តំណាងកម្ពុជានៅ UN ហៅសេចក្ដីថ្លែងការណ៍ប្រឆាំងកម្ពុជាថា ជាការជ្រៀតចូលកិច្ចការផ្ទៃក្នុង

ខាងឆ្វេងដៃគឺលោក ណី សំអុល តំណាងអចិន្រ្តៃយ៍ កម្ពុជាប្រចាំ UN។ រូបភាព៖ flickr.com

តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា សេចក្ដីថ្លែងការណ៍នានាប្រឆាំង​នឹងកម្ពុជា ដែល​លើក​ឡើង​ក្នុង​កិច្ចប្រជុំលើកទី​៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅ​ទីក្រុង​ហ្សឺណែវ ជាការជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុង និង​បង្កប់ចរឹតនយោបាយ ដោយ​ថា មិនអាចទទួលយកបាន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ លោក ណី សំអុល បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍ថ្កោល​ទោស​កម្ពុជា​ពី​សំណាក់​ប្រទេស​នានា រួម​ទាំង​សហភាព​អឺរ៉ុប​ផងដែរ នៅ​ក្នុង​​កិច្ច​ប្រជុំ​លើក​ទី​៣៧ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា​កន្លង​មក​ថ្មីៗ​នេះ។

តំណាងរដ្ឋាភិបាលកម្ពុជារូបនេះ បានលើកឡើងថា ប្រទេស​មួយ​ចំនួន ខិត​ខំ​រក​គ្រប់​មធ្យោបាយ និង​វិធីសាស្ត្រ​ដោយ​ឥត​អៀន​ខ្មាស់ ដើម្បី​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ខណៈ​ដែល​ប្រទេស​នេះ​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​នេះ។

តំណាងរដ្ឋាភិបាលរូបនោះ បន្ថែមថា ពួកគេព្យាយាមរំលោភបទបញ្ញត្តិ ក្រមច្បាប់ គោលការណ៍ និងការអនុវត្តន៍​នៃ​អង្គការសិទ្ធិមនុស្សដ៏ឧត្តុងឧត្តម ដោយគ្មានញញើតកោតក្រែង ក្នុងចេតនាសាបព្រួសអំពើស្អប់ខ្ពើម និង​បណ្តុះ​នូវ​គោលនយោបាយប្រទូស្តរាយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅផ្លាស់ប្តូររបប បច្ចុប្បន្ន តាម​រយៈអ្វី​ដែល​គេហៅថា បដិវត្តន៍ពណ៌។

ក្នុងសេចក្តីថ្លែងការណ៍តំណាងរដ្ឋាភិបាលកម្ពុជាបានប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍​ទាំងទ្បាយ ដែលត្រូវបានធ្វើទ្បើងដោយបង្កប់ទៅដោយចរិតនយោបាយនៅពីក្រោយ ដោយព្រងើយ​កន្តើយ​ចំពោះ​សមត្ថកិច្ចរបស់រដ្ឋអធិបតេយ្យ នៅក្នុងការថែរក្សាការពារច្បាប់ និងសណ្តាប់ធ្នាប់​ដើម្បី​ជាប្រយោជន៍ នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។

កាលពីថ្ងៃទី ១៤ ខែ មីនា ក្នុងសេចក្ដីថ្លែងការណ៍មួយ​ផ្ញើទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​ សហភាពអឺរ៉ុប​ បានបង្ហាញក្ដីបារម្ភជាថ្មី អំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចជា ការ​បង្ក្រាបគណបក្សសង្គ្រោះ​ជាតិ អង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន។

ក្នុងសេចក្ដីថ្លែងការណ៍នោះ សហភាពអឺរ៉ុបរំឭកជាថ្មី ឲ្យរដ្ឋាភិបាលកម្ពុជាធានាដំណើរការប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងថា ការបោះឆ្នោត មិនអាចទទួលយកបានទេ បើគណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវបានគេផាត់ចេញពីការបោះឆ្នោត​នោះ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ