ជន​សង្ស័យ​វាយ​ប្រហារ​ទីក្រុង​បាងកក​​ប្រាប់​ថា គេ​មិន​មែន​ជា​សត្វ

(រូបភាពពី Reuters)

ជនជាតិអ៊ុយហ្គ័រមូស្លីមមកពីប្រទេសចិនម្នាក់ក្នុងចំណោមពីរនាក់ដែលជាប់ចោទពីបទជាប់ពាក់ព័ន្ធនៅក្នុងការបំផ្ទុះគ្រាប់បែបនៅបាងកកកាលពីឆ្នាំមុន បានលាតត្រដាងនៅមុខម៉ាស៊ីនថតនៅថ្ងៃអង្គារនេះ ខណៈពេលដើរចូលទៅក្នុងតុលាការ។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាមនុស្ស២០នាក់បានស្លាប់និងជាង១២០នាក់ទៀតរងរបួសនៅក្នុងករណីបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី១៧ខែសីហាឆ្នាំមុន នៅទីសក្ការៈបូជាអៃរាវវ័នជាទីប្រសព្វដ៏កុះករនៅរាជធានីបាងកក។ មនុស្ស៥នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះគឺជាជនជាតិចិននិង២នាក់ទៀតជាមនុស្សមកពីទីក្រុងហុងកុង។

ក្រុមអ្នកវិភាគ អ្នកកាទូត និងមន្ត្រីមួយចំនួនសង្ស័យថា ការវាយប្រហារនោះមានជាប់ទាក់ទងនឹងមនុស្សគាំទ្រជនជាតិអ៊ុយហ្គ័រនៅភាគខាងលិចនៃប្រទេសចិន ដែលបានខឹងសម្បារនឹងរដ្ឋាភិបាលយោធាថៃដែលបានបញ្ជូនជនជាតិអ៊ុយហ្គ័រជាង១០០នាក់ទៅឲ្យប្រទេសចិនវិញកាលពីខែកក្កដាឆ្នាំមុន។

ប៉ុន្តែប៉ូលិសថៃនិយាយថាជនដៃដល់គឺជាសមាជិកនៃបណ្ដាញជួញដូរជនមូស្លីមអ៊ុយហ្គ័រនិងបានវាយប្រហារដោយសារខឹងសម្បារនឹងការបង្ក្រាបរបស់ប្រទេសថៃទៅលើការជំនួញនោះ។

ដោយជាប់ខ្នោះដៃនិងខ្នោះជើង ជនសង្ស័យឈ្មោះ Adem Karadag បានស្រែកទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា រូបគេមិនមែនជាសត្វធាតុទេ រូបគេជាមនុស្ស ខណៈដែលសន្តិសុខពីរនាក់បាននាំយករូបគេចូលក្នុងតុលាការយោធានៅទីក្រុងបាងកក។

ជនសង្ស័យរូបនេះនិងជនសង្ស័យម្នាក់ទៀតឈ្មោះ Mierailli សុទ្ធតែបដិសេធរាល់ការចោទប្រកាន់ប្រឆាំងនឹងពួកគេ។

ជនសង្ស័យ Mierailli ក្នុងទឹកមុខមាំបាននិយាយថាពួកគេគឺជាជនរងគ្រោះ ហើយបានស្រែកឲ្យក្រុមសិទ្ធិមនុស្សជួយពួកគេ ខណៈដែលគេដើរចេញពីរថយន្តប៉ូលិសនៅក្រៅតុលាការ។

លោក Schoochart Kanpai មេធាវីការពារក្ដីឲ្យជនសង្ស័យ Karadag បាននិយាយថាសាក្សីជាង២៥០នាក់អាចត្រូវបានគេកោះហៅសម្រាប់ដំណើរការក្ដី។ មេធាវីរូបនេះសង្ឃឹមថាការកាត់ក្ដីនឹងបញ្ចប់នៅចុងឆ្នាំ២០១៦ ប៉ុន្តែលោកថាវាអាចអូសបន្លាយរយៈពេល១ឆ្នាំទៀត។

ប៉ូលិសនិយាយថាកាមេរ៉ាសុវត្ថិភាពបានចាប់រូបភាពជនសង្ស័យ Karadag នៅឯទីសក្ការៈនោះដោយអង្គុយនៅលើកៅអីថ្មីមួយនិងបានទម្លាក់ទុកនូវកាបូបស្ពាយក្រោយមួយមុននឹងគ្រាប់បែកផ្ទុះឡើងក្រោយពីរូបគេចាកចេញ។

ជនជាតិអ៊ុយហ្គ័រភាគច្រើនដែលនិយាយភាសាតួកនៅរស់នៅតំបន់ហ្ស៊ីនជាំង ក្នុងប្រទេសចិនជាទីដែលញាំញីដោយអំពើហិង្សា។ ក្រុមសិទ្ធិមនុស្សបាននិយាយថាជនជាតិអ៊ុយហ្គ័របានរងគ្រោះនៅក្រោមគោលនយោបាយរបស់រដ្ឋាភិបាលដែលបានរឹតត្បិតវប្បធម៌និងសាសនារបស់ពួកគេ។

ប្រទេសចិនបានច្រានចោលការចោទប្រកាន់នេះនិងបានទម្លាក់ទៅក្រុមឧទ្ទាមអ៊ីស្លាមនិយមដែលបានបង្កអំពើហិង្សា។

ប៉ូលិសថៃបានចេញដីកាចាប់ខ្លួនមនុស្ស១៥នាក់ទៀតក្នុងនោះមានមនុស្ស៨នាក់ត្រូវបានគេគិតថាជាជនជាតិតួគី។ ជនជាតិតួគីមួយចំនួនចាត់ទុកខ្លួនពួកគេជាអ្នកមានខ្សែស្រឡាយវប្បធម៌និងសាសនាដូចគ្នានឹងជនជាតិអ៊ុយហ្គ័រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ