កម្មករ​ហ្គាវ័ន​គ្រោង​ស្វែង​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ខណៈ​វិវាទ​ពួកគេ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ

កម្មករនៅរោងចក្រមួយស្ថិតក្នុងតាខ្មៅ ខេត្តកណ្ដាល អះអាងថា ពួកគេនឹងនាំគ្នារកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យជួយរកដំណោះស្រាយវិវាទការងារពួកគេ ខណៈបញ្ហានេះបានអូសបន្លាយជាច្រើនខែមកហើយ។

កម្មកររោងចក្រហ្គាវ័ន អ្នកស្រី សួស ចរិយា ប្រាប់វីអូឌីនៅថ្ងៃនេះថា រហូតមកដល់ថ្ងៃនេះ ពួកគាត់នៅតែបន្តដេកយាមមុខរោងចក្រដដែល ដោយមិនបានទៅលេងស្រុកកំណើតទេ ដោយ​អ្នក​ស្រី​ថា ពួកគាត់គ្មានថវិកាសម្រាប់ធ្វើដំណើរ និងចាយវាយ។ អ្នកស្រីបន្តថា នៅសប្ដាហ៍ក្រោយនេះ ពួកគាត់បាននាំគ្នារកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឲ្យជួយដោះស្រាយ ។

អ្នកស្រីថា៖ «បើទៅខាងមន្ទីរ ខាងមន្ទីរគេឆ្លើយមក គេរុញទៅតុលាការ ហើយតុលាការគេចេញដីការឹបអូសខ្លួនគេ ដីការឹបអូសហើយដីកាបើកក៏បើកតែខ្លួនគេទៀត ពួកខ្ញុំអត់មានដឹងទេ គាត់ធ្វើតុលាការរបៀបម៉េច។ អញ្ចឹងមានតែទៅផ្ទះសម្ដេចទេ បានគាត់ជួយបាន បើមិនដឹងទៅណា ព្រោះទៅគ្រប់កន្លែងហើយ»

កម្មករម្នាក់ទៀត អ្នកស្រី សាន់ សុខន  លើកឡើងថា ពួកគាត់នឹងនាំគ្នាទៅរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  ដោយសារ ពួកគាត់អស់ជំនឿលើប្រព័ន្ធតុលាការ និងមន្ទីរការងារក្នុងការដោះស្រាយបញ្ហានេះ។

អ្នកស្រីថា៖ «ពួកខ្ញុំបាត់បង់ទំនប់ចិត្តពីមន្ទីរការងារ ចប់ចូលឆ្នាំហើយខ្ញុំមានតែផ្លូវមួយទេ គឺរកកិច្ចអន្តរាគមន៍ពីផ្ទះសម្ដេច ហ៊ុន សែន ព្រោះវាអត់មានផ្លុវខាងណាត្រូវទៅទៀត»

ទោះជាយ៉ាងណា កាលពីថ្ងៃទី១៣ ខែមេសា កន្លងមក ប្រធានមន្ទីរការងារខេត្តកណ្តាល លោក លឹម សារ៉ុម អះអាងថា ករណីវិវាទការងារនៅរោងចក្រហ្គាវ័ន បានផុតពីដៃមន្ទីរការងារ ហើយថា បានបញ្ជូនដល់ដៃតុលាការហើយដែរ។

កាលពីខែកុម្ភៈ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាសផ្តល់ថវិកាបុរេប្រទានជាង ៤លាន ៥៧ម៉ឺនដុល្លារ សម្រាប់​ដោះស្រាយសំណងជូនកម្មករនៅ ៩រោងចក្រដែលថៅកែរត់ចោលដោយមិនបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ជំរុញទៅរដ្ឋាភិបាលធ្វើការដោះស្រាយឲ្យកម្មករបានឆាប់  ដើម្បីកុំឲ្យកម្មករ ដើរតវ៉ាតវ៉ា ឬក៏ដេកយាមរោងចក្របន្តទៀត។

លោកថា៖ «តាមពិត ការដោះស្រាយ វាជារឿងមួយ ការយកចិត្តទុកដាក់​ដើម្បីរកបញ្ហាដោះស្រាយ និងរកវិធីដោះស្រាយ​នូវ​សំណូមពរផ្សេងៗ ចុះឥឡូវគាត់ជួបបញ្ហាមិនពិបាករកទេ ទៅពិនិត្យមើល ខ្ញុំគិតថា វាចំតែម្ដង ហើយមិនដឹងតែហេតុអីបានជា​រឿងមិនដោះស្រាយទុកពន្យាពេល។ យើងមើលរោងចក្របិទ រោងចក្រមានបញ្ហាមិនច្រើនប៉ុន្មានទេ។ ខ្ញុំគិតថា គួរតែចាត់វិធានការធ្វើការហ្នឹង​ឲ្យបានលឿន»

កម្មករប្រមាណជាង ៧០០នាក់ បម្រើការងារនៅរោងចក្រហ្គាវ័ន្តស្ថិតក្នុងក្រុងតាខ្មៅ មានវិវាទការងាររយៈពេល​ជាង ១ឆ្នាំហើយជុំវិញរឿងថៅកែបើកប្រាក់ឈ្នួលឲ្យពួកគេមិនទៀងទាត់ និងមិនទូរទាត់ប្រាក់អត្ថប្រយោជន៍ជូន​ពួកគេ​ ខណៈកម្មករទាំងនោះអះអាងថា ពួកគេធ្វើការនៅរោងចក្រនោះចម្លោះពី ៧ ទៅ ១០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ