បទយកការណ៍៖ គ្រួសារសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំទទូចឲ្យតុលាការដោះលែងអ្នកទាំង១១នាក់

លោក អ៊ុក ពេជ្រសំណាង និង​សកម្មជន​១១​នាក់​ផ្សេង​ទៀត​ពេល​ត្រូវ​នាំ​ខ្លួន​ទៅ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ (រូបភាព៖ ទូច សុខា)

កាលពីខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសសកម្មជនគណបក្សសង្រ្គោះជាតិ ១១នាក់ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំពីបទដឹកនាំនិងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤។ មេធាវីរបស់សកម្មជនទាំងនោះ បានប្តឹងទៅកាន់សាលាឧទ្ធរណ៍ជំទាស់នៅនឹងសេចក្តីសម្រេចរបស់សាលាដំបូង។

នៅព្រឹកថ្ងៃព្រហស្បតិ៍ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះលើករណីសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូប។ ក្រុមគ្រួសារសកម្មជនទាំង១១នាក់បាននាំគ្នាទៅសាលាឧទ្ធរណ៍ដើម្បីស្តាប់សវនាការនេះ។ ក្នុងទឹកមុខក្រៀមក្រំ សាច់ញាតិសកម្មជនទាំងនោះសំណូមពរឲ្យចៅក្រមសាលាឧទ្ធរណ៍ផ្តល់យុត្តិធម៌ឲ្យអ្នកទាំង១១នាក់ និងដោះលែងពួកគេឲ្យមានសេរីភាពវិញ។

ក្នុងវ័យ៦៩ឆ្នាំ អ្នកស្រី មាជ ម៉ារ៉ាឌី ត្រូវជាម្តាយលោក មាជ សុវណ្ណារ៉ា ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ក្នុងចំណោម១០នាក់ផ្សេងទៀត ថ្លែងទាំងទឹកភ្នែកថា សព្វថ្ងៃអ្នកស្រីរស់នៅតែម្នាក់ឯងក្នុងខេត្តបន្ទាយមានជ័យ។ អ្នកស្រីបន្តថា លោក មាជ សុវណ្ណារ៉ា ជាកូនតែម្នាក់គត់របស់អ្នកស្រី ហើយដោយសារតែបារម្ភពីកូនដែលកំពុងជាប់ក្នុងពន្ធនាគារ អ្នកស្រីថាអ្នកស្រីធ្លាក់ខ្លួនឈឺ។

អ្នកស្រីបន្ថែមថា៖ “នឹកណាស់លោកអើយ ជិះឡានមកយំផងអីផងនឹកកូន នឹកក្រៃណាស់នឹក ព្រោះមានកូនតែមួយប៉ុណ្ណោះ ដ៏ឃើញកូនអ៊ីចឹងទៅដេកតែយំដេកតែស្រែក មិនដឹងថាធ្វើយ៉ាងម៉េច ចុះមានអ្នកណាជួយយើងបាន”

ដោយសារតែក្តីអាល័យ និងនឹករឭកកូន អ្នកស្រី មាជ ម៉ារ៉ាឌី បានសំណូមពរឲ្យតុលាការ និងអ្នកនយោបាយជួយឲ្យកូនរបស់អ្នកស្រីបានរួចផុតពីការចោទប្រកាន់នេះ។ លោកស្រីបន្តថា៖ “ចង់សំណូមពរឲ្យអស់លោក(អ្នកនយោបាយ)កំពូលទាំងអស់ហ្នឹងដោះលែងកូនខ្ញុំ…ខ្ញុំសង្ឃឹមថាលោកតុលាការទាំងអស់ហ្នឹងជួយបានសម្រេច ជួយកូនខ្ញុំផង”

សកម្មជនគណបក្ស​សង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា ត្រូវបានសមត្ថកិច្ច​នាំយក​មកសាលាឧទ្ធរណ៍​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ(រូបថតដោយទូច សុខា)
សកម្មជនគណបក្ស​សង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា ត្រូវបានសមត្ថកិច្ច​នាំយក​មកសាលាឧទ្ធរណ៍​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ(រូបថតដោយទូច សុខា)

ប្រហាក់ប្រហែលគ្នានេះ ភរិយាលោក អ៊ុក ពេជ្រសំណាង ដែលជាសកម្មជនម្នាក់ទៀត គឺអ្នកស្រី ទិត ណារិន ដែលបានចូលរួមចូលរួមតាមដានសវនាការនេះជាមួយកូនប្រុសពីរនាក់ទៀត ត្អូញត្អែរទាំងទឹកភ្នែកថា ក្រោយពីស្វាមីអ្នកស្រីជាប់ឃុំ ស្ថានភាពគ្រួសារអ្នកស្រីមានសភាពយ៉ាប់យ៉ឺនខ្លាំង។ ជាមួយទឹកភ្នែកហូរលើផែនថ្ពាល់ទាំងគូ អ្នកស្រីរៀបរាប់ថា កូនអ្នកស្រីត្រូវឈប់រៀនដើម្បីរកស៊ីចិញ្ចឹមគ្រូសារជំនួសឪពុក។

អ្នកស្រីបន្ថែម៖ “ខ្ញុំខ្លោចផ្សារណាស់ ខ្ញុំសព្វថ្ងៃខ្ញុំគ្មានអារម្មណ៍មើលថែទាំងកូនចៅទេ គិតតែពីរឿងគ្រួសារ ប្តីខ្ញុំជាប់គុក មួយអាទិត្យខ្ញុំទៅមើលគាត់ម្តងព្រោះសុខភាពគាត់អត់ល្អ ខ្ញុំមិនដឹងជាថ្លែងយ៉ាងណា សូមអង្គការសង្គមស៊ីវិលជួយក្រុមគ្រួសារយើងខ្ញុំផង”

អ្នកស្រី ទិត ណារិន បានសម្តែងការខកចិត្តនឹងចៅក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានផ្តន្ទាទោសប្តីអ្នកស្រីឲ្យជាប់ពន្ធនាគារ ដោយអ្នកស្រីថាប្តីអ្នកស្រីមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់នោះទេ។ អ្នកស្រីបន្តថា៖ “គាត់មិនមែនជាអ្នកបង្កហិង្សាទេ អ្នកបង្កអំពើហិង្សាគឺក្រុមសន្តិសុខរបស់អាជ្ញាធរដែនដីដែលនៅលើស្ពាននាគ និងមុខផ្ទះលោកនាយករដ្ឋមន្ត្រីដែលព័ទ្ធវាយគាត់ តែគាត់អត់មានបង្កអំពើហិង្សាអ្វីទាំងអស់ គាត់គ្រាន់តែចូលរួមទាមទារដំណោះស្រាយជនរងគ្រោះដែលមកទាមទារដីធ្លីដែលបាត់បង់ ហើយពួកគេហ្នឹងព្រួតគ្នាវាយគាត់មិនតិចជាង១០នាក់ទេ”

ក្នុងវ័យ២០ឆ្នាំ កូនប្រុសពៅលោក អ៊ុក ពេជ្រសំណាង គឺលោក ស៊ឹម ផានុត បានប្រាប់អ្នកសាព័ត៌មានទាំងអួលដើមកនៅក្រៅបន្ទប់សវនាការថា លោកបានសម្រេចចិត្តឈប់រៀនត្រឹមថា្នក់ទី៩ ដោយសារតែត្រូវទទួលបន្ទុកប្រកបរបររត់កង់បីចិញ្ចឹមគ្រួសារជំនួសឪពុក។ លោកថា ទោះបីជាបងប្រុសរបស់លោកបានផ្តល់ថវិកាប្រចាំខែខ្លះៗ ក៏ជីវភាពក្នុងគ្រួសារនៅតែលំបាក។ លោកបន្តថា៖ “ខ្ញុំពិបាកណាស់បង ពិបាកទាំងការគ្រប់គ្រងផ្ទះ ខ្ញុំកូនពៅតែបងប្អូនខ្ញុំអត់មានអ្នកនៅផ្ទះទេ មានតែខ្ញុំត្រូវគ្រប់គ្រងក្មួយ មើលម៉ាក់ ខ្ញុំពិបាក ខ្ញុំនិយាយអត់ចេញទេ…ខ្ញុំចង់ឲ្យតុលាការដោះលែងប៉ាខ្ញុំចេញមកវិញឥឡូវហ្នឹង ចាប់គាត់ឃុំជាង១ឆ្នាំហើយបង គ្មានអ្នកជួយ ប៉ាខ្ញុំអត់នៅអត់មានជំហរទេបង”

លោក ស៊ឹម ផានុត បន្តថា លោកមិនជឿថាឪពុករបស់លោកបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកថា៖ “គាត់អត់បានបង្កអីទាំងអស់ គាត់គ្រាន់តែទៅទាមទារឲ្យបងប្អូនបាត់បង់ដីធ្លី គេវាយគាត់ គេព័ទ្ធវាយគាត់ ខ្ញុំឃើញវីឌីអូ ខ្ញុំឈឺចាប់ណាស់បង”

ក្រុមគ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ (រូបភាព៖ ទូច សុខា)
ក្រុមគ្រួសារ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ (រូបភាព៖ ទូច សុខា)

ព្រះតេជគុណ ស៊ឹម សុវណ្ឌី គង់នៅវត្តប្រយូវង្ស ដែលបានស្ថិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤ មានសង្ឃដីកាថា សកម្មជនទាំងនោះមិនគួរត្រូវបានតុលាការផ្តន្ទាទោសនោះទេ ដោយព្រះអង្គថា អ្នកទាំងនោះមិនបានបង្កហិង្សានោះទេ។ ព្រះអង្គបន្ថែមថា លោក មាជ សុវណ្ណារ៉ា នៅពេលមានការប៉ះទង្គិចនោះបានកាន់មេក្រូស្រែកកុំឲ្យមានអំពើហិង្សា។

ព្រះអង្គមានសង្ឃដីកាបន្តថា៖ “អាត្មាឃើញគាត់នៅជិតជាមួយអាត្មារហូត ឯកឧត្តមៗ និងប្អូនមាជ សុវណ្ណារ៉ា គាត់អត់បានធ្វើអីផង គាត់ថែមទាំងបានប្រកាសមេក្រូថាសូមបងប្អូនកុំប្រើអំពើហិង្សា…បើអាត្មាឃើញគឺខាងសន្តិសុខរាជធានីភ្នំពេញហ្នឹងតែម្តង ហើយមានទាំងបាញ់អាគ្រាប់ផ្សែងពុលទាំងអាត្មាទៀត អត្មាហាមមិនឲ្យគេវាយតែគេនៅតែវាយ”

បន្ទាប់ពីបញ្ចប់សវនាការនៅម៉ោងជាង១២ថ្ងៃត្រង់ មេធាវីម្នាក់ក្នុងចំណោមមេធាវីការពារក្តីឲ្យសកម្មជនទាំង១១នាក់នោះ គឺ លោក សំ សុគង់ ប្រាប់វីអូឌី(VOD)ថា នៅថ្ងៃនេះ ចៅក្រមសាលាឧទ្ធរណ៍បានលើកយកសំណុំរឿងចំនួនបីទៅជំនុំជម្រះ។ លោកថា សំណុំរឿងទី១ គឺលោក មាជ សុវណ្ណារ៉ា ប្តឹងឧទ្ធរណ៍ទាស់នឹងសេចក្តីសម្រេចរបស់ចៅក្រមសាលាដំបូងដែលមិនអនុញ្ញាតឲ្យលោកចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស។ ទី២ លោកថា បណ្តឹងឧទ្ធរណ៍ស្នើសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងអ្នកទាំង១១នាក់ និងទី៣លោកថា បណ្តឹងប្រឆាំងនឹងសាលក្រមរបស់ចៅក្រមសាលាដំបូងដែលបានផ្តន្ទាទោសអ្នកទាំងនៅម្នាក់ៗពី៧ទៅ២០ឆ្នាំ។

លោកមេធាវីរូបនេះបន្តថា នៅព្រឹកនេះ ចៅក្រមដំណើរការតែលើបណ្តឹងទី១តែប៉ុណ្ណោះ ដោយបានសាកសួរលោក មាជ សុវណ្ណារ៉ា ពីភាពចាំបាច់ និងមូលហេតុដែលនាំឲ្យលោកចង់ទៅព្យាបាលនៅក្រៅប្រទេស។ ទោះយ៉ាងណា លោកមេធាវីថា ក្រោយពីសួរដេញដោលជាមួយកូនក្តីលោកអស់រយៈពេលមួយព្រឹក ចៅក្រមបានសម្រេចតម្កល់សេចក្តីសម្រេចរបស់ចៅក្រមសាលាដំបូង ដែលមិនអនុញ្ញាតឲ្យលោក មាជ សុវណ្ណារ៉ា ចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស។

លោកមេធាវី សំ សុគង់ បន្តទៀតថា ដោយឡែក បណ្តឹងពីរទៀតត្រូវបានចៅក្រមលើកពេលសវនាការទៅខែក្រោយ ហើយអ្នកទាំង១១នៅតែបន្តស្ថិតក្នុងឃុំ។ លោកថា ការលើកពេលនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្តីរបស់លោកក្នុងការទទួលបានការការជំនុំជម្រះក្តីឲ្យបានឆាប់រហ័ស។

លោកបន្ថែមថា៖ “ប៉ុន្តែបើសិនជាយើងបង្ខំកាត់ទាំងមិនបានពេញលេញក៏ប៉ះពាល់សិទ្ធិដូចគ្នា ខ្ញុំយល់ថាសាលាឧទ្ធរណ៍គួរតែកំណត់ពេលឆាប់ជាងនេះ ដើម្បីឲ្យជនជាប់ចោទទាំងអស់បានទទួលសិទ្ធិទាំងហ្នឹង”

គួរបញ្ជាក់ថា ការកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់កាលពីឆ្នាំ២០១៥ ធ្វើឡើងស្របពេលដែលស្ថានភាពនយោបាយនាពេលនោះកំពុងឡើងកម្ដៅ បន្ទាប់ពីក្រុមតំណាងរាស្ត្របក្សប្រឆាំងចុះពិនិត្យព្រំដែនជាមួយប្រទេសវៀ់តណាម។ ចំណាត់ការនោះត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងអ្នកវិភាគនយោបាយផងនោះ ចាត់ទុកថាជារឿងនយោបាយ ដែលពួកគេថាដើម្បីគំរាមដល់ បក្សប្រឆាំងកុំឲ្យចុះពិនិត្យព្រំដែនកម្ពុជា-វៀតណាម។

អ្នកស្រី ទិត ណារិន ភរិយាលោក អ៊ុក ពេជ្រសំណាង (រូបភាព៖ ទូច សុខា)
អ្នកស្រី ទិត ណារិន ភរិយាលោក អ៊ុក ពេជ្រសំណាង (រូបភាព៖ ទូច សុខា)

ទោះយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងបដិសេធការចោទប្រកាន់នេះ ហើយពីដើមសប្តាហ៍ លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា រដ្ឋាភិបាលពុំមានឥទ្ធិពលលើតុលាការនោះទេ។ចំណែកមន្រ្តីនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាលើកឡើងថាករណីសកម្មជនរបស់គណបក្សប្រឆាំងជារឿងរបស់តុលាការ មិនមែនជារឿងនយោបាយនោះទេ។

យ៉ាងនេះក្ដី អ្នកស្រី ទិត ណារិន ភរិយាលោក អ៊ុក ពេជ្រសំណាង អ្នកស្រីទទូចឲ្យតុលាការដោះលែងប្តីអ្នកស្រីឲ្យបានឆាប់ ដើម្បីបានវិលទៅរស់នៅជាមួយគ្រួសារវិញ ដោយអ្នកស្រីថា ប្ដីអ្នកស្រីមិនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ