វិភាគ៖ ហេតុអ្វីវៀតណាមស្នើឲ្យធានាសិទ្ធិស្របច្បាប់ដល់ជនជាតិគេរស់នៅកម្ពុជា?

ប្រ​ធានាធិបតីវៀតណាម លោក​ ត្រាន់ ដាយក្វាង និងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

បច្ចុប្បន្នមិនមានរបាយការណ៍ណាមួយបង្ហាញតួលេខជាផ្លូវការពីចំនួនជនជាតិវៀតណាមកំពុងរស់នៅកម្ពុជាទេ។

ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថាចំនួនជនជាតិវៀតណាមរស់នៅក្នុងប្រទេសកម្ពុជាមានតែប្រមាណ១០ម៉ឺននាក់ប៉ុណ្ណោះ។ សម្រាប់អង្គការសង្គមស៊ីវិលខ្លះអះអាងថាមានប្រមាណ១លាននាក់ ខណៈគណបក្សប្រឆាំងអះអាងថាវៀតណាមមានប្រមាណ២លាននាក់។

ក្នុងដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតីថ្មីនៃប្រទេសវៀតណាមមកកម្ពុជាក្នុងសប្តាហ៍នេះ លោក ត្រាន់ ដាយក្វាង បានស្នើឲ្យកម្ពុជា”បន្តចាត់វិធានការណ៍ធានាសិទ្ធិស្របច្បាប់របស់អនិកជនវៀតណាមរស់នៅកម្ពុជាដូចអនិកជនបរទេសដទៃទៀតដែលរស់នៅកម្ពុជាស្របតាមច្បាប់និងលិខិតបទដ្ឋានរបស់កម្ពុជា

នេះមិនមែនជារឿងថ្មីទេដែលជាញឹកញាប់វៀតណាមតែងតែស្នើឲ្យកម្ពុជាយកចិត្តទុកដាក់លើជនជាតិគេដែលរស់នៅកម្ពុជា។ កាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៤ ប្រមុខរដ្ឋវៀតណាមលោក ត្រឿង តាំងសាង (TRUONG TAN SANG) បានស្នើនៅចំពោះមុខលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាឲ្យធ្វើយ៉ាងណាជួយការពារប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅនិងប្រកបរបរនៅកម្ពុជាឲ្យស្របទៅតាមច្បាប់អន្តរជាតិ។

ការស្នើឡើងរបស់ប្រមុខរដ្ឋវៀតណាមកាលណោះស្របពេលដែលសមត្ថកិច្ចកម្ពុជាកំពុងតាមចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ មានដើមកំណើតវៀតណាមជាម្ចាស់បុរី៩៩៩នៅក្នុងរាជធានីភ្នំពេញដោយចោទថាជាប់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីខែវិច្ឆិកា។

ចំណែកការស្នើជាថ្មីទៀតរបស់មេដឹកនាំវៀតណាមនៅពេលនេះគឺស្របពេលដែលគណបក្សប្រជាជនកម្ពុជាប្រកាសពីកំណែទម្រង់ការដឹកនាំរបស់រដ្ឋាភិបាល ដោយគេឃើញមានចាប់ជនជាតិវៀតណាមរាប់រយនាក់ថាចូលមកកម្ពុជាខុសច្បាប់។

លោកបណ្ឌិត ចាន់ វិបុល អ្នកប្រឹក្សាយោបល់ឯករាជ្យពន្យល់ជាទូទៅថាពលរដ្ឋនៃប្រទេសមួយអាចទៅរស់នៅស្របច្បាប់ក្នុងប្រទេសមួយទៀតក្នុងលក្ខខណ្ឌប្រទេសកំណើតមានសង្រ្គាមឬការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយពីសំណាក់អាជ្ញាធរនោះ ទើបប្រទេសទី៣ទទួលស្គាល់ថាឲ្យរស់នៅស្របច្បាប់ តែមិនមែនបានទទួលសញ្ជាតិទេ។

ករណីជនជាតិវៀតណាមរស់នៅកម្ពុជាលោកបណ្ឌិត ចាន់ វិបុល មានការភ្ញាក់ផ្អើលនៅពេលមេដឹកនាំរបស់គេស្នើឲ្យកម្ពុជាធានាសិទ្ធិស្របច្បាប់។ លោកយល់ថា៖ “ខ្ញុំគិតថាទិដ្ឋភាពនេះគឺជារឿងនយោបាយរបស់វៀតណាមនិងកម្ពុជាសុទ្ធសាធតែម្ដង។ ខ្ញុំមើលទៅលើគោលការណ៍ច្បាប់នេះឃើញថាទិដ្ឋភាពនេះមិនមែនជារឿងល្អទេ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនបានសិក្សាឲ្យបានច្បាស់អំពីសំណើសុំរបស់មេដឹកនាំវៀតណាម”។

លោកបន្តថា៖ “ខ្ញុំមានការព្រួយបារម្ភដោយសារនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាពីដើមឡើយវៀតណាមលោកតែងតែមានឆន្ទៈមួយក្នុងការដាក់សម្ពាធផ្នែកនយោបាយ ហើយលោកតែងតែសម្លឹងឃើញដីកម្ពុជាសម្រាប់អនាគត។ ខ្ញុំមិនចោទប្រកាន់ថាការលើកឡើងនេះក្នុងគោលបំណងបែបនេះទេ ខ្ញុំគ្រាន់តែបញ្ជាក់ពីប្រវត្តិសាស្ត្រនយោបាយ។ អ្វីដែលខ្ញុំព្រួយបារម្ភមួយទៀតថាប្រសិនបើរដ្ឋាភិបាលកម្ពុជាលោកផ្ដល់សិទ្ធិរស់នៅស្របច្បាប់មែន ខ្ញុំគិតថានឹងមានពលរដ្ឋវៀតណាមជាច្រើននឹងហូរចូលមកកម្ពុជាបន្តទៀត។ ខ្ញុំយល់ថាមេដឹកនាំវៀតណាមនឹងស្នើសុំជាថ្មីទៀតម្ដងជាពីរដងទៀត”។

មកដល់ពេលនេះនៅមិនទាន់ឃើញថាមេដឹកនាំកម្ពុជាបានឆ្លើយតបយ៉ាងណាចំពោះសំណើរបស់មេដឹកនាំវៀតណាមម្តងជាពីរដងនេះនៅឡើយទេ។

សម្រាប់លោកបណ្ឌិត ចាន់ វិបុល សង្ឃឹមថារដ្ឋាភិបាលកម្ពុជាទំនងមិនទទួលយកសំណើរបស់វៀតណាមនោះទេ។

លោកសម្អាងថា៖ ហេតុផលដែលខ្ញុំអះអាងដូចនេះដោយសារយើងមើលភាពខ្លាំងរបស់មេដឹកនាំកម្ពុជានៅពេលបដិសេធសំណូមពររបស់មេដឹកនាំវៀតណាម ពេលស្នើឲ្យចាត់វិធានការណ៍លើបាតុករដែលដុតបំផ្លាញទង់ជាតិវៀតណាមឬធ្វើបុកម្នេញលើស្ថានទូតវៀតណាមនៅកម្ពុជា។ ជំហរមួយទៀតនៅពេលមិនដាក់សេចក្តីថ្លែងការណ៍រួមជាមួយវៀតណាមទាក់ទងជម្លោះសមុទ្រចិន

ក្នុងពេលបោះឆ្នោតកាលពីឆ្នាំ២០១៣ប្រជាពលរដ្ឋខ្មែរនៅតាមមណ្ឌលមួយចំនួនបានចេញមុខរារាំងអ្នកផ្សេងមិនឲ្យបោះឆ្នោតដោយចោទថាជាជនជាតិវៀតណាមដែលនិយាយភាសាខ្មែរមិនច្បាស់។

មន្ត្រីគម្រោងការពារសិទ្ធិមនុស្សនៃអង្គការការពារជនជាតិភាគតិចលោក នួន សុវណ្ណរិទ្ធិ ធ្លាប់លើកឡើងថាបើប្រៀបធៀបជនជាតិវៀតណាមនិងប្រជាពលរដ្ឋខ្មែរមកពីដែនដីកម្ពុជាក្រោមកំពុងរស់នៅកម្ពុជាបច្ចុប្បន្នគឺ លោកថាសិទ្ធិរបស់ជនជាតិវៀតណាមហាក់មានភាពប្រសើរជាង។ លោកមានប្រសាសន៍ថា៖ «ទាក់ទងនឹងខ្មែរកម្ពុជាក្រោមគឹគាត់មករស់នៅស្រុកខ្មែរទាក់ទងលិខិតផ្សេងៗតាំងពីឆ្នាំ១៩៨០ដែលខ្ញុំចុះទៅធ្វើការស្រាវជ្រាវហ្នឹងគឺអត់មានអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារអីទេ ១០គ្រួសារគឺមានតែ២គ្រួសារជាដើម ប៉ុន្តែបើប្រទេសវៀតណាមគាត់មានសៀវភៅគ្រួសារមានអត្តសញ្ញាណប័ណ្ណអាចមានច្រើនប្រហែលតាមផ្លូវច្បាប់អាចមានច្រើន»

សហគមន៍ខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់អំពាវនាវឲ្យរដ្ឋអំណាចវៀតណាមគោរពសិទ្ធិជនជាតិខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោមស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម។ បញ្ហាដែលសហគមន៍ខ្មែរកម្ពុជាក្រោមលើកឡើងមានដូចជា ការរំខានពីរដ្ឋអំណាចវៀតណាមលើការគោរពប្រតិបត្តិសាសនា ការរៀនសូត្រអក្សរសាស្ត្រជាតិ ការប្រតិបត្តិតាមប្រពៃណីខ្មែរ និងការរំលោភលើកម្មសិទ្ធិទ្រព្យសម្បត្តិដីធ្លីជាដើម។
បើទោះជាសមាគមខ្មែរកម្ពុជាក្រោមចេញសេចក្តីថ្លែងបន្តបន្ទាប់ក៏ដោយ ក៏មិនមានការឆ្លើយតបជាផ្លូវការណាមួយពីរដ្ឋអំណាចវៀតណាមនិងកម្ពុជាទេ។
បើមើលនយោបាយការបរទេសវៀតណាមមកលើកម្ពុជាវិញហាក់លើកឡើងចំៗតែម្តង។ កាលពីឆ្នាំចុងឆ្នាំ២០០៩ពេលលោក សម រង្ស៊ី បានដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមនៅក្នុងខេត្តស្វាយរៀងពេលនោះមានប្រតិកម្មថ្កោលទោសភ្លាមៗពីរដ្ឋអំណាចទីក្រុងហាណូយ។

រីឯការធ្វើទស្សនៈកិច្ចរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានៅក្រុងហាណូយកាលពីអំឡុងខែសីហាឆ្នាំ២០១៤ នាយករដ្ឋមន្ត្រីវៀតណាមគឺលោក ង្វៀន តានយុង បានស្នើឲ្យកម្ពុជាចាត់វិធានការបង្ក្រាបទៅលើពួកតវ៉ានៅកម្ពុជាដែល ប្រឆាំងវៀតណាមករណីប្រវត្តិសាស្ដ្រទឹកដីខ្មែរកម្ពុជាក្រោម។
ទីក្រុងហាណូយបានសម្តែងកំហឹងចំពោះបាតុករខែ្មរដែលដុតទង់ជាតិវៀតណាមដោយទាមទារឲ្យកម្ពុជាចាត់វិធានការលើជនដែលបានប្រព្រឹត្ត។ ក្រោយការស្នើឡើងនោះគេមិនដឹងថារដ្ឋាភិបាលកម្ពុជាបានឆ្លើយតបយ៉ាងណាទេ តែកាលពីខែវិច្ឆិកាឆ្នាំ២០១៤ ព្រះសង្ឃកម្ពុជាក្រោមមួយចំនួនដែលចេញព្រះភ័ក្ត្រប្រឆាំងវៀតណាមត្រូវបានចាប់យកទៅឃុំខ្លួននៅពន្ធនាគារព្រៃស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ