លោក កឹម សុខា ឆ្លើយតបនឹងសម្តីលោក ទៀ បាញ់​ ដែល​ព្រមានវាយបាក់ធ្មេញ​

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 8:45 AM | នយោបាយ | 0 | 7463 ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម​ សុខា (ហ្វេសប៊ុកលោក កឹម សុខា)

មេដឹកនាំគណបក្សប្រឆំាងបានឆ្លើយតបទៅនឹងសម្តីរបស់មន្ត្រីជាន់ខ្ពស់​បក្សកាន់អំណាច​ ដែលបាន​ព្រ​មាន​​​វាយ​បង្រ្កាប​​​​​ឲ្យបាក់ធ្មេញ​ ប្រសិនបើមានការតវ៉ាមិនទទួលស្គាល់លទ្ធ​ផល​បោះ​ឆ្នោ​តដូចកាល​ពីអាណ​ត្តិ​​មុន ដោយ​​​​​​លោក កឹម សុខា បានបង្ហាញជម្រើសពីរទៅកាន់ពលរដ្ឋ។

កាលពីថ្ងៃទី១៤ខែឧសភា រដ្ឋមន្ដ្រីក្រសួងការពារជាតិបានព្រមានវាយបង្រ្កាប ប្រសិនបើមានការ​តវ៉ា​ដោយប្រើពាក្យថា «ដូរដូរ ឬ ហ៊ុន សែន​ អើយចុះចេញទៅ» ដោយ​លោក ទៀ បាញ់ ចាត់ទុកថាពាក្យនេះធ្វើឲ្យច​លាចលក្នុងសង្គម​​។

​នៅក្នុងពិធីជួបជុំ បេក្ខជនស្ដ្រី ឈរឈ្មោះបោះឆ្នោតលេខរៀងទី១ នៅថ្ងៃពុធនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម​ សុខា បានថ្លែង​ថា​ «បើគេចង់វាយយើងបំបាក់ធ្មេញ បើគេចង់ធ្វើអី ទុកឲ្យ​ប្រជា​ពលរដ្ឋជាអ្នកវិនិច្ឆ័យ សន្លឹកឆ្នោតយើងចង់បាន ប្រជាពលរដ្ឋ​សម្រេចចិត្តដោយឆន្ទៈ បើ​ប្រជា​ពលរដ្ឋ​ចូល​ចិត្ត ស្រលាញ់អ្នកដែលវៃបំបាក់ធ្មេញទេ បោះឆ្នោគេទៅ​ បើប្រជាពលរដ្ឋចូល​ចិត្តអ្នក​ស្លូត​ដូច​គណ​បក្ស​សង្គ្រោះជាតិ​ បោះឆ្នោតសង្គ្រោះជាតិទៅស្រេចតែប្រជាពលរដ្ឋទេ​ មែនទេបងប្អូន…មែន​​»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើងរបស់លោក ទៀ បាញ់ មិនមែនជាសារគំរាមកំហែងដល់ម្ចាស់ឆ្នោតទេ ដោយថា សារនេះគំាទ្រនិងការពារ​រដ្ឋាភិបាល​​ស្រ​ប​ច្បា​ប់​ និងរដ្ឋធម្មនុញ្ញ ។

លោក​និយាយថា «កន្លងទៅ ពីព្រោះគណបក្សប្រឆំាងអត់ស្លូតហ្នឹងហើយ បានគេថា [ទៀ បាញ់] គាត់ថាខ្លួនគាត់ថាស្លូត ក៏ប៉ុន្តែគាត់មិនមែនស្លូតណា គាត់សុទ្ធតែដាក់ទាញគេឲ្យចុះពីជណ្តើរ ដាក់ជណ្តើរឲ្យចុះ អត់ចុះទាញ​ទម្លាក់ សុទ្ធតែសម្តីអំពើហិង្សា​ ម៉េចក៏ថាគាត់ស្លូត គេមិនមែនបានសេចក្តីថា ឯកឧត្តម កឹម​ សុខា​ គាត់​និយាយថាអញ្ចឹង ថាគាត់ស្លូតទេ ប្អូនជឿថាគាត់ស្លូត មិនមែននោះទេ​ យើងមើលចរិត យើង​មើលខ្លឹមសារ យើង​មើលអត្ថន័យរបស់វា បានយើងដឹង»

សាស្ត្រាចារ្យនយោបាយលោក សូ ចន្ថា​ យល់ថា សាររបស់លោក ទៀ បាញ់ គឺជាការគំរាមកំហែងដល់​ម្ចាស់​ឆ្នោត ប៉ុន្តែលោក​ថា សារនេះ នាំឲ្យបក្សកាន់អំណាច​បាត់បង់ប្រជាប្រិយភាព និងធ្វើឲ្យបក្សប្រឆំាង​ចំណេញ​ទៅវិញ។

លោកយល់ថា «ការប្រើប្រាស់សារនយោបាយដែលគំរាម មិនមានឥទ្ធិពលទេ ផ្ទុយទៅវិញ នឹងនាំឲ្យ​ខាត​បង់នូវ​សំឡេងគំាទ្រទៅវិញផង​ ចំណែកសារដែលផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ​ ក្នុង​ការជ្រើស​រើស​ស្របតាមគោលការណ៍ ស្របតាមលទ្ធិប្រជាធិបតេយ្យ ខ្ញុំគិតថានោះជាជម្រើសដែល​ពលរដ្ឋចង់​បាន ហើយមានលក្ខណៈចំណេញជាងការគំរាមកំហែងផង»

សូមជម្រាបថា ការប្រើពាក្យដូរដូរ ឬហ៊ុនសែន អើយចុះចេញទៅ បានកើតឡើង បន្ទា​ប់​ពីបោះឆ្នោត ជាតិ​ឆ្នាំ២០១៣កន្លងមក ដោយពលរដ្ឋអ្នកគាំទ្របក្សប្រឆាំងចាត់ទុកថា ការ​បោះ​ឆ្នោតពេលនោះ គ្មាន​ភាព​យុត្ដិ​ធម៌សម្រាប់ពួកគាត់៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required