សង្គ្រោះជាតិថា ៥ឆ្នាំមកនេះ ខ្លួនធ្វើតាមឆន្ទៈពលរដ្ឋនិងប្រកាន់គោលការណ៍អហិង្សា

លោក​ កឹម សុខា​ និង​លោក ​សម រង្សុី ​កាន់​ដៃគ្នា​ កាលពីពេល​កន្លង​មក

គណបក្សសង្គ្រោះជាតិលើកឡើងថា ចាប់តាំងពីបង្កើតគណបក្សឡើង ខ្លួនបានគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ និងតែងតែប្រកាន់យកគោលការណ៍បង្រួមបង្រួមនិងផ្សះផ្សាជាតិខ្មែរតែមួយ។

ក្នុងសេចក្ដីថ្លែងការណ៍សម្រាប់ខួប៥ឆ្នាំ ចេញផ្សាយនៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិអះអាងថា ចាប់ពីថ្ងៃបង្កើតឡើងដំបូង រហូតដល់ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៧នេះ ខ្លួន«បានធ្វើដំណើរតាមផ្លូវត្រូវ ធ្វើតាមឆន្ទៈប្រជាពលរដ្ឋខ្មែរ និងធ្វើសកម្មភាពនយោបាយ ដោយប្រកាន់ខ្ជាប់គោលការណ៍អហិង្សាខ្មែរតែមួយ ផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ មិនយកខ្មែរណាជាសត្រូវ ហើយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នីតីរដ្ឋ និងគោលនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស»

បើតាមសេចក្ដីថ្លែងការណ៍ គណបក្សប្រឆាំងដ៏ធំមួយនេះអះអាងថា ខ្លួនកើតចេញពីក្រុមអ្នកស្នេហាជាតិ អ្នកស្រឡាញ់សិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ និងថាមានគោលដៅស្រោចស្រង់ សង្គ្រោះជាតិខ្មែរ ឲ្យរួចផុតពីអយុត្តិធម៌សង្គម ការគាបសង្កត់និងការបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងសង្គមកម្ពុជា។

គណបក្សសង្គ្រោះជាតិក៏រំពឹងថា ខ្លួនអាចយកឈ្នះការបោះឆ្នោត​ឆ្នាំ២០១៨ខាងមុខ ដោយថាដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានដល់ជាតិកម្ពុជាទាំងមូល។

សូមរំឮកថា គណបក្សសង្គ្រោះជាតិ គឺជាការច្របាច់បញ្ចូលរវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា កាលពីថ្ងៃទី១៧កក្កដាឆ្នាំ២០១២ នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ដំបូងឡើយ គណបក្សសង្គ្រោះជាតិបានជ្រើសយក លោក សម រង្ស៊ី ជាប្រធានគណបក្ស និងលោក កឹម សុខា ជាអនុប្រធាន។ ប៉ុន្ដែមានការផ្លាស់ប្ដូរសមាសភាពក្បាលម៉ាស៊ីនដឹកនាំជាបន្ដបន្ទាប់ ដោយពេលនេះ លោក កឹម សុខា ក្លាយជាប្រធានគណបក្ស និងមានអនុប្រធាន៣រូបទៀត ជាជំនួយការ។​

ចំណែកលោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស ខណៈលោកហ៊ុមព័ទ្ធដោយបណ្ដឹងជាច្រើន របស់មន្ដ្រីរដ្ឋាភិបាល និងការប្រកាសកែប្រែច្បាប់គណបក្សនយោបាយជាលើកទី២ ដោយហាមមិនឲ្យរូបលោក អាចវិលចូលប្រទេសកម្ពុជាវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ