កម្ពុជា​និង​រុស្ស៊ី​ចុះហត្ថលេខាលើ​សន្ធិសញ្ញា​ស្តីពីបត្យាប័ន

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន​ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី

រដ្ឋាភិបាលកម្ពុជានិងរុស្ស៊ីនៅថ្ងៃអង្គារនេះបានសម្រេចចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញាស្តីពីបត្យាប័ន ដែលនឹងបើកផ្លូវឲ្យប្រទេសទាំងពីរអាចស្នើសុំការដោះដូរមនុស្ស នៅពេលដែលរដ្ឋាភិបាលប្រទេសនោះចង់បាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនិងនាយករដ្ឋមន្រ្តីរុស្ស៊ីលោក ឌីមេទ្រី មេតវ៉ាដេវ បានធ្វើជាអធិបតីភាពក្នុងការចុះកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះរួមមានសន្ធិសញ្ញាស្តីពីបត្យាប័នផងដែរ។ ឯកសារផ្សេងទៀតរួមមានអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌និងការិយាល័យអគ្គរដ្ឋអាជ្ញាសហព័ន្ធរុស្ស៊ី អនុស្សារណៈនៃការយោគយល់ស្តីពីការសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន អនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការអូឡាំពិកនៃប្រទេសកម្ពុជានិងរុស្ស៊ី សេចក្តីប្រកាសរួមស្តីពីបញ្ជីសំណើគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចនិងវិនិយោគរហូតដល់ឆ្នាំ២០២០ អនុស្សារណៈនៃការយោគយល់ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពុលនុយក្លែអ៊ែរ អនុស្សារណៈនៃការយោគយល់ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-រុស្ស៊ីលើកិច្ចប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូ ក្នុងគោលបំណងសន្តិភាពនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ។

លោក ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី  ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី។

គួរបញ្ជាក់ថាការរៀបចំកិច្ចព្រមព្រៀងលើសន្ធិសញ្ញាស្តីពីបត្យាប័ននេះធ្វើឡើងបន្ទាប់ពីសេដ្ឋីជនជាតិរុស្ស៊ីម្នាក់ លោក Sergei Polonskyត្រូវបានចាប់ខ្លួននៅកម្ពុជា។ កាលពីចុងឆ្នាំ២០១៥ កម្ពុជាបានបញ្ជូនសេដ្ឋីជនជាតិរុស្ស៊ីលោកPolonskyនិងបក្សពួក៥នាក់ផ្សេងទៀតទៅប្រទេសខ្លួនវិញ ក្រោយពីអាជ្ញាធររកឃើញថាពួកគេរស់នៅកម្ពុជាមិនស្របច្បាប់។  ការបញ្ជូននេះស្របពេលរដ្ឋអាជ្ញារុស្ស៊ីបានស្នើសុំជាផ្លូវការ ឲ្យកម្ពុជាធ្វើបត្យាប័ន នៅពេលចាប់ខ្លួន លោកPolonskyបាន។

លោក Polonsky ត្រូវតុលាការរុស្ស៊ីចោទប្រកាន់ថាបានបោះបង់ចោលក្រុមហ៊ុនអចលនទ្រព្យដែលកំពុងជាប់បំណុលនៅក្នុងប្រទេសរុស្ស៊ី ហើយបានរត់មកជ្រកកោនលើកោះឯកជនមួយ ក្នុងដែនទឹកកម្ពុជា ។ គួររំឭកថាកាលពីចុងខែធ្នូ ឆ្នាំ២០១២ លោក Polonskyនិងមិត្តភ័ក្ត្រពីរនាក់ទៀត ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនដោយរងចោទពីបទប្រើហិង្សាដោយចេតនានិងការឃុំឃាំងមនុស្សខុសច្បាប់លើកម្មករខ្មែរ៦នាក់ ដោយប្រើកាំបិតនិងបញ្ជាឲ្យពួកគេលោតចេញពីទូក ក្នុងខេត្តព្រះសីហនុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ