សកម្មជនដីធ្លីអំពាវនាវឲ្យចូលរួមធ្វើយុទ្ធនាការអាវខ្មៅឲ្យច្រើនជាងមុន

យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅសប្តាហ៍ទី៤១ កាលពីពេលកន្លងទៅ

ក្រោយពីបុណ្យចូលឆ្នាំរួច សកម្មជនដីធ្លីដែលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម ធ្វើយុទ្ធនាការនេះ ឲ្យបានខ្លាំងក្លាជាងមុន ដើម្បីឲ្យដោះលែងមន្ត្រីសង្គមស៊ីវិល និងសកម្មជនដីធ្លី ខណៈដែលរដ្ឋាភិបាលនៅបន្តឃុំខ្លួនអ្នកទាំងនោះនៅឡើយ។

អ្នកមានជម្លោះដីធ្លីនៅតាមសហគមន៍ផ្សេងៗ រួមទាំងសង្គមស៊ីវិល តែងតែនាំគ្នាធ្វើយុទ្ធនាការអាវខ្មៅ ​ដើម្បីសុំឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប សកម្មជនដីធ្លី លោក គឹម សុខ និងរកយុត្តិធម៌ឲ្យលោក កែម ឡី ប៉ុន្តែមួយរយៈចុងក្រោយ ពួកគបានផ្អាកធ្វើយុទ្ធនាការ ដោយពួកគេអះអាងថា រងចាំមើល​​ក្រែងមានការលើកលែងទោសអ្នកទាំងនោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា បា្រប់វីអូឌីនៅថ្ងៃចន្ទនេះថា ពេលបុណ្យចូលឆ្នាំរួចពួកគាត់នឹងពិភាក្សាជាមួយសហគមន៍ដទៃទៀត ដើម្បីរៀបចំពិធីផ្សេងៗទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប លោក នី ចរិយា លោក គឹម សុខ និងតំណាងពួកគាត់ផងដែរ។

អ្នកស្រីអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រចូលរួមក្នុងការធ្វើយុទ្ធនាការនេះ ឲ្យបានច្រើនជាងមុន ដើម្បីបង្ហាញទៅរដ្ឋាភិបាល ដែលអ្នកស្រីថា តែងតែចាប់អ្នកគ្មានកំហុសដាក់ពន្ធនាគារ។

អ្នកស្រីថា៖ «ចង់ឲ្យពលរដ្ឋពាក់សម្លៀកបំពាក់ ដែលជាអត្តសញ្ញាណមួយ ដែលយើងមិនពេញចិត្តនៅការកាត់ទោស ឬមួយការឃុំខ្លួនសង្គមស៊ីវិលទាំង៥រូប ជាពិសេសគឺអ្នកស្រី ទេព វន្នី។ នេះ ជាការចូលមួយទាមទារឲ្យមានការដោះលែង រកយុត្តិធម៌ឲ្យពួកគាត់ដែលជាប់ពន្ធនាគារ ដោយភាពអយុត្តិធម៌ […] រូបភាពការស្លៀកពាក់ពណ៌ខ្មៅ មិនអាចធ្វើឲ្យរដ្ឋាភិបាលឈឺចុកចាប់រហូតដល់ចោទប្រកាន់ប្រជាពលរដ្ឋជាអ្នកធ្វើបដិវត្តន៍នោះទេ ចឹងខ្ញុំគិតថា ប្រជាពលរដ្ឋួគួរតែចូលទាំងអស់គ្នាឡើងដើម្បីសេរីភាពនិងយុត្តិធម៌សម្រាប់ពួកគាត់ទាំង៦រូប»

តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន មានប្រសាសន៍ថា ការផ្អាកធ្វើយុទ្ធនាការនេះ ដោយសមាជិកនៅក្នុងសគមន៍ទៅលេងស្រុកកំណើតមិនទាន់មកវិញ។ ទោះយ៉ាងណា អ្នកស្រីថា ពួកគាត់មិនឈប់ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅឡើយ ថ្វីបើកន្លងមក មានការគំរាមកំហែកពីអាជ្ញាធរមិនឲ្យពួកគាត់ធ្វើក៏ដោយ។

អ្នកស្រីស្នើឲ្យរដ្ឋាភិបាល ឈប់ចោទពួកគាត់ថា ការធ្វើយុទ្ធនាការនេះ ជាការធ្វើបដិវត្តន៍ចង់ផ្ដួរំលំរដ្ឋាភិបាលបន្តទៀត។

អ្នកស្រីថា៖ «ទាមទារឲ្យមានការដោះលែង ឲ្យរកយុត្តិធម៌ កុំឲ្យការរឹតត្បិតសិទ្ធិសេរីភាព ក្នុងការនិយាយរបស់ប្រជាពលរដ្ឋ រិះគន់ ស្ថាបនា កុំឲ្យប្រជាពលរដ្ឋនិយាយទៅសុទ្ធតែថា លាបពណ៌ ពលរដ្ឋបរិហាកេរ្តិ៍ ។ ក្នុងនាមប្រជាពលរដ្ឋ មិនមានអីបរិហាកេរ្តិ៍ទេ ព្រោះអីថ្នាក់ដឹកនាំបើកាលណា ធ្វើអ្វីមួយខុសមិនសមរម្យ ប្រជាពលរដ្ឋនិយាយទទួលទៅ»

ថ្ងៃចន្ទទី១៧ខែមេសានេះ ជាសប្តាហ៍ទី​៥០ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជា​ពល​រដ្ឋតែងតែពាក់​អាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រីគ.ជ.ប លោក នី ចរិយា អ្នកតាមដានបញ្ហាសង្គម លោក គឹម សុខ សកម្មជន​បឹង​កក់​អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ