មន្រ្តីសិទ្ធិមនុស្សថាអាជ្ញាធរព្រមានចាត់វិធានការលើមន្ដ្រីអាដហុកនៅខេត្ដព្រះវិហារ

សកម្មភាពរបស់អង្គការសង្គមស៊ីវិលដែលបានធ្វើការដង្ហែក្បួនតស៊ូមតិ ដើម្បីកុំឲ្យរដ្ឋាភិបាលអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងទៅ (រូបថតឯកសារ)

មន្ដ្រីការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហារឲ្យដឹងថា អាជ្ញាធរខេត្ដនេះព្រមានចាត់វិធានការតាមផ្លូវច្បាប់លើស្ថាប័នសិទ្ធិមនុស្សករណីបើកវគ្គបណ្ដុះបណ្ដាលអប់រំច្បាប់ដល់សហគមន៍ ដោយអះអាងថាគ្មានច្បាប់អនុញ្ញាត។

សមាគមអាដហុកបានបើកវគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពីសិទ្ធិមនុស្សដល់សហគមន៍រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៦នេះ នៅភូមិម្លូរព្រៃ ឃុំប្រើសក្អក ស្រុកឆែប ខេត្ដព្រះវិហារ ដែលមានពលរដ្ឋចំនួនចូលរួម៤២នាក់។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហរលោក ឡោ ចាន់ ប្រាប់VODថានៅព្រឹកថ្ងៃសុក្រនេះ អភិបាលរងស្រុកឆែបលោក សុខ មុន្នីរិទ្ធ បានបញ្ជាឲ្យសមត្ថកិច្ចផ្អាកវគ្គបណ្ដុះបណ្ដាលនោះក្រោមហេតុផលថាគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរខេត្ដព្រះវិហារ ប៉ុន្ដែលោក ឡោ ចាន់ អះអាងថាលោកបានជូនដំណឹង៥ថ្ងៃមុនមកហើយ។ លោកបន្ដថា អភិបាលរងស្រុករូបនោះព្រមានប្រើកម្លាំងសមត្ថកិច្ចចាត់វិធានការលើរូបលោកបើសិននៅបន្ដបើកវគ្គអប់រំដល់ប្រជាសហគមន៍នៅតំបន់នោះ។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា លោកនៅតែបន្ដបើវគ្គនេះបើទោះបីមានការគំរាមកំហែងក្ដី។

លោក ឡោ ចាន់ បានចាត់ទុកការព្រមានរបស់អភិបាលរងស្រុករូបនោះថាជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពនិងបំបាក់ស្មារតី ដែលលោកថាការបណ្តុះបណ្តាលនោះមានច្បាប់អនុញ្ញាតរយៈពេល១ឆ្នាំម្ដងពីនាយករដ្ឋបាលសាលាខេត្ដព្រះវិហារ។

VOD មិនអាចទាក់ទងអភិបាលរងស្រុកឆែប លោក សុខ មុន្នីរិទ្ធ ដើម្បីឆ្លើយតបពីការចោទប្រកាន់នេះបានទេ ខណៈនាយករដ្ឋសាលាខេត្ដព្រះវិហារលោក អ៊ុង វុទ្ធី បិទទូរស័ព្ទបន្ទាប់ពីប្រាប់ស្ថាប័ន។

ទោះជាយ៉ាងណាមន្ដ្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខែ្មរខេត្ដព្រះវិហារលោក ប៉ឹក សោភណ្ឌ មានប្រសាសន៍ថា ការបើកវេទិកាសាធារណៈឬវគ្គបណ្ដុះបណ្ដាលអប់រំច្បាប់ លោកថាមិនចំាបាច់មានច្បាប់អនុញ្ញាតិនោះទេ ដោយគ្រាន់តែជូនដំណឹងដល់អាជ្ញាធរប៉ុណ្ណោះ។ លោកថាការគំរាមកំហែងលើមន្ដ្រីសិទ្ធិមនុស្សនេះផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញរបស់ជាតិ ដែលលោកថាធ្វើឲ្យពលរដ្ឋខ្វះការយល់ដឹង។

រដ្ឋធម្មនុញ្ញមាត្រា៤១ចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិសេរីភាពខាងបញ្ចេញមតិ ទទួលព័ត៌មាន និងផ្ដល់ព័ត៌មាន។ ប៉ុន្តែមាត្រាដដែលនេះចែងថា ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះរំលោភនាំឲ្យប៉ះពាល់ដល់កិតិ្ដយសដល់អ្នកដទៃ ទំនៀមទម្លាប់ល្អរបស់សង្គម សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខជាតិបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ