មនុស្ស​៣នាក់ត្រូវបានឃាត់ខ្លួនដោយចោទថាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា​ បុរស​៣នាក់ត្រូវបានឃាត់ខ្លួន កាលពីម្សិលមិញ ​ដោយថាពាក់​ព័ន្ធ​ទៅ​នឹង​ការ​រៀប​ចំ​រដ្ឋាភិបាល​ស្រមោលរបស់ លោក សម សេរី ​ដើម្បីត្រៀម​ផ្តួលរំលំ​​រដ្ឋាភិបាល​នៃគណបក្សប្រជាជនកម្ពុជា​។

ស្នងការ​រង​នគរ​បាល​រាជធានី​ភ្នំពេញ​លោក ស៊ឹម វុទ្ធី​ ​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ទី​១៧ខែឧសភា នេះ​ថា សមត្ថកិច្ច​បានឃាត់​ខ្លួន​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែលតាំង​ខ្លួន​ជា​រដ្ឋាភិបាល​និរទេស​ ចំនួន​៣នាក់ ​ក្នុង​នោះ​មាន​ឈ្មោះ​ ធុយ វី តាំងខ្លួន​ជារដ្ឋមន្រ្តី​កសិកម្ម​ ឈ្មោះ​ ឃុន សាវៈ​ខែ​ត ជាប្រធាន​អង្គការ​ឧ​ត្ត​ម​ស្នងការ​អន្តរ​សាស្ត្រ និង​ឈ្មោះ ​លឹម សុភា​ ជា​ជំនួយ​ការ។

លោក​បន្ថែម​ថា អ្នក​ទាំង​បី​នាក់​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន​ បន្ទាប់ពីពួកគេ​ បាន​ធ្វើ​សន្និ​សិទ​កាសែត​មួយ​កាលពីព្រឹក​​ថ្ងៃ​​ទី​១៦ ឧសភា នៅ​ក្នុង​សង្កាត់ព្រែប្រា ខណ្ឌ​ច្បារ​អំពៅ ដោយស្នើ​ឲ្យ​ដោះ​លែង​សមាជិ​ក​ខ្លួន​​១០នាក់​ ដែល​ត្រូវ​បាន​តុលាការ​ឃុំ​។ លោក​បន្ថែម​ថា​ នៅពេល​នេះ ​សមត្ថកិច្ច​កំពុង​សាកសួរបន្ថែម​ នឹងរៀប​ចំ​ឯក​សារ​ បញ្ជូន​​​ពួក​គេ​ទៅ​កាន់​តុលាការ។

លោក​ថា៖ «នេះសំខាន់លើតុលាការទេយើងគ្រាន់តែចាប់បញ្ជូនទៅតុលាការ ការវិនិច្ឆ័យយ៉ាងម៉េច​ នៅតុលាការ​ ប៉ុន្តែគ្រាន់តែឯកសារយើងមានហើយ។ និយាយឲ្យចំរដ្ឋាភិបាលនិរទេស​ គឺមានដីការបស់តុលាការមួយរួចទៅហើយ ដែលចាប់ខ្លួន​ សមសេរី​ ហ្នឹងអញ្ចឹងវា​ ស្ថិតតែនៅក្នុងការតាមដានរបស់អំណាចតុលាការនៅឡើយទេ»

កាលពី​ថ្ងៃ​ទី៧ខែធ្នូឆ្នាំ២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេច​ផ្តន្ទា​ទោស​មេដឹក​នាំរណ​សិរ្ស​រំដោះជាតិខ្មែរ​និង​គូកនចំនួន​១១នាក់ ឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ៩ឆ្នាំ ក្រោមបទចោទ រួម​គំនិត​ក្បត់ និងសមគំនិត ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន។ ក្នុងចំណោម​អ្នក​ទាំង​១១​នាក់​នោះ មានប្រធានរណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី ដែលកំពុងនិរទេស​ខ្លួននៅប្រទេស​ដាណឺ​ម៉ាក់​ ត្រូវតុលាការបានកាត់ទោសឲ្យជាប់ពន្ធនាគារ៩ឆ្នាំ ពីបទសមគំនិត។

កាលពីពេលកន្លងទៅ ប្រធានចលនារណសិរ្ស​រំដោះជាតិខ្មែរ លោក សម សេរី បានរៀបចំសេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដោយមាន៥ជំពូកនិង៥២មាត្រា ដោយគ្រោងនឹងបង្កើតរដ្ឋាភិបាលខ្មែរនិរទេស​មួយ។ ក្រោយ​​មក​លោក សម សេរី បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួន ដោយអំពាវនាវ​ឱ្យប្រជាជន​ខ្មែរ នៅក្រៅប្រទេសទាំងអស់ ចូលរួមជាមួយរដ្ឋាភិបាលនិរទេសមួយនេះ។

ករណី​នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចោទប្រកាន់ថា រួមគំនិតក្បត់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបាន​សមត្ថកិច្ច​កម្ពុជាប្រកាសចាប់ខ្លួនរហូតដល់បច្ចុប្បន្ននេះ។

ចំណែកសមាជិករបស់ក្រុមនេះ១០នាក់ទៀត ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួន​កាលពី​ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៤ អំឡុងពេលពួកគេ​ចូលរួមធ្វើបាតុកម្មនៅ​មុខស្ថាន​ទូត​វៀតណាម ដោយមានការដុតទង់ជាតិវៀតណាម ការបាចខិតប័ណ្ណ ដែលអាជ្ញាធរចោទកម្ពុជាចោទថា ក្នុងគោលបំណង​អំពាវនាវ​ឲ្យមានការ​ផ្តួលរំលំ​រដ្ឋាភិបាលរបស់លោក ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ