ចាប់​ខ្លួន​ជន​ជាតិ​ចិន​៣១​នាក់​ សង្ស័យ​​​ជំរិត​ប្រាក់​តាម​អ៊ឹនថឹណែត

ជនជាតិចិនប្រុសស្រីជាង៣០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួននៅព្រឹកថ្ងៃនេះ ដោយត្រូវបានសង្ស័យថា មានជាប់ព័ន្ធនឹងឧក្រិដ្ឋកម្មជំរិតប្រាក់តាមប្រព័ន្ធអ៊ីនថឹណែត។ នេះដោយយោងតាមសេចក្ដីរាយការណ៍នៅលើវេបសាយនគរបាលជាតិ។

វេបសាយរបស់អគ្គស្នងការនគរបាលជាតិនៅព្រឹកនេះ បានឲ្យដឹងថា ជនជាតិចិន៣១នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ចាប់ខ្លួន នៅក្នុងខណ្ឌជ្រោយចង្វា ខណ្ឌចំការមន និងខណ្ឌ ៧មករា នៅម៉ោង ៦កន្លះព្រឹកថ្ងៃនេះ។ សេចក្ដីរាយការណ៍នោះ បញ្ជាក់ថា ជនជាតិចិនទាំងនោះ ត្រូវបានចាប់ខ្លួន ដោយសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជំរិតប្រាក់តាមប្រព័ន្ធអ៊ីនថឹណែត។​

ពាក់ព័ន្ធនឹង​ករណីនេះ អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោរប្រវេសន៍ លោក សុខ ផល បាន​ប្រាប់​ថា ខាង​ស្នង​ការ​​នឹង​បញ្ជូន​ទណ្ឌិត​ទាំង​​ ៣១​ នាក់​នេះ ​ទៅ​ប្រទេស​ចិន​វិញ ដើម្បីឲ្យ​ចិន​កាត់​ទោស​ទៅ​តាម​ច្បាប់។

លោក​ថា៖ “យើង​នឹង​បញ្ជូន​ពួក​គេ​ទៅ​ស្រុក​ចិន​វិញ​ ទៅតាម​ច្បាប់​អន្តោរប្រវេសន៍ ដើម្បីធ្វើ​ការ​កាត់​ទោស​នៅ​ទីនោះ ទុក​ឲ្យ​ចិនធ្វើ​អី​ធ្វើ​ទៅ”។

តាម​របាយការណ៍​បាន​បញ្ជាក់​ថា​ ពួកគេ​បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា ប្រើ​ប្រាស់​បណ្តាញ​អ៊ីនថឹណិត​ចេញ​ពី​កម្ពុជា ដើម្បី​​ជំរិត​ទារ​បា្រក់​ពី​ប្រជាជនចិន នៅឯ​​ប្រទេស​ចិន​។

ជន​ជាតិ​ចិន ៦៣​នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ចិន​ដី​គោក​វិញ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦​កន្លង​មក ក្នុង​នោះ​មាន​ទាំង​ពលរដ្ឋ​កោះ​តៃវ៉ាន់ ១៣​នាក់​ផង​ដែរ ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​សំណាក់​រដ្ឋាភិបាល​កោះ​តៃវ៉ាន់។

ទោះជាយ៉ាងណា លោក សុខ ផល មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ​ថា​ ​ក្នុង​ចំណោម​ជនជាតិ​ចិន​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​មិញ មាន​ប៉ុន្មាន​នាក់ជាជាតិ​ចិន​ដីគោក ហើយ​ប៉ុន្មាន​​នាក់​ជាពលរដ្ឋ​​តៃ​វ៉ាន់​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ