងមានចម្ងាយ១៤២៣គីឡូម៉ែត្រពីប្រទេសកម្ពុជា ដោយអាចមានលទ្ធភាពផលិតថាមពលអគ្គិសនីដល់ទៅ ៩១២មេហ្គាវ៉ាត់។

អង្គការសង្គមស៊ីវិលលើកឡើងថា គម្រោងទំនប់វារីអគ្គិសនី «ប៉ាក់បេង» នឹងបង្កផលអវិជ្ជមានជាច្រើនដូចករណីទំបន់ «សាយ៉ាប៊ូរី» និង «ដន សាហុង» ដែរ ដោយថា ព្រោះករណីទាំងពីរនេះ គឺឡាវមិនបានគោរពតាមតាមនីតិវិធីជូនដំណឹង ពិគ្រោះយោបល់ និងព្រមព្រៀងជាមុន (PNPCA) ដែលជាធាតុផ្សំសំខាន់របស់គណៈកម្មាធិការទន្លេមេគង្គនោះទេ ក្នុងចំណោមប្រទេសសមាជិក៤ នៅជាប់ទន្លេមេគង្គក្រោម រួមមាន ថៃ ឡាវ កម្ពុជា និងវៀតណាម។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ លោក តឹក សុវណ្ណារ៉ា​ នាយកប្រតិបត្ដិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មានប្រសាសន៍ថា លោកចូលរួមស្នើឲ្យរដ្ឋាភិបាលឡាវផ្អាកការអភិវឌ្ឍគម្រោងទំនប់វារីអគ្គិសនីទីបីនេះ ដោយថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីកាលពីលើកមុន ឡាវមិនបានគោរពតាមនីតិវិធីជូនដំណឹង ការពិគ្រោះយោបល់ និងសិក្សាពីផលប៉ះពាល់ជាមុននោះទេ។ លោកថា ទោះមានការរិះគន់ពីពលរដ្ឋ សង្គមស៊ីវិល និងប្រទេសជាសមាជិកគណៈកម្មាធិការទន្លេមេគង្គ ឡាវនៅតែបន្ដអនុវត្តគម្រោងទំនប់វារីអគ្គិសនី «ប៉ាក់បេង» ដដែល។

លោកថា៖ «យើងបដិសេធទាក់ទងនឹងការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅលើតួមេនៃទន្លេមេគង្គ ដោយសារការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅលើតួមេនៃទន្លេមេគង្គគឺបានផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ធនធានជលផល ប្រព័ន្ធលំហូរទឹក ប្រព័ន្ធជីវចម្រុះ»។

លោកបន្ដថា រដ្ឋាភិបាលឡាវគួរសិក្សា និងវាយតម្លៃពីផលប៉ះពាល់កើតគម្រោងចំនួន២ កាលពីលើកមុនផង ដោយថា មកទល់នឹងពេលនេះ នៅតែបង្កផលអវិជ្ជមានដល់ពលរដ្ឋ និងបរិស្ថាន ដោយមិនដែលឃើញភាគីឡាវអើពើទទួលខុសត្រូវទេ៖ «បើយើងទៅតាមនីតិវិធីជូនដំណឹង ការពិគ្រោះយោបល់ និងការព្រមព្រៀងជាមុន យើងមើលបទពិសោធន៍ទាក់ទងទំនប់សាយ៉ាប៊ូរីអត់ឆ្លងកាត់ទាក់ទងនីតិវិធីហ្នឹងទេ ហើយទី២ ទំនប់ដនសាហុង គឺឆ្លងកាត់បន្ដែនិតីវិធីហាក់បីដូចបរាជ័យ ហើយធ្វើដើម្បីបង្គ្រប់កិច្ច»។

អ្នកស្រាវជ្រាវផ្នែកធនធានទឹក និងវា​រីអគ្គិសនី លោក អឿន ចន្ថា បានសំដែងក្ដីបារម្ភអំពីគម្រោងទំនប់ «ប៉ាក់បេង» នេះដែរ ដោយលោកថា គួរមានការសិក្សាផ្នែកបច្ចេកទេស និងវាយតម្លៃផលប៉ះពាល់ មុនអនុវត្តគម្រោងនេះ។ លោកក៏ទទូច​ឲ្យមាន​ភាគីទីបី ដែលជាប្រទេស​ឯករាជ្យ​ធ្វើការសិក្សាពី​ផលប៉ះពាល់​ជាមុន ទើបជាការល្អ។

លោកថា៖ «កន្លងមក ទន្លេមេគង្គក្រោម យើងឃើញថាទំនប់ទី៣នេះ គឺ ប៉ាក់ បេង គឺជាទំនប់មួយ ដែលយើងមិនទាន់បានដឹងច្បាស់ថា​ផលប៉ះពាល់កម្រិតប៉ុន្មានទេ ដោយសារកន្លងមកដូចជាទំនប់សាយ៉ាប៊ូរី ឬមួយទំនប់ដន សាហុងហ្នឹង អ្វីដែលជាសិក្សាក៏មិនទាន់ច្បាស់លាស់នៅឡើយទេ»។

ក្រុមអង្គការសង្គមស៊ីវិលក៏បានអំពាវនាវឲ្យរដ្ឋាភិបាលឡាវធ្វើការសិក្សាផ្នែកបច្ចេកទេស និងផលប៉ះពាល់ឲ្យបានស៊ីជម្រៅបំផុត ដោយថា យ៉ាងហោច ឲ្យបាន១០ឆ្នាំ មុនសម្រេចសាងសង់ទំនប់ថ្មីនេះឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ