អ្នកតស៊ូមតិចង់ឲ្យមានអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា

អង្គការផ្នែកតស៊ូមតិមួយចំនួនជំរុញឲ្យមានការទទួលស្គាល់ភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានិងទទួលយកកូនមកចិញ្ចឹម ដោយអះអាងថាដើម្បីបំបាត់ការរើសអើងភេទនៅក្នុងសង្គម។

អង្គការសង្គមស៊ីវិលចំនួន២០ដែលមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមរ៉ាក់ អង្គការសេវាសង្គមសុខភាពបុរស និងអង្គការផ្សេងៗទៀត បានចេញសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី១៧ ខែឧសភា នៅក្នុងខួបទី១១ឆ្នាំ នៃទិវាអន្តរជាតិប្រឆាំងការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា។ សេចក្ដីថ្លែងការណ៍លើកឡើងថាការអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការជាប្ដីប្រពន្ធនឹងគ្នាបាននិងមានសិទ្ធិសុំកូនចិញ្ចឹម គឺអាចធ្វើឲ្យមានភាពប្រសើរក្នុងចំណោមពលរដ្ឋកម្ពុជាដោយមិនគិតយេនឌ័រ។

មន្រ្តីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក នួន ស៊ីដារ៉ា មានប្រសាសន៍ថាការជំរុញឲ្យមានភាពស្របច្បាប់សម្រាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានេះ ដោយសារតែកន្លងមកពួកគេមិនទាន់មានច្បាប់ការពារ។ លោកបន្ថែមថាសង្គមកម្ពុជាត្រូវការគ្រួសារមួយដែលមានសុភមង្គល ហើយអ្នកស្រឡាញ់ភេទដូចគ្នាក៏អាចបង្កើតភាពសុខសាន្តក្នុងគ្រួសារគេបានដែរ។

លោកបន្ថែមថា៖ “យើងចង់បានគ្រួសារមួយដែលមានសុភមង្គល អញ្ចឹងពាក្យថាសុភមង្គលមិនបានសំដៅទៅលើតែបុរសហើយនឹងស្រ្តីឬអ្នកភេទផ្ទុយគ្នាទេ តែសម្រាប់អ្នកភេទដូចគ្នាសំខាន់គាត់មានភាពសុខដុមរមនាក្នុងផ្លូវចិត្ត។ អញ្ចឹងឃើញថាអ្វីដែលយើងចង់បាន បើសិនជាមានអាពាហ៍ពិពាហ៍មួយគឺធ្វើឲ្យអ្វីដែលគាត់ចង់បាននោះគឺភាពរីករាយមួយ”។

បើតាមសេចក្ដីថ្លែងការណ៍ដដែលក៏ជំរុញឲ្យមានដាក់បញ្ចូលអត្តសញ្ញាណយេនឌ័រក្នុងឯកសារច្បាប់ ដោយអ្នកស្រឡាញ់ភេទដូចគ្នាអាចប្ដូរអត្តសញ្ញាណភេទក្នុងអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន។ សេចក្ដីថ្លែងការណ៍ដដែលក៏ជំរុញឲ្យបញ្ឈប់ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នាជាពិសេសនៅតាមទីសាធារណៈ សាលារៀន កន្លែងធ្វើការ និងមណ្ឌលសុខភាពជាដើម។

បើតាមមន្រ្តីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីឆ្នាំ២០១៥ អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាមានចំនួនចន្លោះពី១៤៧ ០០០នាក់ទៅ១ ៤៧០ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ