រដ្ឋាភិបាលការពារច្បាប់ដែលចម្រូងចម្រាស ពេលសហគមន៍អន្តរជាតិរំឭកឲ្យគោរពសិទ្ធិមនុស្ស

សកម្មភាពរបស់អង្គការសង្គមស៊ីវិលដែលបានធ្វើការដង្ហែក្បួនតស៊ូមតិ ដើម្បីកុំឲ្យរដ្ឋាភិបាលអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងទៅ (រូបថតឯកសារ)

រដ្ឋាភិបាលកម្ពុជាការពារជាថ្មីទៀតលើច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដោយអះអាងថា ច្បាប់នោះបានការពារសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយស្របតាមច្បាប់ជាតិនិងអន្តរជាតិ ខណៈសហគមន៍អន្តរជាតិជំរុញឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សនិងអ្នកនយោបាយដែលកំពុងជាប់ឃុំ។

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានសម្តែងការព្រួយបារម្ភពីរបាយការណ៍នៃការបំភិតបំភ័យ ការយាយី និងការចាប់ខ្លួនមន្រ្តីសង្គមស៊ីវិល សមាជិកស្ថាប័ន គ.ជ.ប ការចាប់ឃុំខ្លួនសមាជិកបក្សប្រឆាំង និងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយ។

លោក បាន គីមូន បង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងធានាការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញរួមមានសេរីភាពនៃការបញ្ចេញមតិ សមាគម និងការប្រមូលផ្តុំ។

ចំណែកសហភាពអឺរុបដែលមានសមាជិក២៨ប្រទេសនិងជាម្ចាស់ជំនួយដ៏ធំមួយដល់កម្ពុជានោះ ក៏បានចេញសេចក្តីថ្លែងការណ៍អំពាវនាវកាលពីថ្ងៃទី៨ខែមិថុនាឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់នានាប្រឆាំងមេបក្សប្រឆាំង សមាជិករដ្ឋសភានិងព្រឹទ្ធសភារបស់គណបក្សនេះ។

ជាងនេះទៅទៀតសភាសហភាពអឺរ៉ុបក៏អំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្សនៅសមាគមអាដហុកបួនរូប អគ្គលេខាធិការរង គ.ជ.ប មួយរូបផងដែរ។ មិនតែប៉ុណ្ណោះសហភាពអឺរុបបានគំរាមឲ្យពិនិត្យមើលការផ្តល់ជំនួយនេះឡើងវិញ អាស្រ័យលើការបើកទូលាយនៃលំហូរសេរីភាពនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៥ខែមិថុនា ក្រសួងមហាផ្ទៃបានលើកយកហេតុផលយ៉ាងតិច៤ចំណុចមកពន្យល់ បញ្ជាក់ពីសារៈសំខាន់និងគោលបំណងរបស់រដ្ឋាភិបាលដែលបានធ្វើច្បាប់នេះ។

ក្រសួងអះអាងតាមរយៈសេចក្តីប្រកាសនោះថារដ្ឋាភិបាលបានចាត់ទុកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនានាដែលកំពុងធ្វើសកម្មភាពលើដំណើរការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច លើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ។ ក្រសួងថាអ្នកទាំងនោះជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាល។

មួយវិញទៀតក្រសួងមហាផ្ទៃបញ្ជាក់ថាច្បាប់នោះបានតាក់តែងឡើងផ្អែកលើមូលដ្ឋានរដ្ឋធម្មនុញ្ញត្រង់មាត្រា៤២ដែលចែងថា «ពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណបក្សនយោបាយ និងមាត្រា២០, ២២ នៃកតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ព្រមទាំងមាត្រា១៥ស្តីពីសិទ្ធិកុមារ»។

បើតាមក្រសួងមហាផ្ទៃ ច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះបានតាក់តែងឡើងតាំងពីឆ្នាំ១៩៩៥និងបានបើកទូលាយឲ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ចូលរួមពិភាក្សាបានទូលំទូលាយផងដែរ។

ទោះជាយ៉ាងណាក្រសួងមហាផ្ទៃជំរុញឲ្យសមាគមនិងអង្គការដែលតែងតែរិះគន់រដ្ឋាភិបាលនោះត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ ដោយមិនរើសអើងមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬសាសនា ឈរលើជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយស្របតាមច្បាប់កម្ពុជាចូលរួមពង្រឹងនីតិរដ្ឋស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ ត្រូវបានព្រះមហាក្សត្របានលាយព្រះហស្តលេខាកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញប្រកាសបិទផ្លូវតវ៉ារបស់តំណាងរាស្ត្របក្សប្រឆាំងនិងក្រុមអង្គការសង្គមស៊ីវិលរាប់រយស្ថាប័ន។

អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ដែលធ្លាប់ចូលរួមដាក់ញត្តិតវ៉ាដែរនោះលើកឡើងថា រដ្ឋាភិបាលពិតជាមានសិទ្ធិការពារមូលហេតុនៃការធ្វើច្បាប់ដែលមានការតវ៉ាដ៏ចម្រូងចម្រាសនេះ។ ប៉ុន្តែលោកថា បើការការពារផ្ទុយពីការពិត លោកថារដ្ឋាភិបាលនឹងបន្តបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋនិងសហគមន៍អន្តរជាតិ។

លោកថា៖ “ថ្មីៗកន្លងមកលីកាដូដែលចេញ[របាយការណ៍]កន្លងមកស្តីពីអ្នកទោសនយោបាយ យើងឃើញមានប្រតិកម្មជាច្រើនរហូតដល់មានការគំរាមឲ្យពិនិត្យមើលច្បាប់NGOsមាត្រា២៤មាត្រា៣០ហ្នឹង និងពីអព្យាក្រឹតភាពនឹងការដែលរដ្ឋាភិបាលអាចធ្វើការផ្អាកឬបិទអង្គការ ហើយគេថានឹងពិនិត្យមើលផ្លូវច្បាប់អីផ្សេងៗទៀតហ្នឹង។ អាហ្នឹងវាឃើញថា[បញ្ជាក់ថា] វាជាការកម្រិតសិទ្ធិនៃការបញ្ចេញមតិនិងការរិះគន់អ្វីដែលយើងមើលឃើញ អាហ្នឹងហើយដែលវាធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាផងដែរបាទ”។

បើតាមលោក អំ សំអាត ច្បាប់នោះពិតជាបានរាំងស្ទះដល់ដំណើការប្រជាធិបតេយ្យនៅកម្ពុជា លោកថាពិសេសអ្នកដែលហ៊ានរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាល។

អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CHRAC លោក សួន ប៊ុនស័ក្តិ ឡើងឡើងប្រហាក់ប្រហែលគ្នាដែរថា ការបកស្រាយរបស់មន្ត្រីរដ្ឋាភិបាលនៅថ្នាក់ជាតិស្តាប់ទៅច្បាប់នោះ ហាក់មានរូបភាល្អ។ ប៉ុន្តែលោកថាដល់ពេលពួកគាត់ចុះធ្វើសកម្មភាពជាក់ស្តែង ត្រូវបានអាជ្ញាធរនៅថ្នាក់មូលដ្ឋានបង្កការលំបាកដល់សកម្មភាពលើកស្ទួយសិទ្ធិមនុស្ស។

លោក សួន ប៊ុនស័ក្តិ លើកឡើងទៀតថាលោកចង់ឃើញការធ្វើច្បាប់ស្របតាមស្មារតីរដ្ឋធម្មនុញ្ញជាជាងធ្វើច្បាប់សម្រាប់ជាឧបករណ៍ដាក់សម្ពាធលើអ្នកជួយជំរុញអភិបាលកិច្ច សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។

លោកថា៖ “ខ្ញុំចង់ឃើញអញ្ចេស រដ្ឋធម្មនុញ្ញខ្មែរយើងគឺបានល្អប្រពៃណាស់បាទ មានលក្ខណៈជាយុទ្ធសាស្ត្រ ហើយលើកកម្ពស់សិទ្ធិមនុស្សជាហូរហែ ដូច្នេះបើរដ្ឋធម្មនុញ្ញហ្នឹងគាត់ទទួលស្គាល់ គាត់លើកតម្កើងសិទ្ធិមនុស្សហើយ មិនអាចមានកូនច្បាប់ណាមួយដែលចែងមកទៅរាំងខ្ទប់រដ្ឋធម្មនុញ្ញបាន។ ដូច្នេះច្បាប់ហ្នឹងត្រូវតែធ្វើយ៉ាងម៉េចត្រូវតែសម្របសម្រួលបង្កលក្ខណៈឲ្យការអនុវត្តសិទ្ធិបានអនុវត្តជាក់ស្តែង។ ក៏ប៉ុន្តែស្រុកយើងសព្វថ្ងៃហ្នឹង រដ្ឋធម្មនុញ្ញបានធានាពីសិទ្ធិមនុស្សដល់ច្បាប់ដែលចែងមកវាទៅជារិតត្បិតសិទ្ធិមនុស្សទៅវិញ នេះបើតាមការសង្គេតរបស់ខ្ញុំក្នុងនាមជាពលរដ្ឋម្នាក់បាទ”។

ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីធ្លាប់អះអាងថាច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ លោកថាបានការពារសិទ្ធិស្របច្បាប់របស់អង្គការឬសមាគមដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនិងបានអះអាងថារដ្ឋាភិបាលនឹងពិចារណាធ្វើវិសោធនកម្មច្បាប់នេះ បើការអនុវត្តប៉ះពាល់ខ្លាំងដូចការព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិលមែននោះ។

ប៉ុន្តែសង្គមស៊ីវិលនិងអ្នកវិភាគនៅតែដាក់ការព្រួយបារម្ភថាច្បាប់នោះបានផ្តល់អំណាចខ្លាំងដល់អាជ្ញាធររបស់រដ្ឋាភិបាលអាចចាត់វិធានការទៅលើសេរីភាពបញ្ចេញមតិនិងបិទសកម្មភាពរបស់អង្គការបានគ្រប់ពេល បើរដ្ឋាភិបាលមិនពេលចិត្តដោយគ្រាន់តែសំអាងទៅលើមាត្រាដែលចែងថាប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងចោទថាអង្គការឬសមាគមនោះមិនឯករាជ្យជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ