សាលាឧទ្ធរណ៍​បដិសេធសំណើ​សុំនៅក្រៅឃុំ​របស់តំណាងរាស្រ្ត​ អ៊ុំ សំអាន​

តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក អ៊ុំ សំអាន កាលពីកន្លងទៅ

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារនេះបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដោយអះអាងថាដំណើរការស៊ើបអង្កេតរបស់សាលាដំបូងមិនទាន់បញ្ចប់នៅឡើយ។

នៅព្រឹកថ្ងៃអង្គារនេះ លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនមកសាលាឧទ្ធរណ៍ ដោយដៃជាប់ខ្នោះ។ ក្រោយបញ្ចប់សវនាការ មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន គឺលោក ជូង ជូងី បានថ្លែងប្រាប់អ្នកសារព័ត៌មានចៅក្រមសម្រេចមិនឲ្យលោកនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមមូលហេតុពីរ គឺទីមួយសាលាដំបូងមិនទាន់បញ្ចប់ការស៊ើបអង្កេតនិងទីពីរគឺលោកអាចបង្កចលាចលក្នុងសង្គម ប្រសិនបើនៅក្រៅឃុំ។

មេធាវីការពារក្ដីចាត់ទុកការសម្រចរបស់ចៅក្រមសាលាឧទ្ធរណ៍បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្ដីលោកដែលជាតំណាងរាស្ត្រនៅមានភ័យឯកសិទ្ធិ ដោយលោកលើកឡើងថាកូនក្ដីរបស់លោកមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ឡើយ។ លោកមានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំជាមេធាវី ខ្ញុំមើលឃើញថាវាអត់មានបទល្មើសដូចការចោទប្រកាន់ ហើយក៏មិនមែនជាអំពើជាក់ស្ដែងអ្វីដែរ  ពីព្រោះអាបទល្មើសញុះញង់ហ្នឹងគឺក្នុងមាត្រាចែងក្នុងក្រមព្រហ្មទណ្ឌ គឺវាត្រូវញុះញង់ដោយផ្ទាល់  ប៉ុន្តែកាលដែលលោក អ៊ុំ សំអាន គាត់បង្ហោះតាមហ្វេសប៊ុក អាហ្នឹងវាអត់អាចជាអំពើញុះញង់ដោយផ្ទាល់ទៅកើតទេ ហើយគាត់ជាសមាជិកតំណាងរាស្រ្តនៅមានអភ័យឯកសិទ្ធិ ។  អញ្ចឹងបែបជាចោទប្រកាន់គាត់ វាអត់ត្រឹមត្រូវទេ”។ ទោះជាយ៉ាងណា លោកនឹងប្ដឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត ដើម្បីសុំឲ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំ។

មុនពេលចូលសវនការ ទាំងដៃជាប់ខ្នោះ លោក អ៊ុំ សំអាន បានថ្លែងថា៖ “រឿងដែលអយុត្តិធម៌ អ្នកការពារទឹកដី ត្រូវជាប់ពន្ធនាគារ ឯអ្នកធ្វើឲ្យបាត់បង់ទឹកដីគឺជាអ្នកស្នេហាជាតិនិងរួចខ្លួនទៅវិញ”។ លោកបញ្ជាក់ថាការចាប់ខ្លួនរបស់លោកផ្ទុយនឹងរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០។

គួរបញ្ជាក់ថាកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ ច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន ដោយអះអាងថាលោក អ៊ុំ សំអាន ត្រូវបានចោទប្រកាន់ពីបទមជ្ឈឹមដែលតុលាការថាច្បាប់កំណត់ដាក់ពន្ធនាគារស្មើឬលើសពី១ឆ្នាំ។ ចៅក្រមស៊ើបសួរ លោក តុប ឈុនហេង បានលើកឡើងថាដើម្បីបង្កាបទល្មើសកុំឲ្យកើតឡើងជាថ្មី រក្សាភស្តុតាង ធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធីដែលចៅក្រមថាដើម្បីធានារក្សាសណ្តាប់ធ្លាប់សាធារណៈ កុំឲ្យមានភាពច្របូកច្របល់បណ្តាលមកពីបទល្មើសជាដើមនោះ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។

គួរបញ្ជាក់ថា លោក អ៊ុំ សំអាន ដែលសកម្មនឹងរឿងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ត្រូវបានចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ ក្រោយពីការចាប់ខ្លួននេះ នៅថ្ងៃនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក អ៊ុំ សំអាន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ