ក្រសួង​ហាម​​កន្លែងផ្តល់​សេវាសុខភាពឯកជន​លក់​ថ្នាំឲ្យ​អ្នក​ជំងឺ​ បើ​កន្លែងនោះគ្មាន​ឱសថការី

ក្រសួងសុខាភិបាលហាមឃាត់មិនឲ្យអ្នកផ្តល់សេវាសុខភាពឯកជនលក់ឱសថដល់អ្នកជំងឺជា ”ដាច់ខាត” បើសិនជាកន្លែងផ្តល់សេវាសុខភាពនោះមិនមានឱសថការីសម្រាប់គ្រប់គ្រងឱសថ។

ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងសុខាភិបាលសរសេរថាបច្ចុប្បន្ននេះមានមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល គ្លីនិច និងបន្ទប់ពិគ្រោះជំងឺថែទាំជំងឺមួយចំនួនមានតាំងលក់ឱសថដូចឱសថស្ថានដែរ តែក្រសួងថាកន្លែងផ្តល់សេវាសុខភាពឯកជនទាំងនោះមិនមានឱសថការីគ្រប់គ្រងឱសថនោះទេ។ ក្រសួងសរសេរទៀតថា វេជ្ជបណ្ឌិតនៅកន្លែងទាំងនោះទៀតសោតក៏ចេញវេជ្ជបញ្ជាដោយសរសេរដៃដោយថាអ្នកផ្សេងពិបាកអានឬពិបាកយល់ថែមទៀតផង។ ចំណែកឱសថស្ថាននិងឱសថស្ថានរងមួយចំនួនវិញ ក្រសួងថាបានផ្សំថ្នាំលក់ដោយខ្លួនឯងដោយមិនមានវេជ្ជបញ្ជា។

បើតាមសេចក្តីជូនដំណឹងនេះក្រសួងហាមដាច់ខាតមិនឲ្យកន្លែងផ្តល់សេវាសុខាភិបាលទាំងនោះលក់ឱសថឲ្យអ្នកជំងឺនោះទេ ប្រសិនបើកន្លែងរបស់ខ្លួនគ្មានឱសថការីដែលមានបច្ចេកទេសគ្រប់គ្រងឱសថបានត្រឹមត្រូវ។ ជាមួយគ្នានេះដែរក្រសួងណែនាំឲ្យវេជ្ជបណ្ឌិតរបស់កន្លែងផ្តល់សេវាសុខភាពទាំងនោះចេញវេជ្ជបញ្ជាតាមប្រព័ន្ធកុំព្យូទ័រដល់អ្នកជំងឺដោយថា ដើម្បីឲ្យអ្នកជំងឺនិងអ្នកលក់ឱសថនៅកន្លែងឱសថស្ថានអាចអានបាននិងងាយយល់។

ក្រសួងក៏ហាមដែរចំពោះឱសថស្ថាននិងឱសថស្ថានរងមិនឲ្យលក់ឱសថដល់អ្នកជំងឺដោយគ្មានវេជ្ជបញ្ជាជាដាច់ខាតផងដែរ វៀរលែងតែឱសថមួយចំនួនដែលក្រសួងបានអនុញ្ញាតតែប៉ុណ្ណោះ។

គួររំឭកដែរថាកាលពីថ្ងៃទី៩ ខែមិថុនា ក្រសួងសុខាភិបាលបានណែនាំឲ្យអ្នកផ្តល់សេវាសុខភាពរដ្ឋនិងឯកជនរៀបចំប្រព័ន្ធកុំព្យូទ័រក្នុងការកត់ត្រាទិន្នន័យអ្នកជំងឺនិងការចេញវេជ្ជបញ្ជាឬលទ្ធផលពិសោធន៍របស់អ្នកជំងឺ ដោយទុករយៈពេល៣ខែសម្រាប់ធ្វើកិច្ចការនេះគិតចាប់ពីថ្ងៃជូនដំណឹងតទៅនិងព្រមានថាអ្នកផ្តល់សេវាសុខភាពណាដែលមិនធ្វើតាមការណែនាំនេះនឹងត្រូវប្រឈមការបិទអាជីវកម្មឬរងពិន័យរដ្ឋបាល។

ក្រសួងសុខាភិបាលអះអាងថាកំពុងតែពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាដោយបានចេញវិធានការត្រួតពិនិត្យអ្នកផ្តល់សេវាសុខភាពមួយចំនួនដែលមិនមានអាជ្ញាប័ណ្ណបើកត្រឹមត្រូវ។ គ្លីនិកឯកជនមួយចំនួនត្រូវក្រសួងបិទ ក្រោយពីមានករណីអ្នកជំងឺស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ