លោក នួន ជា​ ថាប៉ុល ពត​ ចាត់ទុក​វៀតណាម​ជា”មិត្តមានទំនាស់”

ជន​ជាប់ចោទ​ លោក​ នួន ជា​ ដែល​ជា​អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្ស​កុម្មុ​យនី​ស្តកម្ពុជា(រូបថតដោយ​សាលាក្តីខ្មែរក្រហម​)

ជនជាប់ចោទ លោក នួន ជា ដែលជាអតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា  បានលើកឡើងថាបងធំ ទី១ លោក ប៉ុល ពត បានចាត់ទុកវៀតណាម”ជាមិត្តមានទំនាស់” តែមិនបានញុះញង់ឲ្យស្អប់វៀតណាម”ស៊ូពូជ”នោះទេ។

លោកបានលើកឡើងបែបនេះនៅក្នុងសវនាការជំនុំជម្រះសំណុំរឿង០០២/២ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាការឆ្លើយតបនឹងសក្ខីកម្មរយៈពេល៣ថ្ងៃកន្លះរបស់អ្នកជំនាញបរទេសដែលបកស្រាយលើការសម្លាប់ជនជាតិចាមនិងវៀតណាម ។

លោក នួន ជា បានពន្យល់ពាក្យ”យួន”ទៅតាមវចនានុក្រមសម្តេចជួន ណាត ដោយថាពាក្យនេះមិនបង្ហាញពីការញុះញង់នោះទេ។ លោកបន្តថាប៉ុល ពត មិនបានចាត់ទុកវៀតណាមជាសត្រូវស៊ូពូជនោះទេ។ លោកមានប្រសាសន៍ថា៖ “ប៉ុលពត គាត់បានណែនាំ ថាយើងកុំហៅគេជាសត្រូវស៊ូពូជ ពីព្រោះវៀតណាមជាមិត្ត ប៉ុន្តែមានទំនាស់ នេះប៉ុលពតគាត់បញ្ជាក់ជំហរគាត់ហ្នឹងច្បាស់លាស់ណាស់។ មិត្តមានទំនាស់ ទំនាស់អីគាត់មិនថាទេ”។ លោកបញ្ជាក់ថា៖ “ដូច្នេះគ្មានទៅញុះញង់ ចាក់រុកអីណាទេ”

លោក នួន ជា ឲ្យដឹងទៀតថាប៉ុល ពត បានប្រើសង្រ្គាមឆ្លបប្រឆាំងនឹងវៀតណាម យកតូចវាយធំ។ លោកមានប្រសាសន៍ថា៖ “បើយួន១០០ យើងតែ១០នាក់បានហើយ។ ព្រោះយើងគ្មានកម្លាំងទេ យើងកម្លាំងតូច។ បើយើងបាញ់យួនឲ្យរបួស១នាក់ វាត្រូវសែង៤នាក់។ ចុះបើយើងបាញ់វា១០នាក់ វាសែងអស់ប៉ុន្មាន ៤០នាក់ទៅហើយ។ ដូច្នេះ គាត់និយាយនេះដើម្បីលើកជាមាគ៌ាសង្រ្គាមឆ្លបរបស់កម្ពុជាប្រជាធិបតេយ្យពេលនោះ មិនមែនទៅសម្លាប់ប្រជាជនយួនអី អីណានោះទេ”

អ្នកជំនាញលោក អាឡិច ហ៊ិនតុន (Alex Hinton) ដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា“ហេតុអ្វីគេសម្លាប់មនុស្ស” បោះពុម្ភក្នុងឆ្នាំ២០០៤ដែលសៀវភៅនោះនិយាយអំពីការសម្លាប់មនុស្សនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានឆ្លើយតបភ្លាមៗថាតាមការសិក្សារបស់លោក ពាក្យ”យួន”ជាការញុះញង់។

លោក ហ៊ិនតុន ដែលសាស្ដ្រាចារ្យផ្នែកនរៈវិទ្យានៅសាកលវិទ្យាល័យ រូតហ្គើ (Rutgers University) សហរដ្ឋអាមេរិក ធ្លាប់បានប្រាប់អង្គជំនុំជម្រះថាខ្មែរក្រហមបញ្ជូនជនជាតិវៀតណាមប្រមាណ២សែន៥ម៉ឺននាក់ចេញពីប្រទេសកម្ពុជា ហើយរួមនឹងការសម្លាប់ផងដែរនោះ។ លោកបន្តថាការបញ្ជូននេះដោសារកត្ដាប្រវត្ដិសាស្ដ្ររវាងប្រទេសកម្ពុជានិងវៀតណាម ដែលធ្វើឲ្យប្រជាជនខ្មែរមានការខឹងសម្បារនិងមិនចូលចិត្តជនជាតិវៀតណាម។

លោក ហ៊ិនតុន ឲ្យដឹងទៀតថាក្នុងប្រវត្ដិសាស្ដ្រកម្ពុជា ក្រោយពេលអាណានិគមនិយមបារាំង វៀតណាមបានរំលោភបំពានដែនអធិបតេយ្យភាពនៅលើទឹកដីកម្ពុជាជាបន្ដបន្ទាប់ហើយបានធ្វើបាបជនជាតិខ្មែរជាហូរហែរ ដូចជាក្នុងរឿងដាំតែអុងជាដើម។ លោកបញ្ជាក់ថាកត្ដាទាំងនេះហើយនាំឲ្យមានការជំរុញឲ្យខ្មែរក្រហមខឹងសម្បានឹងជនជាតិវៀតណាមទាំងនោះ។

បើតាមសាក្សីជំនាញ មានរឿងរ៉ាវប្រវត្ដិសាស្ដ្រយ៉ាងច្រើនដែលធ្វើឲ្យជនជាតិខ្មែរស្អប់ជនជាតិវៀតណាម ហើយពួកគេតែងហៅវៀតណាមថាជា”យួន”។ អ្នកជំនាញរូបនេះបន្ថែមថានៅក្នុងសម័យលន់ នល់ ជនជាតិវៀតណាមចំនួនប្រហែល ៤សែននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា។

លោក នួន ជា បានលើកជាសំណួរនៅក្នុងសវនាការជំនុំជម្រះថាតើរហូតមកដល់បច្ចុប្បន្ន វៀតណាមបោះបង់ចោលមហច្ឆតាឈ្លានពាន វាតទី លេបទឹកដី បំបាត់ពូជសាសន៍កម្ពុជាហើយឬនៅ?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ