ភ្ញៀវទេសចរណ៍នៅខេត្ដសៀមរាបកើនឡើងជាង២២%ពេលចូលឆ្នាំ

ដោយ លោក បូ សាវី​​ | ថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 2:56 PM | បរិស្ថានសេដ្ឋកិច្ច | 0 | 3643

មន្ដ្រីទេសចរណ៍ខេត្ដសៀមរាប អះអាងថា ភ្ញៀវទេស​ចរណ៍ ទៅកំសាន្ដនៅព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០១៧ នាពិធីបុណ្យចូលឆ្នាំថ្មីនេះ មានជាង១លាន៦៣ម៉ឺននាក់ បើប្រៀបធៀបឆ្នាំ២០១៦កន្លងមក កើនឡើងជាង២២%។

របាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប ដែលវីអូឌីទទួលបាននៅថ្ងៃនេះ បង្ហាញថា ភ្ញៀវជាតិ ១ ៦០១ ៨០០នាក់ កើនឡើងជាង២៣% និងភ្ញៀវអន្ដរជាតិជាង៣ម៉ឺននាក់ កើនឡើងជាង៧%។ ទោះជាយ៉ាងណារបាយការណ៍នោះ  មិនបញ្ជាក់ពីមូលហេតុនៃការកើនឡើងនៃភ្ញៀវទេសចរណ៍នោះទេ។

ដោយឡែក ព្រឹត្ដការណ៍អង្គរសង្ក្រាន្ដនៅឆ្នាំ២០១៧នេះ បានចំណាយថវិកាប្រមាណ៩៥លានដុល្លាអាមេរិក។

ស្នងការនគរបាលខេត្ដសៀមរាបលោក សត ណាឌី ឲ្យដឹងថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនៅឆ្នាំ២០១៧នេះ  មានកងកម្លាំងសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ជាង៦ពាន់នាក់ បានដាក់ពង្រាយតាមគោលដៅនីមួយៗ ក្នុងខេត្ដទេសចរណ៍នេះ ដើម្បីការពារសន្ដិសុខ និងសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរ។

ជាមួយគ្នានេះ ក៏មានមន្ដ្រីសុខាភិបាល ​រថ​យន្ដសង្គ្រោះបន្ទាន់ សម្រាប់ជួយសង្គ្រោះបន្ទាន់ដល់ភ្ញៀវទេសចរណ៍ផងដែរ ខណៈកម្លាំងប្រជាការពារជាង២រយនាក់ទៀត បានជួយដល់កម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍។

លោកបន្ដថា៖ «ចឹងទេទាំងការងារសម្រួលចរាចរណ៍ គឺឆ្នាំនេះអស់លោកឃើញស្រាប់ យើងបានពឹងកម្លាំងប្រជាការពារមកជួយនៅតាមគោលដៅទាំងនៅក្នុងតំបន់អង្គរទាំងក្រុងសៀមរាប ធ្វើយ៉ាងណាឲ្យលំហូរចរាចរណ៍នៅក្នុងអង្គរសង្ក្រាន្ដនេះ គឺមានសណ្ដាប់ធ្នាប់ល្អ ដើម្បីកុំឲ្យមានការបង្កលក្ខណៈធុញថប់ដល់ភ្ញៀវទេសចរណ៍»

ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍អង្គរលោក ខៀវ ធី សម្ដែងការកោតសរសើរចពោះ​ការរៀបចំពិធីអង្គរសង្រ្កាន្ដនេះ ដោយលោកថា ការតុបតែងនិងរៀបចំឡើង ធ្វើតាមប្រពៃណីវប្បធម៌ខ្មែរ។

ប៉ុន្ដែលោកថា ពិធីនេះបានប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរនៅក្នុងតំបន់ទេសចរណ៍ ដោយសារតែពលរដ្ឋមួយចំនួនខ្វះការយល់ដឹង និងវេចខ្ចប់សម្រាមមិនបានត្រឹមត្រូវ។លោកពន្យល់ថា រដ្ឋាភិបាលត្រូវ​បង្កើតច្បាប់ពីការក្សាទុកសម្រាម ដើម្បីឲ្យទីក្រុងនិងតំបន់ទេសចរណ៍មានសោភ័ណ្ឌភាពស្អាត។

លោកបន្ដថា៖ «យើងអប់រំអត់បាន គេញាំអីចោលហ្នឹង។ នេះ ជាកំហុសមួយ​ចំពោះភ្ញៀវទេសចរណ៍ ឃើញសម្រាម គេសរសើរគេតុបតែងមានក្បាច់រចនាខ្មែរ ប៉ុន្ដែគាត់សោកស្ដាយ យើងរឿងសណ្ដាប់ធ្នាប់និងអនាម័យ »

បើតាមរបាយការណ៍ដដែលកាលពីឆ្នាំ២០១៦ ក្នុងព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនៅខេត្ដសៀមរាប មានភ្ញៀវទេសចរណ៍ទៅកំសាន្ដមានប្រមាណ១ ៣២៩ ៥០០នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ១លាន៣០ម៉ឹននាក់ និងអន្ដរជាតិ ២៩ ៥០០នាក់៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required