សហគមន៍ដីធ្លីនៅសៀមរាបតវ៉ាជាថ្មីឲ្យតុលាការដោះលែងតំណាងពួកគាត់

សហគមន៍ដីធ្លីនៅសៀមរាបតវ៉ាជាថ្មីឲ្យតុលាការដោះលែងតំណាងពួកគាត់ (បូ សាវី)

អ្នកមានជម្លោះដីធ្លី ប្រមាណ៥០នាក់នាព្រឹកថ្ងៃសុក្រនេះ បានប្រមូលផ្ដុំគ្នានៅខាងមុខតុលា​ការនៅខេត្ដសៀមរាប​តវ៉ាជាថ្មីទៀត ដោយទាមទារឲ្យស្ថាប័នេះដោះលែងតំណាងពួកគាត់ ដោយ​អះអាងថាការឃុំខ្លូននេះ ជារឿងអយុត្ដិធម៌។

តំណាងសហគមន៍ដីធ្លីមួយរូបនៅភូមិត្បែងលិច ឃុំត្បែងស្រុកបន្ទាយស្រី ​គឺលោក​ ចាន់ រិទ្ធ​ ត្រូវបានតុលាការឃុំខ្លួនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ ​ដោយចោទ​ប្រកាន់​ពី​បទ​ឆបោក​ទឹកប្រាក់ជិត៣ម៉ឺនដុល្លា ពីឈ្មួញទិញដីឈ្មោះ យឹម សារីន។

ប៉ុន្ដែក្រុមអ្នកតវ៉ា មកពីសហគមន៍ស្រុកស្វាយលើនិងស្រុកបន្ទាយស្រីប្រាប់វីអូឌី ស្រដៀងគ្នា នៅខាងមុខតុលាការថា តំណាងសហគមន៍ដីធ្លីលោក ចាន់ រិទ្ធ មិនបានប្រព្រឹត្ដ​ដូចការចោទ​ប្រកាន់នោះទេ ដោយថា តំណាងរូបនោះ មានដីធ្លីលក់ឲ្យឈ្មួញដីពិតប្រាកដ ប៉ុន្ដែលោក យឹម សារីន ដែលជាឈ្មួញទិញនោះ​មិនបាន​ទៅមើលដីឲ្យបានច្បាស់លាស់។

ពួកគាត់បញ្ជាក់ថា ដីធ្លី​ដែលលោក ចាន់ រិទ្ធ លក់ឲ្យឈ្មួញរូបនោះ​ជាដី​ពលរដ្ឋន៍មានលិខិ​បញ្ជាក់ត្រឹមត្រូវ ហើយ​ពួកគាត់យល់ព្រមឲ្យលោក ចាន់ រិទ្ធ ធ្វើជាតំណាង និងទទួល​លុយ​ពីក្រុម​ឈ្មួញទិញដី។ ពួកគាត់បន្ថែមថា ការចាប់ឃុំខ្លួតំណាងរូបនោះ ពួកគាត់​ចង់បំបែក​សហគមន៍ដីធ្លី​មិនឲ្យធ្វើការតវ៉ារកដំណោះស្រាយ។

ពួគេទាមទារឲ្យ​តុលា​​ការដោះលែងឲ្យ​ស៊ើបអង្កេតឲ្យច្បាស់​មុនធ្វើការចោទប្រកាន់​តំណាង​ពួក​គាត់។ ពួកគាត់បន្ដថា៖ «ដោះលែងចាន់រិទ្ធហៅឈ្មួញ ដីបើសិនចាន់រិទ្ធ អត់មានដីឲ្យចំនួន៥ហិកតានោះ ពួកខ្ញុំនឹងឲ្យចាប់ចាន់​រិទ្ធដាក់គុកវិញ​បើគាត់មានដីឲ្យ​ត្រូវតែដោះលែង​ថ្ងៃនេះ»។

អ្នកភូមិ មកពីស្រុកបន្ទាយស្រី និងជាកូនប្រុសលោក ចាន់ រិទ្ធ គឺលោក ចាន់ រតនៈ បានឲ្យដឹងថា​ឈ្មួញទិញដីឈ្មោះ យឹម​ សារីន និងបក្សពួកបានញុះញង់ឲ្យប្រ​ជាសហគមន៍​លក់ដី​រដ្ឋ​ដោយខុសច្បាប់ ប៉ុន្ដែបែជាតុលាការចោទប្រកាន់ឪពុករបស់​លោក​ទាំង​អយុត្ដិធម៌​ទៅវិញ។​ ជាមួយគ្នានោះដែរ លោកថា ឪពុករបស់លោកបានប្ដឹងលោក យឹម សារីន ពីការប៉ុនប៉ងមនុស្សឃាត ដោយចេតនា ប៉ុន្ដែតុលាការនេះ​មិនផ្ដល់យុត្ដិធម៌នោះទេ។

លោ​ក​បន្ថែមថា៖ «ស៊មគ្រលំគ្នា ធ្វើម៉េច​ដើម្បីឲ្យ លោក ចាន់ រិទ្ធ ជាប់គុកដើម្បីឲ្យពួកគាត់ ចាត់ចែងរឿងដីធ្លី នៅជើងភ្នំឲ្យដោះស្រាយ ស្រួលខ្ញុំសុំដាក់ពាក្យប្ដឹង ទៅលើបុគ្គល យឹម សារីន អាយុ៣៧ឆ្នាំ ដែលមានទីលំនៅនៅសាលាកំរើកនិងគូរកន ពីបទប៉ុនប៉ង​មនុស្សឃាត​ដោយចេតនា​នៅឃុំត្បែងស្រុកបន្ទាយស្រី»។

ករណីនេះលោក យឹម សារីន មានប្រសាសន៍ថា​ លោកចង់ឲ្យតំណាងសហគមន៍រូបនោះ ឬអ្នកណាម្នាក់បង្ហាញដីនិងធ្វើប្លង់កម្មសិទ្ធឲ្យបានច្បាស់លាស់ ដែលលោកថា ដីដែល​ធ្លាប់ព្រម​ព្រៀង​គ្នាទិញលក់ មិនមែនដីសហគមន៍។​

ជាមួយគ្នានោះ ដែរលោកបដិសេធមិនជាប់ពាក់ព័ន្ធ នឹងការបាញ់ប្រហារទៅលើផ្ទះលោក ចាន់ រិទ្ធ នោះដែរ ដែលថា គ្មានប្រយោជន៍អ្វីដល់លោកទេ។

លោកបន្ដថា៖ «ខ្ញុំចង់ជួប​ចាន់រិទ្ធនៅថ្ងៃណាមួយបើសិនជាអាច តាមរយៈបងនិងអង្គការចង់ជួបដោះស្រាយជាមួយ​គាត់ថាគាត់យកលុយខ្ញុំនេះទិញដីនៅកន្លែងណាហើយដីដែលគាត់យកលក់ឲ្យខ្ញុំមានឬអត់​​បើគាត់មានឲ្យបងប្អូនគាត់ទៅបង្ហាញធ្វើការផ្ទេរសិទ្ធិមកខ្ញុំអត់ចង់ឲ្យបងសួរខាងណោះឆ្លើយចឹង​ទៅសួរខ្ញុំឆ្លើយចឹងទៅ»។

វីអូឌី មិនទាន់អាចទាក់ទង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដសៀមរាបលោក កើត វណ្ណារ៉េត បានទេនៅរសៀលថ្ងៃសុក្រនេះ ដោយលោកមិនលើកទូរសព្ទ។

ទោះជាយ៉ាងនេះក្ដី អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូខេត្ដសៀមរាប​លោក ចៅ ល័ក្ខ​វណ្ណា មានប្រសាសន៍ថា រឿងដែលពលរដ្ឋថា មានដីសម្រាប់ប្រគល់ឲ្យ យឹម សារីន នោះលោកគ្មានសិទ្ធិស៊ើបអង្កេតនោះទេ ប៉ុន្ដែលោកថា ភាគីទាំងពីរគួរមាន​ដំណោះ​ស្រាយ​ សមសមស្របតាមនិតិវិធី ដោយលោកថាកន្លងមក ពួកគេ​ធ្លាប់មានទំនាក់ទំនង​ល្អជាមួយគ្នា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ