លាភ រដ្ឋា ដណ្ដើមបានកៅអី​​១៦នាក់ ​ទី​១៣ ​​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 12:09 PM | កំសាន្ដកីឡា | 0 | 2084

​កាលពី​ល្ងាចថ្ងៃទី​​​១០ មីនា ​​​​ព្រឹត្តិការណ៍ជម្រុះ​​ជើងឯក​​​​​TV5 Boxing Knock Out Series By K-Cement បាន​បញ្ចប់ការ​​​ការប្រកួត​​​ស្វែង​រកអ្នកឡើងអង្គុយ​​កៅអី​​​​​​​ឈានទៅ​វគ្គ​១៦នាក់​​​​​​​​​​មួយសប្ដាហ៍​ទៀត​ហើយ ដោយ​កីឡាករ​​​​លាភ រដ្ឋា គឺជាអ្នកឡើងអង្គុយ​កៅអី​​​ទី១៣ និង​កីឡាករម្នាក់​ទៀតឡើងអង្គុយកៅអីលេខ​​​​​រៀងទី​១៤ ដែលមានន័យថា​នៅសល់តែមួយសប្ដាហ៍ទៀត​ប៉ុណ្ណោះ ​​​​​នឹង​​​បញ្ចប់ការ​រកឃើញ​​​អ្នកអង្គុយ​កៅអី​​​ទាំង​​​១៦នាក់​ហើយ ​ដើម្បីបន្តទៅវគ្គ​​​​​​​ជម្រុះ​​​ចោល​យកត្រឹម​​​​​​​​​​៨នាក់នោះ។ ការប្រកួតដែលទើបបញ្ចប់នេះ ក៏ធ្វើអោយមានការ​ចាប់អារម្មណ៍​ផងដែរ ​​​​​ដោយសារតែ​ក្នុងចំណោមអ្នកទាំង​ពីរ​​ គឺ ​លាភ រដ្ឋា ​​​ត្រូវគេ​មើលឃើញថា​​​​​​​ដណ្ដើមបានកៅអី​​​​យ៉ាង​លំបាក។

​ លោក សេង កដិកា អ្នករៀបចំកម្មវិធី​​​បាន​អះអាងថា ​​កីឡាករ ​លាភ រដ្ឋា មិនមែន​ជាកីឡាករ​​​​ជើងចាស់នោះទេ ប៉ុន្តែគេជា​កីឡាករ​​ដែលមាន​សមត្ថភាព និងមានការ​តាំងចិត្តខ្ពស់ ទើប​គណកម្មការនៅ​ប៉ុស្ដិ៍លេខ​៥ សម្រេចអោយ​​​​​ឡើងប្រកួត​ជាមួយ​​​​​​កីឡាករ​​​ខ្លាំងៗ​​ផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍ជម្រុះជើងឯកនេះ ដោយលោកកាន់តែសប្បាយចិត្តនៅពេលដែល​​គេ​ឡើងប្រកួតជាមួយកីឡាករ​​​​​​ល្អម្នាក់គឺ ​​ផាត សុដា ហើយអាច​អោយ​​​ផាត សុដា ​ចាញ់​ដោយពិន្ទុ​បាន ​​ដោយ​ការ​ឈ្នះពិន្ទុនោះ​ក៏​ប្រផិត​ប្រផើយទៅទៀត ដែលមានន័យថា​​​​​​​​បានឈ្នះ​​យ៉ាង​​មានកិត្តិយស ​ក្រោយ​ពីខំប្រឹងប្រែងបំផុត។

លោក​បាន​ហៅលទ្ធផល​ដែលបានស្ដែងឡើងនេះថា ​​ជា​ការប្រឹងប្រែងរបស់កីឡាករ​​​​​ជើងថ្មី ប៉ុន្តែលោកក៏បាន​ទទួលស្គាល់ថានោះ​​ជាលទ្ធផលដែល​​​បណ្ដាលមកពី​កីឡាករ​ ​​ផាត សុដា ដែល​ធ្លាក់ហាលអាវ​​​​មិន​​ហ៊ាន​​វាយប្រថុយ​​​​​​​​​​​​​ដើម្បីប្ដូរយក​​​​ជ័យជម្នះ​នោះផងដែរ ទើបធ្វើអោយគូប្រកួត​​​មានប្រៀប​នាំមុខបាន​បន្តិច ​​​​​​​ក្នុងទឹកដែល​ប៉ះប្រកួត​គ្នាខ្លាំង។ លោកថា​​​ជារឿងសោកស្ដាយដែលកីឡាករផាត សុដា ដែល​ល្បី​​កន្លងមក​ដែរ មិនអាចតស៊ូ​ជាមួយ​ជើងថ្មី ដែល​បញ្ហា​នេះ​ក៏ពាក់ព័ន្ធនឹងកត្តាជីវភាព និង ហូបចុកមិនគ្រប់ ​ខណៈដែល​​មួយចំណែកទៀត ក៏​​ដោយសារតែកីឡាករ​​ខ្លួនឯង​​​​​ធ្វេសប្រហែស ហើយ​មិន​​​​​ព្រម​ប្រឹងប្រែងនោះតែម្ដង។

​លោកថា​​​កីឡាករ​​ច្រើនណាស់ដែល​​​​​អោយ​តែបានឈានឡើងបានបន្តិច ​ហើយ​​​​​​​​​បណ្ដោយអោយការប្រកួត​ធ្លាក់ដៃ ​​​ ​ដែល​​បញ្ហានេះ​លោកបានបន្ទោស​ទៅលើ​​​​បញ្ហា​កីឡាករ​​កម្ពុជាមិនសូវមាន​​​​ចំណូលចិត្ត​​​អោយ​បានយូរ​ផង​ និងខ្វះការតាំងចិត្ត​​ច្រើនជាង​តែម្ដង​។ លោក​​ធ្លាប់បានលើកឡើងថា​​​«កីឡាករ​រាល់ថ្ងៃ​កុំថារឿងតម្លៃខ្លួន​​ចាញ់​​​ប្រទេសជិតខាងបាន​ប្រកួត​​ល្អមិនសូវបាន​យូរ ការពិត​កីឡាករ​​​ដែល​​ល្អគេនៅតែល្អចឹង ប៉ុន្តែសំខាន់​​គឺបណ្ដាល​មកពីអ្នកធ្លាក់ដៃទាំងហ្នឹង ​មិនមែន​អ្នក​​យកប្រដាល់ធ្វើអាជីពទេ ​ទាល់តែចង់បានលុយពី​​ប្រដាល់ទើប​ហាត់​​ហើយ​សុំ​​​ឡើងរេញ​​!»

លោកថា​ខ្លួននៅតែ​​ចង់ផ្ដល់​​​ឱកាស​អោយកីឡាករ​ចាស់ៗបាត់មុខ និង​ចង់ប្រដាល់ ទើប​​​ក្នុងព្រឹត្តិការណ៍ដែលបានធ្វើឡើងនេះ​ក៏​តែងតែដាក់​​កីឡាករ​ចាស់ៗ ដែលបាត់មុខយូរ ឬ​​មានឈ្មោះ​​​គេស្គាល់មកហើយ ​បើទោះជា​​​មានការ​យល់ឃើញថា​កីឡាករទាំំងនោះ​​ធ្លាក់ដៃ។ ​លោកនៅតែបន្តហៅការ​​បរាជ័យរបស់ ផាត សុដា ​​​​ថាបណ្ដាលមកពីកីឡាកររូបនេះមើលស្រាលការប្រកួត​​ ស្របពេលដែល​កីឡាករ​វ័យក្មេង លាភ ​​រដ្ឋា ប្រឹង​ប្រែង​​​​​​ហ្វឹកហាត់​​បាន​ល្អ​ទើប​ធ្វើអោយការប្រកួតរបស់លោកមានកម្រិត​​​​​​ល្អ​ជក់ភ្នែក រហូតធ្វើអោយ​គណកម្មការផ្ដល់​ពិន្ទុអោយ​ឈ្នះ ព្រោះតែ​​​​​គេ​​ប្រកួត​​វាយស៊ូ និងតែងបញ្ចេញ​បច្ចេកទេស​​មុនជាប្រចាំ។

​​លោកអះអាងបែបនេះ ​​​​​​បន្ទាប់ពីបានទស្សនាការប្រកួត​​​​រហូតដល់​​​រកឃើញលទ្ធផល ហើយ​ថា​​កីឡាករ​បង្គោលខៀវដែលបោះ​​បង់ការប្រកួត​​នៅ​ត្រឹមទឹកទី​​​២ គឺដោយសារតែ​ខ្សោយទាំងកម្លាំង​ស៊ុហ្វ និង​​ខ្វះទាំំង​​​ការតស៊ូ នៅពេល​គូប្រកួត​​ជាកីឡាករ​វ័យក្មេង​សម្រុក​ខ្លាំង។ លោកសម្ដែងការពេញចិត្ត​​ចំពោះ​ការប្រកួតរបស់មួយគូនេះ ​​​​​ជាពិសេស​ក្នុងទឹកទី​​២ ដែល​​លាភ ​រដ្ឋា ស្ទុះចូលមិនខ្លាចរបួស ហើយ​​​​ធ្វើអោយ​កីឡាករ ផាត សុដា ​​ដែលប្រឹង​ប្រកួត​​អស់ពី​​សមត្ថភាពដែលនោះ ​​​​ផ្ងារជើងម្ដង​ៗ។

កីឡាករ​លាភ រដ្ឋា ​​បាន​អះអាងថា មុន​​ការ​​ប្រកួតឈ្នះ​កីឡាករ​​​ ​​​​​​​ផាត សុដា ​លោកមិនត្រឹមតែប្រឹង​ប្រែងហ្វឹកហាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏បាន​​​​​​ស្រម៉ៃនៅ​នឹង​ភ្នែក​ថាលោកនឹង​ឈ្នះ​​ដូច​​ក្រោយប្រកាស​លទ្ធផលនោះដែរ ​ទើបលោក​បញ្ជាក់ថា​​​​​​នេះជា​លទ្ធផលដូច​ការ​ស្រម៉ៃ​​​ចង់បាន ​​​​ដែលលោកបានហៅ​​ជ័យជម្នះ​នេះថា​នឹងជួយអោយ​លោកកាន់តែមានគេ​ស្គាល់។

លោកថា​​​​បាន​ឡើង​​​អង្គុយ​​កៅអី​​​១៦នាក់​ក្នុងលេខរៀងទី​​១៣ គឺជា​អ្វីដែល​​លោក​​​​​​​រំភើបចង់ស្រក់ទឹកភ្នែក ដោយសារតែ​លោកមិនធ្លាប់​គិតទាល់តែសោះ​ថា​​ខ្លួន​នឹងទទួលបានជ័យ​ជម្នះ​លើ​​ជើងខ្លាំង ផាត សុដា។ ​​លោករំពឹងថា​​​​ឱកាស​ឡើង​អង្គុយ​​​កៅអីក្នុងវគ្គ​​១៦​នាក់ទី​​១៣នេះ នឹងធ្វើអោយ​លោក​បន្តឈានឡើង​ទៅវគ្គ​​៨នាក់ទៀត ថ្វីដ្បិតថា​មិនទាន់​​​​​​​ប្រាកដថា​​នឹង​បាន​មួយរយភាគរយនៅឡើយ៕

 

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required