ទីប្រឹក្សាបក្សប្រឆំាងថា ចិននិងវៀតណាម ជាអ្នកនៅពីក្រោយរបបខ្មែរក្រហម​

លោក គង់ គំា នៅក្នុង​​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុងសម័យ​ខ្មែរក្រហម

ទីប្រឹក្សាគណបក្សប្រឆំាងបានចោទ ប្រទេស ចិននិងវៀតណាមថា ជា​អ្នកនៅពីក្រោយឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​​ខ្មែរ​សម្លាប់ខ្មែរជិត២លាននាក់ នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។

ក្នុង​​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុងសម័យ​ខ្មែរក្រហម​​នៅ​សារ​​​មន្ទីរ​​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧មេសានេះ ទីប្រឹក្សាជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះជា​តិ​លោក គង់ គំា បានថ្លែងថា ដើមចម ដែលនាំឲ្យ​ប្រជាជនខ្មែរកាប់ស្លាប់ខ្មែរឲ្យ​​ស្លាប់ជិត២លាននាក់ នៅសម័យខ្មែរក្រហម ដោយសារប្រទេសចិន និងវៀតណាម ជាអ្នកនៅពីក្រោម​សង្គ្រាម​​នោះ។

លោកថា៖ «កុំថាសង្គ្រាមរវាងខ្មែរនឹងខ្មែរ របស់ដែលគេហៅថាបញ្ហាកម្ពុជាជានិច្ចរហូត​មក​ គឺជាវៀតណាមនិងចិនទេ គេហៅថាសង្គ្រាមឥណ្ឌូចិនទី៣ ឥណ្ឌូចិនទី១ បារំាងវៀតណាម ឥណ្ឌូចិនទី២ វៀតណាមអាមេរិកកំាង ឥណ្ឌូចិនទី៣ វៀតណាមចិន»

សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តលោក វង្ស សុធារ៉ា យល់ថា សង្គ្រាមខ្មែរសម្លាប់ខ្មែរនៅក្នុងសម័យខ្មែរក្រហមកើតឡើង ដោយសារតែកម្ពុជាជាកូនអ៊ុករបស់ប្រទេសមហាអំណាច ដែលគេប្រើសម្រាប់ប្រយោជន៍ប្រទេសរបស់ពួកគេ។

លោក វង្ស សុធារ៉ា បន្តថា ដើម្បីកុំឲ្យកម្ពុជាដើរថយទៅរបបអតីតកាលទៀត កម្ពុជាគួរតែបង្កើតទំនាក់ទំនងអន្តរជាតិពហុភាគី ជាជាបង្កើតទំនាក់ទំនងទ្វេភាគី។

លោកថា៖ «ចំណុចល្អ ដែលយើងត្រូវប្រើគោលនយោបាយ ពហុទំនាក់ទំនងអន្តរជាតិជាមួយបរទេស បើសិនជាយើងប្រើទំនាក់ទំនងទ្វេភាគីបន្តទៅទៀត នៅពេលដែលប្រទេសមហាអំណាច ដែលផ្តល់ជំនួយដល់យើងគេឈប់ជួយ យើងដួលទៀត ដូចកាលពីមុនយើងពឹងទៅលើរ៉ូស្ស៊ី ឬពឹងទៅលើយួន ដល់ពេលយួនផ្ទួលទៅចប់ យើងត្រូវងាកទៅរកការចចារមួយដើម្បីបញ្ចប់សង្គ្រាម ហើយកាលពីជំនាន់ លន់ នល់ ពឹងតែអាមេរិកមួយ ដ៏ពេលអាមេរិកឈប់ជួយ លន់ នល់ ត្រូវដួលរលំបន្តទៅទៀត ដ៏ពេលខ្មែរក្រហម អាង [ពឹង] តែទៅលើចិនមួយ ដល់ពេលចិនឈប់ជួយ យួនផ្តួលរលំទៅ»

​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ បាន​ដួលរលំ​កាលពី​ថ្ងៃ​ទី​១៧ខែ​មេសាឆ្នាំ​១៩៧៥ ដែល​ពេលនោះ ​រាជធានី​ភ្នំពេញ​បាន​ក្លាយទៅជា​ទីក្រុង​គ្មាន​មនុស្សរស់នៅ ដោយ​ប្រជាជន​ត្រូវបាន​ក្រុម​ខ្មែរក្រហម​​ជម្លៀស​ចេញពី​ទីក្រុង។

ក្រុមខ្មែរក្រហម​ចាត់ទុក​អ្នក​១៧​មេសា​ គឺ​ជា​ពួក​ចក្រ​ព័ទ្ធ និង​ជា​ខ្មាំងសត្រូវ​របស់​បដិវត្ត​ន៍។ របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ ខ្មែរ​ដឹកនាំ​ប្រទេស ​​បាន​សម្លាប់​ប្រជាជន​ខ្លួន​ឯង​ជិត​២​លាន​នាក់ ដោយ​ការ​បង្អត់អាហារ ការ​ធ្វើ​ពលកម្ម​ដោយ​បាក់កម្លាំង និង​ការធ្វើ​ទារុណកម្ម​និង​ប្រហារជីវិតជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ