សេដ្ឋកិច្ច​ចិន​កើន​៦.៨ភាគរយ​លើស​ការ​រំពឹង​ទុក​នៅ​ត្រីមាស​ទី​១

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 10:08 AM | អន្តរជាតិ | 0 | 1379

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋចិន​ស៊ិនហួ បាន​រាយការណ៍​ថា សេដ្ឋកិច្ច​មាន​កំណើន​ក្នុង​កម្រិត ៦.៨​ភាគរយ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ បើធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​វា​បាន​កើន​ឡើង​លើស​ពី​ការ​រំពឹង​ទុក។

ទីភ្នាក់ងារ​ព័ត៌មាន​មួយ​នេះ បាន​ដក​ស្រង់​តួលេខ​ផ្លូវការ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ដែល​បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​ចិន​នៅ​ត្រីមាស​នេះ មិន​បាន​ប្រែ​ប្រួល​នោះ បើ​ធៀប​ទៅ​នឹង​ត្រីមាស​ទី​៤ ឆ្នាំ២០១៧​កន្លង​មក។

ក្រុម​អ្នក​វិភាគ​សេដ្ឋកិច្ច​ដែល​ស្ទាប​ស្ទង់​មតិ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ព្យាករ​ថា សេដ្ឋកិច្ច​នឹង​មាន​កំណើន​ក្នុង​កម្រិត ៦.៧​ភាគរយ​ប៉ុណ្ណោះ​នៅ​ចន្លោះ​ខែ​មករា​ដល់​ខែ​មីនា​កន្លង​មក​នេះ ពោល​គឺ​បាន​ធ្លាក់​ចុះ​តិច​តួច​បើធៀប​នឹង​ត្រីមាស​ទី​៣ និង​ទី​៤ ឆ្នាំ​២០១៧​កន្លង​មក ដែល​មាន​កំណើន ៦.៨​ភាគរយ៕

តួលេខ​កំណើន​សេដ្ឋកិច្ច​ចិន​បែប​នេះ បាន​បង្ហាញ​ថា សេដ្ឋកិច្ច​ចិន​នៅ​តែ​មាន​លំនឹង​លើស​ពី​គោលដៅ​​របស់​រដ្ឋាភិបាល​ចិន ដែល​ចង់​បាន​កំណើន​សេដ្ឋកិច្ច​ប្រហែល ៦.៥​ភាគរយ​ពេញ​មួយ​ឆ្នាំ​២០១៨​នេះ។

កំណើន​បែប​នេះ ក៏​ជួយ​ជំរុញ​ដល់​ក្រុម​អ្នក​បង្កើត​គោល​នយោបាយ​សេដ្ឋកិច្ច​ចិន ឲ្យ​បង្កើន​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​សម្អាត​បរិស្ថាន៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required