បទយកការណ៍៖ យុវជននិងអ្នកពាក់ព័ន្ធបង្ហាញទស្សនផ្សេងគ្នាចំពោះការផលិតបទចម្រៀងបែបថ្មី

រូបភាពនៃវីដេអូចម្រៀងបទ «បីឆ្កែចូលរាំ» ផលិតដោយក្រុមហ៊ុនហង្សមាស ដែលចេញផ្សាយក្នុងឱកាសចូលឆ្នាំខ្មែរ២០១៨ (រូបភាព៖ យូធូប)

«សំឡេង»

នេះ​ជា​ការ​សម្ដែង​បទ «​មាន់​ស្រែ» រ​​បស់​ក្រុម​និស្សិត​ខ្មែរ​និង​បរទេស​ ក្នុង​​កម្មវិធី​​វប្បធម៌​មួយ​​ដែល​រៀប​ចំនៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ប្រទេស​ចិន​។ ថ្វី​​បើ ​ពេល​នោះ​​ពួក​​គាត់​ ក៏បាន​សម្ដែង​របាំ​ប្រពៃណី​ផ្សេង​ទៀត​ក៏​ដោ​យ​ ក៏​ពួក​គេ​នៅតែ​ជៀស​មិន​ផុត​ពី​ការ​រិះ​គន់​របស់​អ្នកប្រើប្រាស់បណ្តាញសង្គម​ហ្វេស​បុក​មួយ​ចំនួន​។ អ្នក​រិះគន់​ទាំង​នោះ ​បាន​ចោទរិះគន់ខ្លាំង​ថា ​​​ហេតុ​​អ្វី​បាន​​និស្សិត​ខ្មែរ​ដែល​មាន​ចំណេះ​ដឹងរៀន​ដល់​បរទេស​​ បែរ​ជា​យក​ចង្វាក់​បែកញាក់ញ័រ​យ៉ាងនេះ ​ទៅសម្ដែងបង្ហាញអ្នកទស្សនាទៅ​វិញ​។​

ក្រៅ​​ពី​បទ​​ចម្រៀង​ខាង​លើ ​ក៏​មាន​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​ ដែលកំពុង​ទទួល​ការ​រិះ​គន់ស្រដៀង​គ្នា​ ដែល​ថា​មាន​លក្ខណៈ​បែកមិនសមរម្យ ឬដែលគេនិយមហៅថា«​​ស្លុយ» នោះ​។ បទ​​ចម្រៀង​​ទាំង​នោះ ​រួមមាន​ បទ​រាំបិ​ទ​គូទ​ បី​ឆ្កែ​ចូល​រាំ ស្រលាញ់​អូន​ស្លៀក​ខោ​រហែក​ និង​រាំក្បាច់​ក្ងោក​ជា​ដើម​។

ជុំវិញ​ការរិះគន់​ទៅ​លើ​បទ​ចម្រៀង​ទាំងនោះ​ មតិ​ខ្លះ​យល់​ថា ​ការ​រិះ​គន់​ជា​រឿង​ល្អ ​ប៉ុន្តែ​អ្នក​​ខ្លះ​ទៀត​យល់​ថា​ការ​រិះ​គន់​ក៏អាច​ប៉ះ​ពាល់​អារម្មណ៍​ផលិត​ករ​បទ​ចម្រៀង​ ​ហើយ​វា​អាច​នឹ​ង​ក្លាយ​ជា​​រនាំង​​មួយ​​សម្រាប់​ការ​និពន្ធ​នូវ​អ្វី​ដែល​​ថ្មី​​ស​ម្រាប់​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​។

កំពុង​អង្គុយ​ញ៉ាំ​ទឹក​អំពៅ​នៅ​​លើសួន​ច្បារ​មុខ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ យុវជ​ន ​ដា​ណូ ​ជា​មន្រ្តី​រាជការ​នៅ​ក្រសួង​កសិកម្ម​រុក្ខា​​ប្រមាញ់​និង​នេសាទ​បាន​ ប្រាប់​ VO​D​ ថា ​ខ្លួន​មិន​ចូល​ចិត្ត​ស្ដាប់​​ចម្រៀង​បែប​ បែកញាក់ញ័រមិនសមរម្យ​ទាំង​នេះ​​ទេ​​។

«សម្រាប់​ខ្ញុំ​​​បទ​ចម្រៀង​​ចូល​​ឆ្នាំ​​សម័យ​​ឥលូវ​​​គឺ​​ថា ​​អត់​​ចូល​​ចិត្ត​​តែ​ម្ដង​​។ បទ​ចម្រៀង​គាត់​តែង​មក​ វា​អត់​សូវ​​មាន​អត្ថន័យ​ទាក់​ទាញ​។​ បើ​ប​ទ​ចម្រៀង​ចូល​ឆ្នាំ​ពី​មុន​មក ​នៅ​តែ​អាច​ប្រើ​បាន​ ប៉ុន្តែ​​បើ​​ឥលូវ​​​ខ្ញុំ​​គិត​​ថា ​​អាច​​មាន​​មនុស្ស​​មួយ​​ចំនួន​​គេ​​អាច​​ទទួល​​យក​​បាន​ ប៉ុន្តែ​​មនុស្ស​​មួយ​​ចំនួន​ហ្នឹង​ដដែល​ទៅ​ស្ដាប់​​​មួយ​ឆ្នាំ​ក្រោយ​ក៏​ស្ដាប់​លែង​បាន​ដែរ​។ តែ​បើ​ចម្រៀង​ពី​ដើម​យើង​យក​មក​ប្រៀប​​ធៀប​​គ្នា​មើល​ យក​មក​ឥលូវ​នៅ​តែ​ស្ដាប់​បាន​ បទ​ចម្រៀង​រាំវង់​ចូល​ឆ្នាំ​អី​អញ្ចឹង​។»

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ថា ​ការ​រិះ​គន់​អាច​ជា​រនាំង​ដល់​ការ​ផលិត​នូ​វ​អ្វី​ដែល​ថ្មី​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ យុវជន​ ដា​​ណូ​បាន​​ឆ្លើយ​ថា​៖ «រិះ​គន់​សម្រាប់​យក​មក​ឲ្យ​គាត់​គិតពិ​ចារណា​ បើ​គេ​រិះ​គន់​អញ្ចឹ​ង ​វា​សម​អត់​? បើ​ថា​សម​យើង​យក​វា​ទៅ​កែ​ច្នៃ​ឲ្យ​បាន​​ល្អ​ប្រសើរ​ទៅ​ មិន​មែន​ថា​ រិះគន់​ដើម្បី​បង្អាក់​គាត់​លែង​ឲ្យ​គាត់​មាន​គំនិត​ច្នៃ​ប្រឌិត​ទេ​​​ រិះ​គន់​ដើម្បី​ស្ថាប​នា»​។

ចំពោះ ស្រី​ល័ក្ខ​ និស្សិត​​​សាកលវិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ មានទស្សនប្រហាក់ប្រហែល​ទៅ​នឹង​ការ​លើក​ឡើង​របស់​ដាណូ​ដែរ​ ​ដោយ​ថា ​បទ​ទាំង​នោះ​មិន​សាក​សម​នឹងពេលចូ​ល​ឆ្នាំ​ឡើយ​។​

«រដូវ​កាល​នេះ​ ជា​រដូវកាល​ចូល​ឆ្នាំ​។ ដូច្នេះ ​ហើយ​គួរ​តែ​ចេញ​បទ​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ​​ដូច​​កាល​ពី​មុន​មក​ដូច​មាន​រាំវង់​ សារ៉ាវ៉ា​ន់​ ឡាំ​លាវ​អី​អញ្ចឹង​។ ឃើញ​ថា​ផលិតកម្ម​មួយៗ​ ចេញ​សុទ្ធ​តែ​បទ​បែក​ស្លុយៗ​ អញ្ចឹង​មក​​។ ដល់​អញ្ចឹង​វា​មាន​អារម្មណ៍​ថា​វា​ពង្វក់​ទឹក​ចិត្ត​របស់​យុវជន​ឲ្យ​ទៅ​តាម​ហ្នឹង​ដែរ​។»​

ស្រី​លក្ខណ៍​យល់​ថា ​ការ​រិះ​គន់​ទៅ​លើ​បទ​ចម្រៀង​ទាំង​នោះ​មិន​មាន​ចេត​នា​អាក្រក់​ណាមួយ​ដើម្បី​បន្តុះបង្អាប់​លើ​ស្នាដៃ​​របស់​​អ្នក​និពន្ធ​បទ​ទាំង​នោះ​ឡើយ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ការរិះគន់​ទាំង​នោះ​វា​នឹ​ង​ជួយ​​ដល់​អ្នក​និពន្ធ​ទាំង​នោះ​យក​ទៅ ​ពិចារណា​កែ​តម្រូ​វបន្ថែម​នូវ​ចំណុច​ដែល​ខ្លួន​ខ្វះ​ខាត​។​

ងាកមក យុវតី​ឆវី ​ជា​និស្សិត​​ផ្នែកគ្រប់គ្រង​នៃសាកលវិទ្យាល័យ​មួយ ហាក់យល់ផ្ទុយ ដោយថា ការផលិតបទចម្រៀង​ទាំង​នោះ​ មិន​មាន​អ្វី​ប៉ះ​ពាល់​ដល់​វប្ប​ធម៌​​​ប្រពៃណី​​នោះទេ ក្រៅពី​​ឲ្យ​អ្ន​ក​ស្ដាប់​បាន​សប្បាយ​រីក​រាយ​តែ​ប៉ុណ្ណោះ​។

«ការ​រិះ​គន់​ដូច ​ខ្ញុំ​និយាយ​មុន​ហ្នឹង​អញ្ចឹង​ ការ​រិះគន់​មួយ​ដើម្បី​ជាន់​ពន្លិ​ច​ ហើយ​ការ​រិះ​គន់​​មួយ​ទៀត​គ្រាន់​តែ​ថា​ដើម្បី​ស្ថាបនា​ឲ្យ​គាត់​ធ្វើ​អ្វី​ដែល​ល្អៗ​។»

​តារា​ចម្រៀង​និង​ជាអ្នក​​និពន្ធ​ម្នាក់​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក ​ងួន ចាន់​ដេវីត​ កាល​ពីចុង​ខែមីនា ​​បាន​​សរសេរ​​នៅលើបណ្តាញសង្គមហ្វេសប៊ុកដោយប្រតិកម្ម​តប​នឹង​ការ​រិះ​គន់​ទៅ​លើការផលិតបទចម្រៀងរបស់ខ្លួនថា ជាការជាន់​ពន្លិច​​តាម​​គ្នា ​​ដោយ​មិន​បាន​​ពិចារណា​ត្រឹម​ត្រូវ​​។ ទោះជាយ៉ាងណា ដេវី​ត ​ក៏​បាន​សំណូម​ពរ​ឲ្យ​មហាជនទូទៅ​ទទួល​ស្គាល់​ការ​ច្នៃ​ប្រឌិត​របស់​ខ្លួន​ ហើយរួម​គ្នា​ជា​ធ្លុង​មួយ​​ជួយ​​គ្នា​​​​បង្កើត​​នូវ​​អ្វី​ដែល​​ថ្មី ​​ដើម្បី​ឲ្យ​អន្តរជាតិ​គេ​ស្គាល់​ថា​នេះ​ជា​ស្នាដៃ​ខ្មែ​រ​។​

ប្រធាន​អង្គការ​សម្មភាព​សិល្បៈ​ខ្មែ​រ លោក​ សួង​ សុភ័ក្រ ​​ចាត់​ទុក​ថា​អ្នក​រិះ​គន់​ជា​គ្រូ​ដ៏​ល្អ​សម្រាប់ផលិតករ​ទូទៅ​។

«នៅ​ពេល​ដែល​បង​ធ្វើ​ល្ខោន​​ ពេលដែល​បង​ធ្វើកុន​ បង​ធ្វើអី​ក៏​ដោយ​ បង​តែង​តែ​យក​ Professional ​ខាង​ផ្នែក​ជំនាញ​មួយ​ ហើយ​និង​ Audience (ប្រិយ​មិត្ត​អ្នក​ស្ដាប់​ឬ​អ្នក​ទស្សនា​)មក​មើល​ ហើយ​យើង​សួរ​គាត់​​ទាំង​​ពីរ​នាក់​។ មួយ​គេ​តិះ​ទៀន​ក្នុង​បច្ចេក​ទេស​ មួយ​តិះ​ទៀន​ក្នុង​នាម​ជា​ Audience​ អញ្ចឹង​ណា​។ អញ្ចឹង​ទៅ​យើង​បាន​ទាំង​​អស់​។​​»

អ្នក​​នាំ​​ពាក្យ​​ក្រសួង​​វប្បធម៌​​និង​​វិចិត្រ​​សិល្បៈ លោក​ ថៃ នរៈ​សត្យា ទទួល​ស្គាល់​ថា​បទ​ចម្រៀង​សម្រាប់​ចូល​ឆ្នាំ​ខ្មែ​រ​​ឆ្នាំ​​នេះ ​​​បទ​មួយ​ចំនួន​ពិតជា​ត្រូវ​បាន​គេ​តិះ​ទៀន​ថា មាន​លក្ខណៈ​បែកញាក់ញ័រពិត​ប្រាដក​មែន​​ ប៉ុន្តែ​​ ថា ផលិតកម្ម​​ទាំង​​នោះ​ក៏​បាន​ផលិត​ចម្រៀង​បែបប្រពៃណី​ច្រើន​ដែរ​។

«ខ្ញុំ​គិត​ថា ​វា​មិន​ជា​អី​ដែល​ធ្វើ​ឲ្យ​យើង​​ […] និយាយ​ឲ្យ​ចំ​ទៅ​អ្នក​ខ្លះ​វា​អាច​រំខាន​ វា​អាច​ធ្វើ​​អោយ​​អាប់​​អោន​​​ដល់​​វប្បធម៌​ប្រពៃណី​ជាតិ​ ខ្ញុំ​ថា​វា​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ​។​»

លោក​បាន​បន្ថែម​ថា ករណីនេះវា​បង្ហាញពី​ភាព​ចម្រុះ​នៃ​បទ​ចម្រៀង​​ ពោល​គឺ​មាន​ទាំង​ចង្វាក់​បែប​ប្រពៃណី​និង​បែប​សម័យ​។

«នេះ​គ្រាន់​តែ​ជាការ​គួប​ផ្សំ​ជាមួយ​នឹង​អាជីវកម្ម​ផង​ ជាមួយ​នឹង​ការ​ច្នៃ​ប្រឌិត​ផង។ ប្រសិន​បើ​យើង​គិត​ទៅ​ថា​វា​ មាន​ តែ​ចង្វាក់​​រាំ​វង់​ រាំក្បា​ច់ ​សារ៉ាវ៉ាន់ […]ម៉ាស៊ីឌី​ ម៉ាវ៉ុលទៅ​ ជួន​កាល​ខ្លះ​វា​មាន​ទៅ​ជា​ការ​តិះ​ទៀន​ថា​អត់​មាន​រំលេច​ជា​មួយ​​កា​រ​​ច្នៃ​ប្រឌិត​ អត់​មាន​រំលេច​ជា​មួយ​នឹង​ប្រឌិត​វិញ្ញាណ​ដែល​ថ្មីៗ​ដែល​អាច​ទាញ​ការចា​ប់​អារម្មណ៍​ឲ្យ​ដើរ​ទាន់​សម័យ​ទំនើប​ខ្លះ​​។​»

​ជុំវិញ​​ការ​រិះគន់​លើ​បទ​ចម្រៀង​ទាំង​នោះ លោក នរៈសត្យា​ មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​ផលិតករ​នោះ ​ត្រូវ​គេ​ស្តី​បន្ទោស​ ហើយ​ពួកគាត់​មិន​បាន​គិត​វែង​ឆ្ងាយ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​ពួកគេ​ក្នុង​ការ​គិត​ផលិត​នូវ​អ្វី​​ដែល​ថ្មី​​។​

«បើ​​កាល​ណា​​គាត់​​បាក់​ទឹក​​ចិត្ត​​ យើង​​តិះ​​ទៀន​ថែម​​ទៀត​​​ថា​​​មិន​​ចេះ​​ធ្វើ​​អ្វី​ ​មិន​ចេះ​ធ្វើ​នេះ​មិន​ចេះ​ធ្វើ​នោះ​ ​គ្រាន់​​តែ​ប៉ុណ្នឹង​ក៏​បាក់​ទឹក​ចិត្ត​ដែរ​។ បាន​ន័យ​ថា​ការ​តិះទៀនក៏​ជា​លំអរ​មួយ​នៅ​ក្នុង​សង្គម​បរិយាកាស​នៃ​ការ​រស់​នៅ​របស់​មនុស្ស​​ផង​ដែរ។ ពូ​មិន​យល់​ថា​ការ​តិះ​ទៀន​ទាំង​អស់​ហ្នឹង​វា​អាក្រក់​ពេក​ទេ​ ប៉ុន្តែ​ពូ​ក៏​មិន​គាំ​ទ្រ​ចំពោះ​ការ​តិះ​ទៀន​ណា​មួយ​ដែល​វា​ប្រកប​​ទៅ​ដោយ​ទុទិដ្ឋិ​និយម​ដែ​រ​»។​

ទោះ​​ជា​​យ៉ាង​ណា​ ក៏ដោយ​ទាំង​អ្នក​រិះគ​ន់​ ទាំង​អ្នក​មិន​រិះគន់​បាន​យល់​ស្រប​ដូច​គ្នា​ថា​ អ្នក​និពន្ធ​បទ​ចម្រៀង​មិន​ត្រូវ​ភ្លេច​នូវ​អ្វី ​ដែល​ជា​វប្បធម៌​​របស់​ខ្លួន​ឡើយ​ ពោល​គឺ​ថែរក្សា​នូវ​អ្វី​ដែលជារបស់ដូនតា​បានបន្សល់ទុក។  ​​

លោក ​​ថៃ​​​ នរៈ​​សត្យា ​បាន​​​លើក​​​ទឹក​​​ចិត្ត​​​ដល់​​​ផលិតករ​​ទាំង​​​អស់​​​បន្ត​​​ការច្នៃប្រឌិត​​បន្ថែម​ដោយ​រួមផ្សំ​គំនិត​​ខ្មែរ​ខ្លះ​​ បរទេស​ខ្លះ ​ហើយ​​បង្កើត​​នូវ​​អ្វី​​ដែល​ជា​វណ្ណកម្ម​ថ្មីមួយជា​របស់ខ្មែរ​យ៉ាង​​ពិត​​ប្រាកដ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ