អាគារសឬប៊ូឌីញត្រូវបានអាជ្ញាធរសម្រេចរៀបចំពិធីរុះរើនៅថ្ងៃនេះ ដោយទុកពេលឲ្យក្រុមហ៊ុនវាយកម្ទេចនាពេលខាងមុខ ខណៈដែលពលរដ្ឋដែលសល់៧គ្រួសារចុងក្រោយយល់ព្រមទទួលសំណងរបស់រដ្ឋាភិបាល។
រដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា និយាយកាលពីថ្ងៃម្សិលមិញនៅលើទំព័រហ្វេសប៊ុករបស់លោកថា ប្រជាពលរដ្ឋរស់នៅអគារប៊ុលឌីញទាំងអស់ បានសម្រេចលក់ផ្ទះសម្បែងរបស់ពួកគេនៅទីនោះហើយ ដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍអគារដ៏ចំណាស់មួយនេះ។
លោក ជា សុផារ៉ា បានរៀបរាប់ថា ប្រជាពលរដ្ឋរស់នៅអគារប៊ុលឌីញ ដែលបានកាន់កាប់អគារនេះ ៤៩២ចំណែកនោះ ឬស្មើនឹង ១០០ភាគរយ បានចុះកិច្ចសន្យាលក់ចំណែកឯកជននៃអគារសហកម្មសិទ្ធិនេះហើយ។
តំណាងក្រុមហ៊ុនពិស្នុការដែលទទួលភារៈកិច្ចវាយកម្ទេចអាគារនេះលោក ហេង ប៊ុនី ថារដ្ឋាភិបាលបានឲ្យសិទ្ធក្រុមហ៊ុនក្នុងការវាយកម្ទេចអាគារនេះហើយតែលោកថាក្រុមហ៊ុនត្រូវការពេលរៀបចំ សំភារៈ ឧបករណ៍បច្ចេកទេស និងសុវត្ថិភាពជាមុនសិន តែថាពេលវេលាដែលនឹងកម្ទេចគឺខ្លួនមិនទាន់ព្រៀងទុកនៅឡើយ ហើយការវាយកម្ទេចនោះគឺប្រើគ្រឿងចក្រ ជាមួយកម្លាំងកម្មករដើម្បីវាយកម្ទេច។
អាគារប៊ូឌីញ(ស) ត្រូវបានរដ្ឋាភិបាលប្រគល់សិទ្ធិឲ្យក្រុមហ៊ុនជប៉ុនឈ្មោះ Arakawa អភិវឌ្ឍក្នុងទឹកប្រាក់៨០លានដុល្លារ ។
គម្រោងនេះ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីកម្ពស់២១ជាន់ ដែលក្នុងនោះទុកធ្វើទីតាំងចំណតរថយន្ដ៣ជាន់ កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់៕