អង្គការសិទ្ធិមនុស្សថាអ្នកទោសនយោបាយកាន់តែកើនពេលតុលាការមិនឯករាជ្យ

អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយបានបង្ហាញរបាយការណ៍អង្កេតរយៈពេលមួយឆ្នាំដោយកត់សំគាល់ថាអ្នកទោសនយោបាយនៅកម្ពុជាកាន់តែឡើងយ៉ាងគំហុក នៅពេលដែលរដ្ឋាភិបាលប្រើប្រព័ន្ធតុលាការជារនាំងសម្រាប់បំបិទមាត់អ្នករិះគន់។

ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការលីកាដូចេញផ្សាយនៅថ្ងៃទី១៧ខែឧសភានេះដែលបានដាក់ចំណងជើងថា « អ្នកទោសនយោបាយនៅកម្ពុជា» នោះលីកាដូបានកត់សំគាល់ថា ចាប់តាំងពីខែឧសភាឆ្នាំ២០១៥ ការបំភិតបំភ័យរបស់រាជរដ្ឋាភិបាលមកលើអ្នករិះគន់ គឺមានលក្ខណៈកាន់តែធ្ងន់ធ្ងរឡើងៗ។

អង្គការសិទ្ធិមនុស្សនេះបញ្ជាក់ថា ករណីនេះធ្វើឲ្យចំនួនអ្នកទោសនយោបាយដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា កាន់តែមានការកើនឡើងយ៉ាងខ្លាំង នៅពេលដែលអាជ្ញាធរកាន់តែប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដើម្បីបំបិទសំឡេងមតិរិះគន់។

អង្គលីកាដូឲ្យដឹងទៀតថាក្នុងចំណោមអ្នកជាប់ឃុំទាំងនោះមួយចំនួនគឺជាអ្នកធ្វើយុទ្ធនាការផ្នែកបរិស្ថាន ព្រះសង្ឃ សិស្សនិស្សិត សកម្មជន សមាជិករដ្ឋសភា និងព្រឹទ្ធសភាមកពីគណបក្សជំទាស់ និងអ្នកធ្វើការងារផ្នែកសិទិ្ធមនុស្ស។

អ្នកទាំងអស់នោះលីកាដូថាត្រូវបានគេឃុំដោយផ្អែកលើបទល្មើសព្រហ្មទណ្ឌជាច្រើនខុសៗគ្នា ប៉ុន្តែអង្គការនោះថា ជារួមការជាប់ឃុំរបស់អ្នកទាំងនោះ បង្ហាញពីការរឹតបន្តឹងលើផ្នែកនយោបាយកាន់តែខ្លាំងឡើងៗក្នុងប្រទេសកម្ពុជា។

បើតាមរបាយការណ៍របស់អង្គការលីកាដូ អ្នកជាប់ឃុំទាំងនោះមាន២៩នាក់មានសកម្មនយោបាយរបស់គណបក្សប្រឆាំង១១រូប សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ សមាជិករដ្ឋសភាមណ្ឌលសៀមរាម លោក អ៊ុំ សំអាន ប្រធានបណ្តាញនិស្សិតកម្ពុជា គង់ រាយ៉ា សមាជិកអង្គការចលនាមាតាធម្មជាតិមានទាំងលោក សាន់ ម៉ាឡា មន្ត្រីការពារសិទ្ធិមនុស្សអាដហុកមានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន លោក ស្រី លឹម មុន្នី និង មន្រ្តី គ.ជ.ប លោក នី ចរិយា ជាដើម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចលោក សុខ ឥសាន បានច្រានចោលរបាយការណ៍អង្កេត របស់អង្គការលីកាដូ ដោយអះអាងថារបស់បាយការណ៍នេះមិនឆ្លុះបញ្ជាំងការពិតនៅកម្ពុជា ហើយចោទថាមានភាពលំអៀង។

លោកថា៖ “គាត់និយាយផ្អែកទៅលើមូលដ្ឋានចង់ចំណេញតែម្ខាង មិនមែនរដ្ឋាភិបាលប្រើប្រព័ន្ធតុលាការធ្វើឲ្យមានមនុស្សជាប់ទោសច្រើននៅក្នុងពន្ធនាគារទេតែតាមពិតមកពីមានអ្នកល្មើសច្បាប់ច្រើនដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលជាប់ពន្ធនាគារ”។

ប៉ុន្តែសម្រាប់តំណាងរាស្ត្របក្សប្រឆាំងមួយរូបដែលរិះគន់រដ្ឋាភិបាលឥតសំចៃមាត់រឿងបញ្ហាព្រំដែនលោក អ៊ុំ សំអាន ដែលសាលាឧទ្ធរណ៍ឲ្យនាំខ្លួនមកសវនាការលើបណ្តឹងសុំនៅក្រៅឃុំនៅថ្ងៃនេះ បានថ្លែងទាំងដៃជាប់ខ្នោះពេលឆ្មាំការពារបណ្តើរចូលបន្ទប់សវនាការថា តុលាការមានភាពលំអៀងដោយលោកថា អ្នកការពារជាតិជាប់គុក តែអ្នកដែលលោកថាធ្វើឲ្យជាតិខាតបង់បែរជាមានឈ្មោះថាជាអ្នកស្នេហាជាតិទៅវិញ។

លោកថា៖ “អ្នកដែលការពារទឹកដីជាប់ពន្ធនាគារ អ្នកដែលធ្វើឲ្យបាត់បង់ទឹកដីក្លាយជាអ្នកស្នេហាជាតិ ហើយរួចខ្លួនទៅវិញ”។

យ៉ាងណាក៏ដោយគេសង្គេតឃើញថាកាលពីឆ្នាំមុនសកម្មជនដីធ្លីនិងសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ត្រូវរូវគ្នានិងបបួលគ្នាទៅមហាសង្ក្រានរួមគ្នានៅខេត្តសៀមរៀបអំឡុងចូលឆ្នាំខ្មែរកាលពីឆ្នាំមុន។

ប៉ុន្តែសកម្មជននយោបាយទាំងនោះត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារវិញនៅពេលដែលមកដឹកនាំទាំង២បានខ្វែងគំនិតគ្នាឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ