គ.ជ.ប ប្រគល់សិទ្ធិឲ្យអាជ្ញាធរមូលដ្ឋានជាអ្នកចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធទំនើប

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចប្រគល់សិទ្ធិដល់ក្រុមប្រឹក្សាឃុំសង្កាត់ជាអ្នកពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខ។

ក្នុងសេចក្ដីសម្រេចមួយចុះថ្ងៃទី៣១ ខែឧសភា គ.ជ.ប បានធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យដើរតួនាទីជាតំណាង គ.ជ.ប ក្នុងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតសម្រាប់ឃុំ សង្កាត់រៀងៗខ្លួន។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថាការប្រគល់សិទ្ធិឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ជាអ្នកធ្វើកិច្ចការនេះ ដោយថាពួកគេដឹងពីភូមិសាស្រ្តនិងស្គាល់ប្រជាពលរដ្ឋច្រើនជាងមន្រ្តី គ.ជ.ប ដែលអាចជួយសម្រួលដល់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត។ លោកបន្ថែមថាការពិនិត្យនិងចុះបោះឆ្នោតនេះធ្វើតាមប្រព័ន្ធកុំព្យូទ័រនេះ គ.ជ.ប ជាអ្នកជ្រើសតាំងប្រធានក្រុមការងារដែលមានសមត្ថភាពលើការងារនោះ។

លោកបន្ថែមថា៖ “បច្ចេកវិទ្យាថ្មីនេះមនុស្សជំនាញសំខាន់ៗ គ.ជ.ប ជាអ្នកជ្រើសរើស ជាអ្នកបណ្ដុះបណ្ដាល ផ្ទុយទៅវិញអាជ្ញាធរជាចាស់ទុំនៅទីនោះ ដើម្បីសម្រួលនិងរៀបរយដល់ការងារទាំងឡាយដែលទាក់ទងនឹងប្រជាពលរដ្ឋ អញ្ចឹងបញ្ហាប្រសិទ្ធិភាព គ.ជ.ប បានសិក្សារួចហើយ គ.ជ.ប បានធ្វើការចុះឈ្មោះសាកល្បងរួចហើយថាយើងពិតជាត្រូវការអាជ្ញាធរឃុំ-សង្កាត់ដើម្បីចូលរួមនិងសហការជាមួយយើង”។

សហភាពអឺរ៉ុបប្រកាសផ្តល់ថវិកាប្រមាណជា១០លានអឺរ៉ូ ដើម្បីជួយធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឈានទៅលុបបំបាត់ភាពមិនប្រក្រតីក្នុងការបោះឆ្នោតនៅកម្ពុជា ហើយអ្នកជំនាញជប៉ុន៣នាក់បានជួយ គ.ជ.ប តាំងពីឆ្នាំមុនមក។

នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថានិចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា បើទោះបីជា គ.ជ.ប ផ្តល់អំណាចទៅឲ្យអាជ្ញាធរឃុំ-សង្កាត់ធ្វើកិច្ចការនេះក៏ដោយ តែលោកយល់ថានឹងល្អប្រសើរជាងមុន ដោយសារមានការចូលរួមពីអ្នកជំនាញដែលជ្រើសតាំងដោយ គ.ជ.ប។ លោកបន្ថែមថាមូលហេតុដែលការចុះឈ្មោះបោះឆ្នោតកន្លងទៅមានភាពមិនប្រក្រតីច្រើន ព្រោះធ្វើឡើងដោយស្មៀនឃុំតែឯង ដោយមិនមានភាគីពាក់ព័ន្ធចូលរួម។

លោកបន្ថែមថា៖ “គ្រាន់តែចំណុចអវិជ្ជមានដូចលើកមុនឃុំសង្កាត់ជាអ្នកគ្រប់គ្រងផ្ទាល់ហ្មង គឺស្មៀនឃុំឯករាជ្យធ្វើតែម្នាក់ឯង ហើយឃុំសង្កាត់គ្រាន់តែមើលពីលើ។ តែអានេះមានក្រុមការងារចុះឈ្មោះបោះឆ្នោតមានការីកុំព្យូទ័រដែលជ្រើសរើសដោយ គ.ជ.ប ហើយឃុំសង្កាត់ហ្នឹងអាចជួយដោះស្រាយបណ្ដឹង បណ្ដឹងតវ៉ា បណ្ដឹងជំទាស់នៅពេលដែលអ្នកអត់មានសិទ្ធិចុះឈ្មោះបោះឆ្នោត តែត្រូវបានចុះ អញ្ចឹងក្រុមប្រឹក្សាឃុំមានតួនាទីហ្នឹង”។

កាលពីថ្ងៃទី២៧ ខែមេសា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែលលោក គល់ បញ្ញា បានដឹកនាំប្រតិភូនៃអង្គការធ្វើការលើការបោះឆ្នោតចំនួន១០ចូលជួបពិភាក្សាជាមួយនឹងប្រធាន គ.ជ.ប ដោយថានឹងដាក់អ្នកសង្កេតការណ៍ឲ្យបានគ្រប់ឃុំ-សង្កាត់ចំនួន១៦៣៣ ដើម្បីសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦។

គួរបញ្ជាក់ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ថ្ងៃចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយរដ្ឋាភិបាលក៏បានកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤គឺត្រូវធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ