នាយករដ្ឋមន្រ្តីបដិសេធ​ថា​មិន​បាន​ទិញLikesលើហ្វេសប៊ុកនោះទេ

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 9:30 AM | ការអប់រំបច្ចេកវិទ្យា | 0 | 4482

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃព្រហស្បតិ៍នេះ​ បាន​បដិសេធ​ថា​លោកមិន​បាន​ទិញLikesនៅលើ​ហ្វេសប៊ុក​នោះទេ ដោយ​លោក​បាន​រិះគន់​មេបក្ស​ប្រឆាំង​ផងដែរ។​

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ​ន័រតុន ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថាមានការលើកឡើង​ថា​លោក​បាន​ទិញLikesពីប្រទេស​ឥណ្ឌា តែ​លោក​ថា​លោក​មិន​បាន​ប្រើ​មធ្យោបាយ​នេះ​នោះទេ។ លោក​បន្តថា​បើមានគេចុចLikesពីបរទេស​ លោក​ថាវាជារឿងល្អ​សម្រាប់ប្រមុខរដ្ឋាភិបាល​កម្ពុជា។

លោក​បញ្ជាក់ថា៖ “នរណាLikesជាសិទ្ធិរបស់គេតើ វាទៅខ្ញុំដើរទិញLikes”?

លោក ហ៊ុន សែន ដែលមានហ្វេសប៊ុកចុចLikesទៅដល់ជាង​៣លាននាក់ បានរិះគន់លោក​សម រង្ស៊ី ថា​​បាន​​សរសេរ​សារ​នៅ​លើហ្វេសប៊ុក​ភ្ជាប់ជាមួយ​អត្ថបទកាសែតភ្នំពេញប៉ុស្តិ៍ ដែល​បាន​រកឃើញថា​មាន​Likesច្រើនពី​ប្រទេស​ឥណ្ឌា។​ លោក​បញ្ជាក់​ថា​លោក​ប្រើប្រាស់ហ្វេសប៊ុក​មិនមែន​ប្រកួតប្រជែង​នោះទេ តែ​លោកថាដើម្បីដោះស្រាយបញ្ហា។ លោក​បានថ្លែង​ថា៖ “ឲ្យ​លោក​ឯងឆ្កួត ឆ្កួតតែ​ឯងចុះ ខ្ញុំមិនទៅឆ្កួតជាមួយលោក​ឯងទេ”។​

វីអូឌីមិនទាន់អាច​ទាក់ទង​សុំការឆ្លើយតបពី​លោក សម រង្ស៊ី បានភ្លាមៗនៅឡើយទេ។

ពាក់ព័ន្ធ​នឹង​សារនៅលើហ្វេសប៊ុកនេះ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ក៏​បានដាក់ពាក្យបណ្តឹងទៅតុលាការ​ ប្តឹងលោក សម រង្ស៊ី ផងដែរ។ ក្នុងពាក្យបណ្ដឹង រដ្ឋមន្រ្តីនោះបានចោទប្រធានគណបក្សសង្គ្រោះជាតិពីបទក្លែងលិខិតនៅលើFacebookនិង​បង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត។

សាររបស់​លោក សម រង្ស៊ី បង្ហោះលើហ្វេសប៊ុក​
សាររបស់​លោក សម រង្ស៊ី បង្ហោះលើហ្វេសប៊ុក​

លោក សោម សឿន សរសេរថា៖ “ការភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយថា Like មួយចំនួនធំ ដែលបង្ហាញលើទំព័រ Facebook របស់សម្តេចគឺបានមកពីការទិញឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឲ្យបង្កើត Accounts Facebook (គណនេយ្យហ្វេសប៊ុក) ក្លែងក្លាយដើម្បីផ្តល់Likes សិប្បនិម្មិតក្លែងបន្លំជូនសម្តេច”

លោក សោម សឿន បានចាត់ទុកថាការបង្ហោះនៅលើ Facebook របស់លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំជាតិនិងរូបលោកផ្ទាល់យ៉ាងធ្ងន់ធ្ងរ ដោយលោកស្នើទៅឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល។

លោក សម រង្ស៊ី បានបញ្ជាក់កាលពីថ្ងៃសុក្រថាប្រទេស​កម្ពុជា​មិនមានសេរីភាព​ក្នុងការបញ្ចេញមតិហើយ​​ថា​រដ្ឋាភិបាល​ចង់​ដាក់គុករូ​បលោក​ ដោយ​សារតែលោក​និយាយថា​ហ៊ុន សែន ទិញLikesក្លែងក្លាយសម្រាប់ហ្វេសប៊ុករបស់លោក៕​

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required