សហគមន៍ផ្លូវដែកជំរុញជាថ្មី​ទៅអភិបាលរាជធានីឲ្យបង្ហាញគម្រោងអភិវឌ្ឍ

ទិដ្ឋភាពលំនៅដ្ឋានពលរដ្ឋរស់នៅអមតាមផ្លូវរថភ្លើងក្នុងក្រុងភ្នំពេញ

ប្រជាសហគមន៍ផ្លូវដែកបានយកញត្តិដាក់នៅសាលារាជធានីភ្នំពេញជាថ្មីទៀតនៅថ្ងៃនេះ ដើម្បីជំរុញទៅអភិបាល​ស្ថាប័ន​នេះ ជួយពន្លឿនការបង្ហាញគម្រោងអភិវឌ្ឍន៍​បណ្តោយ​ផ្លូវ​ដែក ​​ជូន​ពួក​គេ​ឲ្យ​​បាន​​ឆាប់​​។

អ្នកស្រី​ ហ៊ន់ ពៅ​ តំណាង​សហគមន៍ភូមិ២៣ បានរៀបរាប់ប្រាប់ VOD បន្ទាប់ពីយកញត្តិដាក់នៅ សាលា​រាជ​​ធានីភ្នំពេញថា ដើម​ចម​ដែល​​នាំ​ឲ្យពួកគេយកញត្តិ​ដាក់​ទៅសាលារាជ​ធានី​ភ្នំពេញ​​​ជា​ថ្មី​ទៀត ដោយសារកាលពីថ្ងៃទី១១ឧសភា មន្ត្រី​​សាលារាជធានីបានប្រកាសប្រាប់​ប្រជាហគមន៍​ផ្លូវ​​​ដែក​នៅ​ក្នុង​វត្តនាគវន្ត​ថា ស្ថាប័ននេះកំពុង​ពិចារ​ណា​​លើគម្រោងអភិវឌ្ឍន៍ក្បែរផ្លូវដែកចំនួនបីជម្រើស។

គម្រោងទី១គឺយក​៣០ម៉ែត្រ​(ពោល​អភិវឌ្ឍន៍​​ពីអ័ក្ស​ផ្លូវ​ម្ខាង១៥ម៉ែត្រ​) ទីពីរ ២០ទៅ១​៥ម៉ែត្រ និង​​ជ​ម្រើស​​ទីបី ១០ម៉ែត្រកន្លះ ខណៈ​ប្រជា​សហគមន៍​ស្នើសុំ​ឲ្យ​អភិវឌ្ឍន៍​ចន្លោះ​ពី៧ម៉ែត្រ​ទៅ៨ម៉ែត្រ​កន្លះ​។​​

ករណីនេះអ្នកស្រី ពៅ​ ស្នើទៅអភិបាលសាលារាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ពន្លឿនបង្ហាញប្លង់​គោល​​ជូនប្រជាសហគមន៍ឲ្យបានច្បាស់ ដោយថាបច្ចុប្បន្ននេះ។ ពួកគេមាន​ការព្រួ​បារម្ភ​យ៉ាងខ្លាំង​ពី​គម្រោង​អភិវឌ្ឍន៍​​ខាងលើនេះ ដោយថាអាចធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរាប់រយគ្រួសារនៅតំបន់នោះ​។

អ្នកស្រីនិយាយថា «គាត់នៅតែនិយាយដដែលៗកំពុង​តែសិក្សា ហើយកំពុង​តែសិក្សា​នៅតែដដែល​៣០​ម៉ែត្រ ២០  ១​៥ម៉ែត្រ ១០ម៉ែត្រកន្លះ នៅដដែលៗ សម្រាប់​ពួកខ្ញុំដែល​រងផលប៉ះពាល់​ដែលគម្រោងផ្លូវ​នេះ បើ១០ម៉ែត្រអស់បាត់ហើយ ផ្ទះខ្ញុំ មានការព្រួយបារម្ភខ្លំាងបានពួកខ្ញុំដាក់លិខិតស្នើសុំថា​គាត់បង្ហាញ​ប្លង់​​ថា គាត់អភិវឌ្ឍន៍ផ្លុវបេតុងយ៉ាងម៉េច ប៉ុន្មានម៉ែត្រ ដើម្បីចរាចរណ៍មិនចង់ឲ្យកកស្ទះ ហើយកុំឲ្យ​ប៉ះ​ពាល់​ដល់ប្រជាពលរដ្ឋ»

លោក នូ សារិន តំណាងសហគមន៍១៧ បានបញ្ជាក់ថា លោកមិនមានជំនឿលើមន្ត្រី​សាលា​រាជធានី​ភ្នំពេញដោះស្រាយបញ្ហា​នេះតាមការស្នើសុំរបស់ប្រជាសហគមន៍នោះទេ ដោយថាពួកគេយកញត្តិដាក់​នៅ​ស្ថាប័ន​នេះ​ច្រើនដងមក​ហើយ ប៉ុន្តែមន្ត្រីទំាងនោះ ហាក់ពន្យាពេលមិនចង់ដោះស្រាយ​បញ្ហានេះ​ជូន​ពួក​គេ​នោះ​ទេ។

លោកបញ្ជាក់ថា «ខ្ញុំអត់ទាន់មានទេ មូលហេតុអ្វីបានថាខ្ញុំអត់ទាន់មាន ពីព្រោះថាយើងមក​មួយដងណា​គម្រោងមិនទាន់សិក្សាចប់ សំខាន់បើយើងចង់ឲ្យមានគោលការណ៍ជាក់លាក់​ណាមួយជាមួយប្រជាពល​រដ្ឋយើងត្រូវ​តែយកតែមួយជម្រើសគត់ មិនត្រូវ​ការយកដល់បីជម្រើសទេ ដល់បីជម្រើស​ប្រជាពលរដ្ឋ មិនដឹង​គិតថាទៅកន្លែងណាទេ ជ្រួលច្របល់ទំាងអស់គ្នា តែបើថា១០ម៉ែត្រកន្លះ ពិតជា១០ម៉ែត្រកន្លះ ហើយ​ចេញមក​លើកប៉ាណូទៅ​ ប្រាប់ទៅផ្លូវខ្ញុំអភិវឌ្ឍន៍១០ម៉ែត្រកន្លះ ហើយប្រជាពលរដ្ឋនិង​សូមជួប​នៅ​ពេល​ក្រោយចចាតម្លៃបាត់លំនៅឋានរបស់ខ្លួន​»

លោក សារិន បានឲ្យដឹងទៀតថា បើសាលារាជធានីភ្នំពេញមិន​ផ្តល់ព័ត៌មានជាក់​លាក់​ពីគម្រោង​អភិវឌ្ឍន៍​ទេ លោកថានឹងដឹកនាំប្រជាសហគមន៍មក​តាមដានញត្តិនៅស្ថាប័នខាងលើនេះ នៅថ្ងៃទី១៥​មិថុនា​ខាង  មុ​ខ ​វេលា​ម៉ោង៩ព្រឹក​។

លោក កែវ កុសល មន្ត្រី​ការិយាល័យរបៀបនិងឯកសារ​នៃ​​ទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ​ដែល​ទទួលយកញត្តិពីប្រជាសហគមន៍ផ្លូវដែក មិនបកស្រាយ​ច្រើនទេ ដោយលោកថា លោកនឹង​យកញត្តិ​នេះ​បញ្ជូន​ទៅថ្នាក់លើ ដោះស្រាយតាមនីតិវិធី​។

លោក​ប្រាប់ថា «ដាក់ថ្នាក់លើ ដាក់ទៅឥលូវ​ហើយបង តែគាត់ចាត់ការយ៉ាងម៉េចតាមនីតិវិធីរបស់គាត់ ខ្ញុំ​អត់ដឹង ខ្ញុំបានត្រឹមតែបញ្ជូនលិខិតចូល​»

ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋានលោក សៀ ភារម្យ យល់ថា បើមន្ត្រីរដ្ឋាភិបាលមិ​នធ្វើកា​រ​ដោះស្រាយ​បញ្ហានេះឲ្យមានតម្លភាព អាចនិង​ធ្វើឲ្យប៉ះពាល់ដល់​បក្សកំពុងគ្រប់គ្រងអំណាច​ ខណៈការបោះឆ្នោតឃុំ សង្កាត់​​ខិតជិតមកដល់។

លោកយល់ថា «បើសិនជារឿង​ហ្នឹង វាអូសបន្លាយ​យូ ហើយបោះឆ្នោតឃុំ សង្កាត់ ជិតមក​ដល់​ដែរ ហើយបោះឆ្នោតជាតិក៏ជិតមក​ដល់​ដែរ បើសិនជាការយឺតយ៉ាវនេះ វានឹងអាច​ជះផលអវិជ្ជមាន​ផងដែរ ចំពោះគណបក្សកាន់អំណាច​ ពីព្រោះប្រជាពលរដ្ឋឥឡូវគាត់មានប្រព័ន្ធព័ត៌មាន បណ្តាញសង្គមច្រើន​ ធ្វើឲ្យព័ត៌មានហ្នឹងបង្ហាញពីភាពយឺតយ៉ាង ឬក៏កង្វះសមត្ថិភាព ឬក៏ការឆ្លើយតបរបស់អាជ្ញាធរដែនដី ទៅតាមការចង់បាន​របស់ប្រជាពលរដ្ឋ»

កន្លងទៅការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញមានការបណ្ដេញពលរដ្ឋចេញពីលំនៅស្ថានមានដូចជា បឹងកក់ បុរីកីឡា ដីក្រហម សំបុកចាប ដោយបើកផ្លូវឲ្យក្រុមហ៊ុនចូលអភិវឌ្ឍ ហើយមកដល់ពេលនេះ​អ្នកខ្លះមិន​ទាន់បានសំ​ណងនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ