លោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថាចង់បង្កសង្គ្រាម

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 4:24 PM | នយោបាយ | 0 | 22522 លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​ ហ៊ុន សែន ចង់​បង្ក​សង្គ្រាម ដែល​នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពីលោក​នាយករដ្ឋ​មន្ត្រី បាន​សម្រេច​បញ្ឈប់​ការ​រាំង​ខ្ទប់​ដំណើរ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក លោក សម រង្ស៊ី អះអាង​ងថា លោក​បាន​ទទួល​សារ​សម្ងាត់ ដែលសារ​សម្ងាត់​នោះ​រៀបរាប់ថា លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ឲ្យ​ត្រៀម​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រសិន​បើ​លោក​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។

នៅ​ក្នុង​សារ​ដែល​លោក សម រង្ស៊ី អះ​អាង​ថា ជា​សារ​លោក ហ៊ុន សែន ផ្ញើ​ទៅ​​មេ​បញ្ជា​ការ​កម្លាំង​ប្រដាប់​អាវុធ​នោះ បាន​រៀប​រាប់​ថា លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ហាម​ឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​វិល​ចូល​ស្រុក ក្នុង​បំណង​បញ្ចៀស​ការ​បង្ហូរ​ឈាម និង​ការ​ស្លាប់​របស់​លោក សម រង្ស៊ី។

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ លោក ហ៊ុន សែន ក៏​បាន​អះ​អាង​ផង​ដែរ​ថា លោក​បាន​បញ្ជា​ឲ្យ​មាន​វិធានការ​រាំង​ខ្ទប់​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​ថា ដើម្បី​សុវត្ថិភាព​របស់​លោក សម រង្ស៊ី ផ្ទាល់​តែ​ម្ដង។

សារ​នេះ ត្រូវ​បាន​អតីត​មេ​បក្ស​ប្រឆាំង​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក មួយ​ថ្ងៃ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​អំពី​ហេតុ​ផល​ដែល​លោក​សម្រេច​ឲ្យ​រាំង​ខ្ទប់​ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី និង​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លុប​ចោល​វិធានការ​ហាម​ឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​វិល​ចូល​ស្រុក​វិញ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required