ចិន​ផ្ដល់​ជំនួយ​១៧៤​លាន​ដុល្លារ​ទៀត​ដល់​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង (ឆ្វេង) និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ ១,២០០​លាន​យន់ ឬ​ស្មើ​នឹង ១៧៤​លាន​ដុល្លារ និង​កម្ចី​សម្រាប់​គម្រោង​សាង​សង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ដែល​លោក​មិន​បាន​ប្រកាស​ឲ្យ​ដឹង។

លោក​ ហ៊ុន សែន បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ដើម្បី​ចូល​រួម​​វេទិកា​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ប៉េកាំង។

ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រៀបរាប់​ថា រូប​លោក និង​សម​ភាគី​ចិន លោក​នាយករដ្ឋ​មន្ត្រី លី ឃឹជាំង បាន​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ចំនួន ៦ រវាង​ប្រទេស​ទាំង​ពីរ។

លោក ហ៊ុន សែន បាន​រៀបរាប់​បន្ថែម​ថា ក្នុង​ចំណោម​កិច្ច​ព្រម​ព្រៀង​ទាំង​នោះ កម្ពុជា និង​ចិន​បាន​ឯកភាព​លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស ស្ដី​ពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១,២០០​លាន​យន់ ឬ​ស្មើ​នឹង ១៧៤​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៧​នេះ។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ឲ្យ​ដឹង​បន្ថែម​ថា ប្រទេស​ទាំង​ពីរ​ក៏​បាន​ព្រម​ព្រៀង​គ្នា​លើ​ឥណទាន​សម្បទាន​ជា​ប្រាក់​ដុល្លារ សម្រាប់​គម្រោង​សាង​សង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល នៅ​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​កម្ចី​ឥណទាន​នេះ​នោះ​ឡើយ។

ទំនាក់​កម្ពុជា-ចិន ត្រូវ​បាន​គេ​មើល​ឃើញ​មាន​ភាព​ជិត​ស្និទ​គ្នា​កាន់​តែ​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ជាង ១​ទសវត្សរន៍​ចុង​ក្រោយ​នេះ តាម​រយៈ​ការផ្ដល់​ជំនួយ កម្ចី​ហិរញវត្ថុ និង​កំណើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

បើ​តាម​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា-ចិន នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​កើន​ជា​មធ្យម ២៦​ភាគរយ ដោយ​បាន​កើន​ឡើង​ដល់ ៤.៨​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៦។

ប្រទេស​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ទំហំ​ទឹក​ប្រាក់ ៨៣០​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ខណៈ​ដែល​ប្រទេស​ចិន​វិញ បាន​ចូល​ទំនិញ​មក​ក្នុង​ប្រទេស​កម្ពុជា មាន​តម្លៃ​ដល់​ទៅ ៣.៩​ពាន់​លាន​ដុល្លាររ។

ទំហំ​វិនិយោគ​របស់​ចិន​ចូល​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ផ្ដោត​ទៅ​លើ​វិស័យ​​កម្មន្តសាល សំណង់ វាយនភ័ណ និង​អគ្គិសនី​នោះ បាន​ឡើង​ទៅ​ដល់ ៥.១​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យចិន​នៅ​តែ​ឈរ​នៅ​លំដាប់​លេខ ១ ក្នុង​នាម​​ជា​ដៃ​គូ​វិនិយោគ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

របាយការណ៍​បំណុល​​សាធារណៈ​របស់​កម្ពុជា ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ខែ​មីនា​កន្លង​មក បាន​បង្ហាញ​ថា ចិន​ក៏​ជា​ភាគី​ផ្ដល់​កម្ចី​ធំ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​បាន​ផ្ដល់​កម្ចី​សម្បទាន​ដល់​ទៅ​ជាង ៣,៥៩៩​លាន​ដុល្លារ ឬ​ស្មើ​នឹង ៤៣.៣២​ភាគរយ​នៃ​បំណុល​​ក្រៅ​ប្រទេស​សរុប​របស់​កម្ពុជា​​ជាង ៨​៣០០​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០១៦​កន្លង​មក។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០១៧​នេះ ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​កម្ចី​សម្បទាន​​ដល់​ទៅ ៤២០០​លាន​ដុល្លារ សម្រាប់​​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ កសិកម្ម សុខាភិបាល អប់រំ និង​សន្តិសុខ​សង្គម​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ