រដ្ឋមន្រ្តីការពារជាតិរបស់​ថៃប្រកាន់ជំហរ​រក្សា​ទុក​សំណង់​ចម្លង​ប្រាសាទព្រះវិហាររបស់ខ្មែរ​ ​

សំណង់​ប្រាសាទបែបចម្លងប្រាសាទព្រះវិហារ​ខ្មែរ

លោកឧត្តមសេនីយ៍ឯក ប្រាវិទ វង្សស៊ុវណ្ណ(Prawit Wongsuwon )ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានថ្លែងថាសំណង់ប្រាសាទបែបចម្លងប្រាសាទព្រះវិហារខ្មែរនឹងមិនត្រូវវាយកម្ទេចចោលនោះទេ ខណៈកម្ពុជាបង្ហាញជំហរថាសំណង់នេះនឹងប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សម្តីរបស់លោក ប្រាវិទ វង្សស៊ុវណ្ណ មកចុះផ្សាយថាសំណង់ប្រាសាទព្រះវិហារបែបចម្លងនឹងមិនត្រូវកម្ទេចចោលនោះទេ ដែលការអះអាងនេះផ្ទុយពីការលើកឡើងរបស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី១០ ខែឧសភា ដែលកាលនោះនាយករដ្ឋមន្រ្តីថៃនិយាយថាលោកមិនយល់ព្រមចំពោះសំណង់ចម្លងប្រាសាទព្រះវិហារនៅក្នុងខេត្តស៊ីសាកកេតនោះទេ។

ប្រាសាទចម្លងនោះត្រូវបានកងវរសេនាធំទី២៣របស់កងទ័ពថៃនិងកងកម្លាំងការងារស៊ូរ៉ាណារី(Suranari)របស់ថៃសាងសង់ ក្នុងទ្រង់ទ្រាយមួយភាគដប់ដូចប្រាសាទព្រះវិហារខែ្មរ។ សំណង់នេះស្ថិតនៅលើផ្ទៃដីទំហំ៦០០ម៉ែត្រការ៉េ បែរមុខទៅប្រាសាទព្រះវិហារពីខាងព្រំដែនថៃ។

អតីតមេបញ្ជាការកងវរសេនាធំទី២៣ថៃ លោកវរសេនីយ៍ឯក Thanasak Mitraphanont ធ្លាប់បានថ្លែងថាគោលបំណងនៃការសាងសង់ប្រាសាទព្រះវិហារតូចនេះ គឺដើម្បី បង្ហាញទៅរដ្ឋាភិបាលកម្ពុជាថាថៃបានត្រៀមខ្លួនរួចរាល់ដើម្បីអភិវឌ្ឍរួមគ្នាទៅលើប្រាសាទដើម។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានសរសេរនៅលើហ្វេសប៊ុករបស់លោកជាការឆ្លើយតបថា៖ “គ្មានតម្លៃអ្វី ក្នុងកិច្ចកសាងប្រាសាទព្រះវិហារចម្លងអ្វីអំពីស៊ីម៉ង់ត៍ បំភាន់មតិមហាជនទាំងភ្ញៀវទេសចរណ៍ថៃ ឬអន្តរជាតិដែរ ដែលកាឡៃពីផែនថ្មធម្មជាតិពិតប្រាកដ ហើយប្រាសាទព្រះវិហារនេះក៏ទទួលបានចំណាត់ថ្នាក់ពិភពលោកអង្គការបេតិកភ័ណ្ឌពិភពលោក…”។ លោកចាត់ទុកការចម្លងសំណង់ប្រាសាទព្រះវិហារ ជា”ការប្រមាថនិងប្រឆាំងជាមួយអង្គការបេតិកភណ្ឌពិភពលោក ដែលខំប្រឹងប្រែងក្នុងការដាក់ប្រាសាទនេះ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីរួមគ្នាជាអន្តរជាតិក្នុងកិច្ចថែរក្សា អភិរក្ស ជួសជុល”។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា៖ “អាស្រ័យហេតុនេះ អ្វីដែលជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ប្រាវិទ វង្សស៊ុវណ្ណ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺមិនសមហេតុផលនិងផលចំណេញដល់ប្រជាជាតិថៃនោះទេ ដែលគេអាចចាត់ទុកថាជាការរំលោភជាក់ស្តែង មិនត្រឹមតែផ្លូវច្បាប់និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិថៃនោះទេ ក៏ប៉ុន្តែវាអាចធ្វើឲ្យមានការរំខានដល់ទំនាក់ទំនងល្អរវាងកម្ពុជានិងថៃផងដែរ”។

គួរបញ្ជាក់ថាប្រាសាទព្រះវិហារត្រូវបានអង្គការUNESCOចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភព កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។  ក្រោយពីការចុះបញ្ជី រដ្ឋាភិបាលទីក្រុងបាងកកបានបញ្ជួនទាហានរបស់ខ្លួនមកកាន់តំបន់ប្រាសាទព្រះវិហារដើម្បីទាមទារគ្រប់គ្រងដីទំហំ៤,៦គីឡូម៉ែត្រក្រឡានៅជុំវិញប្រាសាទនេះ ដែលនាំសំណុំរឿងក្តីត្រូវបានបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ